ឃាត់ខ្លួនលោក គឹម ភិរម្យ ម្ចាស់ហ្វេសប៊ុកឈ្មោះ Hok Nave ជជែកវែកញែករឿងបែកធ្លាយសំឡេង និងប៉ះពាល់កិត្តិយសវីរកងទ័ព
រាជធានីភ្នំពេញ ៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hok Nave ដែលជជែកវែកញែករឿងបែកធ្លាយសំឡេង និងប៉ះពាល់កិត្តិយសវីរកងទ័ព ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់ នេះបើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបង្ហោះនៅលើបណ្តាញសង្គម នៅវេលាល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ។
នៅក្នុងបណ្តាញសង្គម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឱ្យដឹងថា ៖ «សូមគោរពជម្រាបជូនមហាជនមេត្តាជ្រាបថា បុរសម្នាក់ឈ្មោះពិត គឹម ភិរម្យ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hok Nave ដែលកំពុងតែមានការជជែកវែកញែករឿងបែកធ្លាយសំឡេង និងប៉ះពាល់កិត្តិយសវីរកងទ័ព និងលើប្អូនស្រី ដោយមានសំណូមពរដល់សមត្ថកិច្ចឱ្យមានចំណាត់ការលើជននោះ តាមពិតសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសនោះ នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៦ រួចហើយ និងកំពុងបន្តនីតិវិធីផងដែរ»។
ការឃាត់ខ្លួនឈ្មោះ គឹម ភិរម្យ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hok Nave នេះ ត្រូវគេដឹងថា បានធ្វើឡើងបន្ទាប់ពីលោកបានធ្វើការសុំទោសជាសាធារណៈ ។
តាមសេចក្តីគោរពសុំទោស និងគោរពស្នើសុំការអនុគ្រោះ ដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Hok Nave បានឱ្យដឹងថា៖ «ខ្ញុំបាទ Hok Nave សូមក្រាបគោរពសំពះ សម្តេចតេជោ សម្តេចធិបតី សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកមេទ័ព និងបងៗវីរជនកងទ័ព នគរបាល និងកងរាជអាវុធហត្ថ ព្រមទាំងពុកម៉ែ ពូមីង បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរស់នៅក្នុងប្រទេស និងនៅក្រៅប្រទេស។ ខ្ញុំបាទសូមគោរពសុំទោសដោយស្មោះអស់ពីចិត្ត ចំពោះពាក្យសម្ដី និងការប្រព្រឹត្តដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងអារម្មណ៍របស់លោកមេទ័ព បងៗវីរជនកងទ័ព និងបងប្អូនប្រជាពលរដ្ឋ»។
«កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ខ្ញុំបាទបាននិយាយសំឡេងក្នុងការជជែកតាម Facebook ផ្ទាល់ខ្លួនជាមួយបុគ្គលម្នាក់ ក្នុងលក្ខណៈជាការជជែកគ្នា និងការផ្តល់យោបល់ផ្ទាល់ខ្លួន។ សំឡេងរយៈពេលប្រមាណ ២៦វិនាទី ដែលបានផ្សព្វផ្សាយនោះ គឺពិតជាសំឡេងរបស់ខ្ញុំមែន។ ចំពោះពាក្យពេចន៍ ដែលបាននិយាយដោយខ្វះការគិតពិចារណា ខ្ញុំបាទសូមទទួលស្គាល់កំហុស» ។
លោកក៏បានបញ្ជាក់បន្ថែមថា ៖ «លោកមិនមានបំណងមើលងាយ ឬបន្ទាបតម្លៃការលះបង់របស់កងទ័ព និងអ្នកដែលកំពុងបំពេញភារកិច្ចការពារជាតិឡើយ។ ប៉ុន្តែទោះបីជាមានបំណងយ៉ាងណាក៏ដោយ ពាក្យសម្ដីដែលខ្ញុំបាននិយាយដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយ បានបង្កឱ្យមានការយល់ច្រឡំ និងការឈឺចាប់ដល់លោកមេទ័ព និងបងៗវីរកងទ័ព រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់។ ចំពោះចំណុចនេះ ខ្ញុំបាទសូមទទួលស្គាល់កំហុស និងគោរពសូមអភ័យទោសដោយស្មោះ» ។
ទោះបីជាមានការសុំទោសយ៉ាងណាក៏ដោយ ក៏ច្បាប់ពុំលើកលែង នូវទង្វើរបស់ជនណាម្នាក់ដែលប្រព្រឹត្តល្មើសច្បាប់ឡើយ ៕



