ការវាយប្រហារដោយមីស៊ីល និងដ្រូន របស់អ៊ីរ៉ង់ជាបន្តបន្ទាប់ អំឡុងពេលនៃការប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃទី២៨ខែកុម្ភៈ កន្លងមក បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ មិនធ្លាប់មានពីមុនមកដល់កន្លែងស៊ើបការណ៍សម្ងាត់ និងឧបករណ៍ឃ្លាំមើលរបស់សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC News នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ។

ដោយដកស្រង់សម្តីមនុស្ស៤នាក់ ដែលដឹងរឿងនេះ ការវាយប្រហាររបស់អ៊ីរ៉ង់ បានបំផ្លាញអគារ និងឧបករណ៍ប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ដែលប្រើប្រាស់ដោយភ្នាក់ងារ CIA និងភ្នាក់ងារចារកម្មអាមេរិកផ្សេងទៀត។
ការខូចខាតនេះត្រូវបានគេរំពឹងថា នឹងត្រូវការប្រាក់រាប់ពាន់លានដុល្លារ ដើម្បីជួសជុល ឬជំនួសវិញ។
ប្រភពទាំងនោះនិយាយថា ទំហំនៃការបំផ្លិចបំផ្លាញត្រូវបានពិពណ៌នាថា ធំជាងការខូចខាតណាទាំងអស់ដែលធ្លាប់ទទួលរង ដោយភ្នាក់ងារចារកម្មអាមេរិកពីមុន។
គួរបញ្ជាក់ថា ភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ កាលពីខែកុម្ភៈ។ ជាការឆ្លើយតប ទីក្រុងតេហេរ៉ង់បានសងសឹកដោយការវាយប្រហារ ប្រទេសក្នុងតំបន់ដែលមានទ្រព្យសម្បត្តិយោធារបស់សហរដ្ឋអាមេរិក។
យ៉ាងណា ភាគីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ កាលពីពាក់កណ្តាលខែមិថុនា ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន ក្នុងគោលបំណងបញ្ចប់សង្គ្រាម និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។
ការចរចាបានបរាជ័យចាប់តាំងពីពេលនោះមក ដោយសារតែជម្លោះ កំពុងបន្តកើតមានលើលក្ខខណ្ឌនៃអនុស្សរណៈ និងការធ្វើនាវាចរណ៍តាមច្រកសមុទ្រហ័រមូស៕


