ស្ថានទូតចិនប្រចាំនៅទីក្រុងបាងកក បានបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេត និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ករណីនារីជនជាតិចិនមួយរូប ត្រូវបានបុរសថៃមួយក្រុម ចាប់ជំរិត ប៉ុន្តែនាងអាចគេចខ្លួនបាន ទាំងប្រថុយជីវិត។

ទូតចិន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ និងផ្សាយដោយសារព័ត៌មាន China Daily ថា ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយខ្លួនបានសហការជាមួយប៉ូលិសថៃ ដើម្បីតាមករណីនេះឲ្យជាប់ និងរៀបចំធ្វើការតាមនីតិវិធីច្បាប់។
ទន្ទឹមនោះ ស្ថានទូតបញ្ជាក់ថា នារីរងគ្រោះ ត្រូវបានផ្តល់កន្លែងស្នាក់នៅយ៉ាងសមរម្យ រួចទៅហើយ។

សូមជម្រាបជាថ្មី នារីជនជាតិចិន ត្រូវបានបុរសជនជាតិថៃ ៤នាក់ ចាប់ជំរិតចេញពីសណ្ឋាគារមួយ ក្នុងទីក្រុងបាងកក ដើម្បីនាំដៅទៅកាន់ស្រុក Mae Sot នៃខេត្ត Tak ជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា។
តាមសេចក្តីរាយការណ៍ នារីរូបនោះ ត្រូវបានក្រុមជនល្មើស ចាប់បង្ខំឲ្យឡើងរថយន្តម៉ាក Nissan Teana ពណ៌ខ្មៅ ដោយមានចងដៃ និងវាយធ្វើបាប រហូតដល់ជាំពេញរាងកាយ និងហើមបបូរមាត់ទៀតផង។

ពេលរថយន្តជនល្មើស កំពុងបើកបរឆ្លងកាត់ខេត្ត Kamphaeng Phet បម្រុងឆ្ពោះទៅកាន់ខេត្ត Tak ស្ត្រីរងគ្រោះក៏ស្រែកសុំជំនួយ និងសម្រេចចិត្តប្រថុយគ្រោះថ្នាក់ ដោយលោតចេញពីរថយន្តដែលកំពុងបើកបរ នៅក្នុងឃុំ Nai Muang រួចរត់ទៅរកអ្នកស្រុកជិតខាងឲ្យជួយសង្គ្រោះ ទាំងដៃជាប់ចំណង។
បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានបើកដេញតាមរថយន្តសង្ស័យ យ៉ាងប្រញាប់ប្រញាល់ រហូតដល់រថយន្តនោះបែកកង់ និងឈប់នៅក្នុងឃុំ Lan Dokmai។

ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ២នាក់ដំបូងឈ្មោះ Somkiat អាយុ ៤១ឆ្នាំ និង Kittiporn អាយុ ២៤ឆ្នាំ នៅជិតកន្លែងកើតហេតុ។ ចំណែកឯជនសង្ស័យ ២នាក់ទៀតដែលបានរត់គេចខ្លួន គឺឈ្មោះ Suchart អាយុ ៤១ឆ្នាំ និង Kittisak អាយុ ២២ឆ្នាំ ក៏ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួន បានជាបន្តបន្ទាប់នៅវត្តអារាមមួយកន្លែង នាល្ងាចថ្ងៃចន្ទដដែល៕


