ទូតអាមេរិកប្រចាំប្រទេសចិន៖ លោក ត្រាំ បញ្ជាក់ លោក ស៊ី ថា ការជួយអ៊ីរ៉ង់ក្នុងផ្នែកណាមួយ គឺមិនអាចទទួលយកបាន
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ចិន លោក ស៊ី ជីនពីង ទៅកាន់សហរដ្ឋអាមេរិក បានបិទបញ្ចប់នៅថ្ងៃសុក្រ ដោយភាពស្រពេចស្រពិលជាច្រើន បានកើតចេញពីជំនួបរបស់មេដឹកនាំទាំងពីរ ប៉ុន្តែបញ្ហាច្បាស់ការណ៍មួយ គឺថា ប្រធានបទសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ គឺជារបៀបវារៈនៃការជជែកដ៏សំខាន់របស់មេដឹកនាំទាំងពីរ។
អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិន លោក David Perdue បានថ្លែងប្រាប់បណ្តាញទទួលនានានៅអាមេរិក កាលពីថ្ងៃទី ២៥ ខែកញ្ញា ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគូសបញ្ជាក់យ៉ាងច្បាស់នៅក្នុងកិច្ចភិភាក្សានៅសេតវិមាន ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ថា ការជួយជ្រោមជ្រែងរបស់ចិនចំពោះប្រទេសអ៊ីរ៉ង់ គឺជាទង្វើដែលមិនអាចទទួលយកបានឡើយ។

តាមការផ្សាយរបស់រ៉យទ័រ ដោយការស្រង់សម្តី លោក Perdue ដែល បានប្រាប់ទូរទស្សន៍ CNBC ថា៖ «យើងបានធ្វើឱ្យរឿងនេះច្បាស់លាស់ខ្លាំងណាស់ជាមួយពួកគេកាលពីប៉ុន្មានសប្តាហ៍មុនថា រាល់ការជួយជ្រោមជ្រែងទាំងឡាយណាដែលពួកគេផ្តល់ឱ្យអ៊ីរ៉ង់ ទោះបីជាដោយផ្ទាល់ ឬដោយប្រយោល ទោះជាការផ្តល់ព័ត៌មានស៊ើបការណ៍( intelligence ) គ្រឿងបន្លាស់ ឬបរិក្ខារយោធាក៏ដោយ គឺដាច់ខាតមិនអាចទទួលយកបានឡើយ»។
លោក Perdue បានបន្ថែមថា៖ «ប្រធានាធិបតី ត្រាំ បានបញ្ជាក់ការងារនេះយ៉ាងច្បាស់សារជាថ្មីកាលពីម្សិលមិញ។ នេះគឺជាការសង្កត់ធ្ងន់ និងជាការដាស់តឿនជាបន្តបន្ទាប់»។
នៅពេលត្រូវ បានសួរដាច់ដោយឡែកនៅលើទូរទស្សន៍ Fox News ដោយចោទសួរ ថា តើនោះមានន័យថាប្រទេសចិននឹងបញ្ឈប់ការជួយដល់អ៊ីរ៉ង់ដែរឬទេ លោក Perdue បានឱ្យដឹងថា វ៉ាស៊ីនតោនទទួលបានការអះអាង និងការសន្យាយ៉ាងច្បាស់ពីប៉េកាំងកាលពីថ្ងៃទី ២៤ ខែកញ្ញា។
លោក Perdue បានប្រាប់កម្មវិធី America’s Newsroom របស់ Fox News ថា៖ «យើងបានឃើញការប្រែប្រួលជាវិជ្ជមាន… លើរឿងនេះរួចហើយ។ នោះហើយជាការប្តេជ្ញាចិត្ត។ ពួកគេបានអះអាងប្រាប់យើងកាលពីម្សិលមិញថា ពួកគេមិនបានកំពុងធ្វើរឿងនោះឡើយ»។
ក្នុងជម្លោះនៅអ៊ីរ៉ង់ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និង អ៊ីស្រាអែល ដែលបន្តជាប់គាំងដល់សព្វថ្ងៃអស់រយៈពេល៧ខែទៅហើយ ប៉ុន្តែនៅមិនទាន់រកច្រកចេញរួច បណ្តាលឲ្យវិបត្តិប្រេងឥន្ធនៈកើតឡើង និង បង្កជាក្តីបារម្ភនៅក្នុងសកល។ ទោះបីជំនួបនៃមេដឹកនាំទាំងពីរ មិនត្រូវបានបង្ហាញត្រង់ៗក្នុងការជជែកអំពីបញ្ហាអ៊ីរ៉ង់ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា ប្រធានបទអ៊ីរ៉ង់ គឺជាចំណុចអាទិភាពនៃការពិភាក្សាកំពូលរបស់ពួកគេ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាក់ម្តងហើយម្តងទៀត ក្នុងការថ្លែងសាររបស់លោក នៅទីក្រុងវ៉ាស៊ីនតោន ថា ប្រទេសចិននិងអាមេរិក គួរតែជ្រើសរើសផ្នែកនៃដៃគូ ប្រសើរជាជាងគូប្រកួតប្រជែង។ នៅក្នុងការថ្លែងកាលថ្ងៃទី២៤ខែកញ្ញា លោក ស៊ី បានលើកឡើងអំពីទំនាក់ទំនងយោធា ដែលយោធានៃប្រទេសទាំងពីរ ត្រូវប្រកាន់ខ្ជាប់ការជជែកគ្នាជាប្រចាំ៕


