លោក ស៊ី ប្រាប់ទៅលោក ត្រាំ៖ ចិន សង្ឃឹមថា អាមេរិក នឹងប្រឆាំងឯករាជ្យភាព កោះតៃវ៉ាន់
ប្រធានបទសំខាន់មួយ ដែលប្រធានាធិបតីចិន ស៊ី ជីនពីង នាំយកទៅជជែកជាមួយប្រមុខសេតវិមាន ដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនៅសហរដ្ឋអាមេរិក លើកនេះ គឺបញ្ហាកោះតៃវ៉ាន់ ដោយលោក ស៊ី ប្រាប់ទៅលោក ត្រាំ ថា អាមេរិក គួរតែបង្ហាញគោលជំហប្រឆាំងនឹង ឯករាជ្យភាពរបស់កោះតៃវ៉ាន់។

ទូរទស្សន៍រដ្ឋចិន China Daily នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានដកស្រង់ខ្លឹមសារនៃជំនួបរវាងលោកស៊ី និងលោកត្រាំ នៅឯសេតវិមាន ដែលក្នុងនោះ ប្រមុខរដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្ហាញក្តីសង្ឃឹមថា ភាគីអាមេរិក នឹងផ្លាស់ប្តូរជំហរ ងាកទៅប្រកាន់ខ្ជាប់នូវជំហរត្រឹមត្រូវ ក្នុងការប្រឆាំង «ឯករាជ្យភាពតៃវ៉ាន់» ហើយដោះស្រាយបញ្ហាតៃវ៉ាន់ដោយប្រុងប្រយ័ត្ន ដើម្បីសាងគ្រឹះឱ្យរឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគី និងការអភិវឌ្ឍទំនាក់ទំនង ចិន-អាមេរិក។
ទន្ទឹមនោះដែរ លោកស៊ី ថ្លែងថា៖ «ជំហររបស់ចិន ក្នុងការការពារឯកភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន គឺច្បាស់លាស់បំផុត និងមិនប្រែប្រួលឡើយ»។

កោះតៃវ៉ាន់ គឺជាចំណុចដ៏រសើប និងក្តៅគគុកបំផុតមួយ នៅក្នុងទំនាក់ទំនងចិន-អាមេរិក អស់រយៈពេលជាច្រើនទសវត្សរ៍ មកហើយ។
ទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ ជាខេត្តមួយរបស់ខ្លួន ហើយមិនដែលបោះបង់ គំនិតប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមជាតិឡើងវិញ ម្តងណាឡើយ។
យ៉ាងណា សហរដ្ឋអាមេរិក នៅតែបន្តរក្សាទំនាក់ទំនងក្រៅផ្លូវការ យ៉ាងជិតស្និទ្ធជាមួយទីក្រុងតៃប៉ិ ព្រមទាំងផ្តល់អាវុធការពារខ្លួន ឱ្យកោះនេះក្រោមច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់ ថែមទៀតផង៕


