រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ព័ត៌មានក្លែងក្លាយពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ មិនទាន់ធ្លាក់ចុះ តែពលរដ្ឋកម្ពុជា យល់ដឹងច្បាស់ និងជឿជាក់តែលើប្រភពផ្លូវការ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បញ្ហាព័ត៌មានក្លែងក្លាយនៅតែបន្តជាការប្រឈមមួយ ដែលមិនទាន់មានការធ្លាក់ចុះនៅឡើយទេ ពិសេសគឺព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសថៃ។ ប៉ុន្តែ ប្រជាពលរដ្ឋកម្ពុជា បានយល់ដឹងច្បាស់ និងជឿជាក់តែលើប្រភពផ្លូវការប៉ុណ្ណោះ។
ការបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសផ្តល់សម្ភាសដល់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង» ដែលបានធ្វើឡើងនៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្នុងបរិបទបច្ចុប្បន្ន មានមជ្ឈដ្ឋានមួយចំនួនបានបង្កើតព័ត៌មានក្លែងក្លាយពីខាងក្រៅ ខណៈភាគីថៃក៏បានបង្កើតព័ត៌មានក្លែងក្លាយដើម្បីបញ្ចូលក្នុងបណ្តាញសង្គមកម្ពុជា។
ដើម្បីទប់ទល់នឹងបញ្ហានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងព័ត៌មាន បាននិងកំពុងផ្សព្វផ្សាយអំពីប្រភពផ្លូវការ ដើម្បីណែនាំប្រជាពលរដ្ឋឱ្យទទួលព័ត៌មានពិត និងត្រឹមត្រូវពីបញ្ហាព្រំដែន។
លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ចំពោះប្រភពព័ត៌មានផ្សេងទៀតដែលមិនមានទំនុកចិត្ត ឬមិនដឹងប្រភពច្បាស់លាស់ ទោះបីជាព័ត៌មាននោះត្រឹមត្រូវក៏ដោយ ក៏ពលរដ្ឋត្រូវរង់ចាំការបញ្ជាក់ពីប្រភពផ្លូវការជាមុនសិន។
លោក នេត្រ ភក្ត្រា បានបន្ថែមថា៖ «ព័ត៌មានក្លែងក្លាយ មិនទាន់ធ្លាក់ចុះនៅឡើយទេ ប៉ុន្តែ យើងនឹងខិតខំប្រឹងប្រែងធ្វើយុទ្ធនាការ ដើម្បីពង្រឹងនូវអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ អក្ខរកម្មប្រព័ន្ធព័ត៌មាន និងអក្ខរកម្មឌីជីល ជូនដល់ប្រជាពលរដ្ឋ»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ព័ត៌មានក្លែងក្លាយមួយចំនួនមើលទៅដូចការពិត ប៉ុន្តែនៅពេលពិនិត្យ និងផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ ព្រមទាំងសកម្មភាព ទើបអាចបញ្ជាក់ថានេះជាព័ត៌មាន ឬរូបភាពក្លែងក្លាយ ដែលអាចបង្កើតឡើងដោយបច្ចេកវិទ្យា AI។
ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា ក្នុងដំណាក់កាលបញ្ហាព្រំដែនជាមួយប្រទេសថៃ ចំនួនព័ត៌មានក្លែងក្លាយមានការកើនឡើង ខណៈព័ត៌មានក្លែងក្លាយក៏មានក្រុមដែលមាននិន្នាការផ្សេងពីរាជរដ្ឋាភិបាលបានបង្កើតឡើងផងដែរ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានបានវាយត្រា «ព័ត៌មានក្លែងក្លាយ» ជាប្រចាំចំពោះព័ត៌មានទាំងឡាយណាដែលមានចរិតញុះញង់ ព័ត៌មានមិនពិត ក្លែងក្លាយ អុជអាល និងព័ត៌មានដែលគ្មានប្រភពផ្លូវការ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងច្បាស់ថាព័ត៌មានទាំងនេះជាព័ត៌មានក្លែងក្លាយ និងបញ្ឈប់ការចែករំលែក។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ក្រសួងនឹងខិតខំប្រឹងប្រែងធ្វើយុទ្ធនាការ ដើម្បីពង្រឹងនូវអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ អក្ខរកម្មប្រព័ន្ធព័ត៌មាន និងអក្ខរកម្មឌីជីថល ជូនដល់ប្រជាពលរដ្ឋ៕



