គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យរបស់អង្គការសហប្រជាជាតិស្តីពីប្រទេសស៊ីរី កាលពីថ្ងៃអង្គារបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើភាគខាងត្បូងប្រទេសស៊ីរី ដោយលើកឡើងថា ការវាយប្រហារទាំងនោះបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី ហើយអាចចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្គ្រាម។

គណៈកម្មការប្រចាំប្រទេសនេះ បានលើកឡើងអំពីបញ្ហានេះ អំឡុងពេលសន្និសីទសារព័ត៌មានមួយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី៦៣ នៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទ និងដំណើរការរហូតដល់ថ្ងៃទី៧ ខែតុលា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន SANA របស់ស៊ីរី នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៦ គណៈកម្មការនេះ លើកឡើងថា៖ « យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយប្រហាររបស់អ៊ីស្រាអែលលើភាគខាងត្បូងប្រទេសស៊ីរី ហើយ បញ្ជាក់ថា ការវាយប្រហារទាំងនោះបង្កើតបានជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីស៊ីរី។ រឿងនេះមិនអាចទទួលយកបានទេ ហើយត្រូវតែបញ្ឈប់»។
លោកស្រី Fionnuala Ni Aolain ស្នងការនៃគណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យស្តីពីប្រទេសស៊ីរី ព្រមានថា៖ « ទង្វើបែបនេះអាចចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម»។
មិនតែប៉ុណ្ណោះ តំបន់នានានៅភាគខាងត្បូងប្រទេសស៊ីរី ជាពិសេសខេត្ត Quneitra និង Daraa រងការឈ្លានពានរបស់យោធាអ៊ីស្រាអែលម្តងហើយម្តងទៀត រួមទាំងការវាយឆ្មក់លើផ្ទះសម្បែង ការបង្កើតចំណុចត្រួតពិនិត្យ និងការចាប់ខ្លួន ក៏ដូចជាការបាញ់ផ្លោងផងដែរ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានកាន់កាប់តំបន់ Golan Heights របស់ស៊ីរី ចាប់តាំងពីឆ្នាំ១៩៦៧ ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបង្កើតគណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យស្តីពីប្រទេសស៊ីរីក្នុងខែសីហា ឆ្នាំ២០១១ ដើម្បីស៊ើបអង្កេតការរំលោភបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងកំណត់អត្តសញ្ញាណអ្នកទទួលខុសត្រូវតាមដែលអាចធ្វើទៅបាន៕


