Detail Top Banner – Conway

អាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេស ៣៥នាក់

កម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះប្រតិបត្តិការឆែកឆេរទីតាំងសណ្ឋាគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសចំនួន ៣៥នាក់ ពាក់ព័ន្ធនឹងការសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ២៣:៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ ឈុនអីុ(កម្ពស់២២ជាន់) ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង និងខេត្តព្រះសីហនុ។

ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

ក្នុងនោះកម្លាំងជំនាញបានរកឃើញជនបរទេស ចំនួន៣៥នាក់ (ស្រី ០៤នាក់) មាន៤សញ្ជាតិ សង្ស័យពាក់ព័ន្ធករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងនោះ៖ ជនជាតិឥណ្ឌា ចំនួន ០១នាក់ (ប្រុស) , ជនជាតិប៉ាគីស្ថាន ចំនួន ០២នាក់ (ស្រី) , ជនជាតិចិនតៃវ៉ាន់ ចំនួន ០១នាក់ (ប្រុស), ជនជាតិចិន ចំនួន ៣១នាក់ (ស្រី ០២នាក់) និង ដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ កំព្យូទ័រយួរដៃ (laptop) ចំនួន ១៣គ្រឿង  ,កំព្យូទ័រលើតុ All in one ចំនួន ២៨គ្រឿង, ទូរសព្ទដៃផ្ទាល់ខ្លួន ចំនួន ៤០គ្រឿង , ទូរសព្ទ ពាក់ព័ន្ធ Scams ចំនួន ៥៥គ្រឿ, លិខិតឆ្លងដែន ចំនួន ១០ក្បាល ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់៕

ព័ត៌មានទាក់ទង
×
Popup Banner