Detail Top Banner – Conway

កំពង់ផែស្វយ័តភ្នំពេញ ពង្រីកចំណតផែ ៧បន្ថែមទៀតក្នុងឆ្នាំ២០២៦ ជំរុញការដឹកជញ្ជូនតាម​ផ្លូវទឹក ដែលជួយកាត់បន្ថយថ្លៃដើមពី ៣០% ទៅ ៤០%

(ភ្នំពេញ)៖ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បាននិងកំពុងបន្តពង្រីកសមត្ថភាពរបស់ខ្លួនយ៉ាងសកម្ម ដោយ​ក្នុងឆ្នាំ២០២៦នេះ ក.ស.ភ. បាន​ពង្រីកចំណតផែចំនួន ៧ ចំណតនៅតាមដងទន្លេ​ ​ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការដឹកជញ្ជូនតាមផ្លូវទឹក ​និងជំរុញការបង្វែរពីការដឹកជញ្ជូនតាមផ្លូវគោកមកផ្លូវទឹក ដែលអាចកាត់បន្ថយថ្លៃដឹកជញ្ជូនបានប្រមាណ ៣០% ទៅ ៤០%។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ​ក្នុង «វេទិកាធុរកិច្ច និងនវានុវត្តន៍២០២៦» កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត OCIC​ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបា​លទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានបានប​ង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កំ​ពង់ផែស្វយ័តភ្នំពេញ ដោយបានពង្រីកសមត្ថភាពរបស់ខ្លួនរហូតដល់ ១០ ដង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក ហ៊ឺ បាវី បានបញ្ជាក់ថា ពីមុននៅឆ្នាំ ២០១២ កំពង់ផែភ្នំពេញមានសមត្ថភាពត្រឹមតែ ៦ ម៉ឺនTEUsប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ ២០២៥ កន្លងទៅនេះ កំពង់ផែបានផ្ដល់សេវាជូនអ្នកប្រើប្រាស់ប្រមាណ ៦០ ម៉ឺនTEUs។ ​

ជាមួយគ្នានេះ ​ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកើនឡើង កំពង់ផែស្វយ័តភ្នំពេញបាននិងកំពុងពង្រីកសាខា និងបានដំណើរការផែស្ងួតចំនួនពីរ ដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូនរួមបញ្ចូលគ្នា។ លើសពីនេះ លោកបានប្រាប់ផងដែរពីគម្រោង​បង្កើតផែចម្បងថ្មីចំនួនពីរទៀត នៅខេត្តក្រចេះ និងកំពង់ឆ្នាំង។ ផែចម្បងទី១នៅខេត្តក្រចេះ នឹងជួយគាំទ្រដល់ការដឹកជញ្ជូនសម្រាប់ភូមិភាគឦសាន រួមមានក្រចេះ ស្ទឹងត្រែង និងរតនគិរី។ លោករំពឹងថា ផែនៅក្រចេះនឹងអាចគ្រប់គ្រងទំនិញប្រមាណ ៣០ ទៅ ៤០ ម៉ឺនTEU បន្ទាប់ពីដំណើរការបានពីរទៅបីឆ្នាំ ដែលស្មើនឹងមួយភាគប្រាំនៃសមត្ថភាពកំពង់ផែភ្នំពេញបច្ចុប្បន្ន។

ផែចម្បងទីពីរគឺនៅកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់កសិកម្មដ៏សំខាន់។ ផែនេះនឹងដើរតួនាទីប្រមូលផលកសិកម្មជុំវិញបឹងទន្លេសាប និងសម្របសម្រួលការដឹកជញ្ជូនផលិតផលទាំងនោះ។ ​

លោកលើកទឹកចិត្តឱ្យបង្វែរពីការដឹកជញ្ជូនតាមផ្លូវគោកមកផ្លូវទឹក ព្រោះការដឹកជញ្ជូនទំនិញតាមផ្លូវទឹកមានតម្លៃទាបជាងផ្លូវគោកយ៉ាងច្រើន ដោយកប៉ាល់មួយអាចដឹកកុងតឺន័របានចន្លោះពី ២០០ ទៅ ៣៦០ កុងតឺន័រក្នុងពេលតែមួយ ខណៈរថយន្តដឹកជញ្ជូនភាគច្រើនអាចដឹកបានតែមួយកុងតឺន័រក្នុងមួយជើងប៉ុណ្ណោះ​ ពោលគឺអាច​ជួយកាត់បន្ថយថ្លៃដើមពី ៣០% ទៅ ៤០%។

យោងតាមរបាយការណ៍របស់ កំពង់ផែស្វយ័តក្រុងភ្នំពេញ ​រយៈពេល ៦ ខែដើមឆ្នាំ ២០២៦ នេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែមានចំនួន ៣៣៩ ៦០៦ TEUs កើនឡើង ៣១,៥៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥៕

 

ព័ត៌មានទាក់ទង
×
Popup Banner