លោក ប្រាក់ សុខុន៖ កម្ពុជាកំពុងរៀបចំទឡ្ហីករណ៍ និងឯកសារ ត្រៀមសម្រាប់កិច្ចប្រជុំ UNCLOS លើកទី២ នៅក្រុងឡាអេ
កម្ពុជានឹងបន្តរៀបចំទឡ្ហីករណ៍ និងឯកសារពាក់ព័ន្ធ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។
នេះបើតាមលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា ដែលបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា នៅប្រទេសសិង្ហបុរី។

លោកបានឱ្យដឹងថា កិច្ចប្រជុំលើកដំបូងនេះ មានទាំងកិច្ចប្រជុំបើកចំហ និងកិច្ចប្រជុំបិទទ្វារ។ បន្ទាប់ពីកិច្ចប្រជុំបើកចំហ ភាគីកម្ពុជា និងថៃ បានចូលរួមកិច្ចប្រជុំរួមជាមួយគណៈកម្មការផ្សះផ្សា ហើយបន្ទាប់មក ភាគីនីមួយៗមានឱកាសជួបដោយឡែកជាមួយគណៈកម្មការ។ លោកបានបញ្ជាក់ថា កិច្ចប្រជុំបិទទ្វារនោះ ត្រូវបានចាត់ទុកជាកិច្ចប្រជុំសម្ងាត់ ដូច្នេះខ្លឹមសារលម្អិតដែលបានពិភាក្សាក្នុងកិច្ចប្រជុំ មិនអាចបញ្ចេញជាសាធារណៈបានទេ។ សម្រាប់កិច្ចប្រជុំដោយឡែក ភាគីនីមួយៗមានពេលប្រមាណ ៣ម៉ោង ដើម្បីបង្ហាញបន្ថែមអំពីប្រវត្តិនៃជម្លោះ ទឡ្ហីករណ៍ គោលជំហរ និងគោលដៅដែលខ្លួនចង់បានពីដំណើរការផ្សះផ្សា។
លោក ប្រាក់ សុខុន បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានបញ្ជាក់បន្ថែមអំពីប្រវត្តិនៃជម្លោះ ទឡ្ហីករណ៍ និងគោលជំហររបស់កម្ពុជា ព្រមទាំងគោលដៅដែលកម្ពុជាចង់បានពីការសម្រុះសម្រួលរបស់គណៈកម្មការ។ ទន្ទឹមនឹងនេះ គណៈកម្មការក៏បានលើកឡើងនូវសំណួរជាច្រើន ដែលក្រុមការងារកម្ពុជា រួមជាមួយក្រុមមេធាវីអន្តរជាតិ បានចូលរួមឆ្លើយបំភ្លឺ។ លោកបានបន្តថា គណៈកម្មការផ្សះផ្សាក៏បានឆ្លងសេចក្តីព្រាងសេចក្តីប្រកាសព័ត៌មាន ស្តីពីការងាររយៈពេល ៣ថ្ងៃកន្លងមក។ ទាំងភាគីកម្ពុជា និងភាគីថៃ មិនបានផ្តល់អត្ថាធិប្បាយ ឬធាតុចូលបន្ថែមលើសេចក្តីព្រាងនេះទេ។

ពាក់ព័ន្ធនឹងគោលបំណងរបស់កម្ពុជា ក្នុងការផ្តួចផ្តើមដំណើរការផ្សះផ្សាក្រោម UNCLOS លោក ប្រាក់ សុខុន បានពន្យល់ថា កម្ពុជាចង់ឱ្យមានយន្តការមួយដែលអាចជំនួសយន្តការដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ដែលធ្លាប់មានក្រោមអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ បន្ទាប់ពីយន្តការនេះត្រូវបានថៃលុបចោលជាឯកតោភាគីកាលពីខែឧសភា ឆ្នាំ២០២៦។
លោកបានបញ្ជាក់ថា ដំណើរការផ្សះផ្សានេះមានគោលដៅបង្កើតផ្លូវមួយសម្រាប់ដោះស្រាយជម្លោះព្រំដែនសមុទ្ររវាងប្រទេសទាំងពីរដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ តាមលោក ប្រាក់ សុខុន ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរភាព ក្រោមការណែនាំរបស់អ្នកជំនាញអន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ អាចផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការកសាងសន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោកបានបន្ថែមថា ដំណោះស្រាយលើបញ្ហានេះ ក៏មានសារៈសំខាន់ក្នុងការការពារអធិបតេយ្យភាព ពង្រឹងទំនុកចិត្តរវាងប្រទេសទាំងពីរ ទាញយកផលប្រយោជន៍ពីធនធានថាមពល គាំទ្រការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មីៗ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងបច្ចុប្បន្ន និងជំនាន់ក្រោយ។

ចំពោះកិច្ចប្រជុំបន្ទាប់ លោក ប្រាក់ សុខុន បានឱ្យដឹងថា កិច្ចប្រជុំលើកទី២ នៃដំណើរការផ្សះផ្សា UNCLOS រវាងកម្ពុជា និងថៃ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។
កិច្ចប្រជុំលើកទី៣ គ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈកិច្ចប្រជុំលើកទី៤ អាចធ្វើឡើងនៅចុងខែមករា ឬចុងខែកុម្ភៈ ឆ្នាំ២០២៧។ កិច្ចប្រជុំលើកទី៥ គ្រោងធ្វើនៅចុងខែមីនា និងកិច្ចប្រជុំលើកទី៦ នៅខែមេសា ឆ្នាំ២០២៧។
ទោះជាយ៉ាងណា ពេលវេលា និងទីកន្លែងជាក់លាក់នៃកិច្ចប្រជុំបន្ត នឹងត្រូវបញ្ជាក់នៅពេលក្រោយ។

លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ថា ក្រុមការងារកម្ពុជាបានត្រៀមលក្ខណៈយ៉ាងម៉ត់ចត់ ចាប់តាំងពីកម្ពុជាសម្រេចផ្តួចផ្តើមដំណើរការផ្សះផ្សា ហើយនឹងបន្តធ្វើការយ៉ាងស្អិតរមួតជាមួយក្រុមអ្នកច្បាប់អន្តរជាតិ ដែលមានបទពិសោធន៍ក្នុងការងារពាក់ព័ន្ធនឹងបញ្ហានេះ តាំងពីដំណាក់កាលចរចារៀបចំអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១៕


