Detail Top Banner – Conway

អ៊ីរ៉ង់ ដាក់​ស្នើផែន​ការបញ្ចប់សង្គ្រាម​រួចហើយ រង់​ចាំតែអាមេរិក ឆ្លើយតប​ប៉ុណ្ណោះ​

ខណៈ​សង្រ្គាម​បង្ក​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​-អ៊ីស្រាអែល​លើ​អ៊ីរ៉ង់​អូស​បន្លាយ​ចូល​ដល់​ខែ​ទី​៧ នៅ​តែ​រក​ផ្លូវ​បញ្ចប់​មិន​ឃើញ​ កាល​ពី​ថ្ងៃ​សុក្រ​ មន្ត្រី​ការទូតជាន់​ខ្ពស់​របស់​ទីក្រុងតេហេរ៉ង់ ឱ្យ​ដឹង​ថា ប្រទេស​អ៊ីរ៉ង់​បានដាក់​​ជូនផែនទីបង្ហាញផ្លូវ​ជា​ផ្លូវការ​រយៈ​ពេល ៧ថ្ងៃ ​ដើម្បីបញ្ចប់​សង្រ្គាម​ជាមួយ​សហរដ្ឋអា​មេរិក​ ហើយ​បច្ចុប្បន្នកំពុងរង់ចាំ​ការឆ្លើយតប​ពីទីក្រុងវ៉ាស៊ីនតោន​​។​ នេះបើយោង​តាម​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៦ ។

រដ្ឋមន្ត្រីការ​បរទេស​អ៊ីរ៉ង់​ លោក Abbas Araghchi 

រដ្ឋមន្ត្រីការ​បរទេស​អ៊ីរ៉ង់​ លោក Abbas Araghchi បាន​ពន្យល់លម្អិត​អំពីផែនការនេះ​ដល់អ្នកសារព័ត៌មាននៅ​ក្រៅ​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខអង្គ​ការសហប្រជាជាតិ​កាលពីថ្ងៃសុក្រ ដោយបញ្ជាក់​ថា ​ផែនការនេះ​ត្រូវបាន​បញ្ជូនទៅកាន់ទីក្រុងវ៉ាស៊ីនតោន​ តាមរយៈប្រទេសកាតា​ហើយ​​។

លោកលើក​ឡើង​ថា៖ «​ កាលវិភាគ​​រយៈពេល ៧​ថ្ងៃ នឹងចាប់​ផ្តើមភ្លាមៗ​ ពេលសហរដ្ឋអាមេរិក​យល់ព្រមលើផែន​ការ​នេះ»។

លោក Araghchi បាន​បញ្ជាក់ថា៖ « ជំហានដំបូង​នឹងប្រើ​ពេលពី ៤ ទៅ ​៥ថ្ងៃ ចំណែកច្រកសមុទ្រ​ហ័រ​មូស​នឹង​បើកដំណើរការឡើង​វិញ នៅថ្ងៃ​ទី៦ ហើយនៅថ្ងៃទី៧ ការចរចាជាមួយ​សហរដ្ឋអាមេរិក​នឹងចាប់ផ្តើម​ ដើម្បី​ឈានទៅរកកិច្ចព្រមព្រៀង​ចុងក្រោយលើ​ចំណុចនានា​ដែល​ភាគីទាំងពីរបានឯក​ភាពគ្នា»។ ដោយ​សំដៅលើកម្មវិធីនុយ​ក្លេអ៊ែររបស់​អ៊ីរ៉ង់​។​

យោង​តាម​ផែនការនេះ ទីក្រុងវ៉ាស៊ីនតោន​នឹងដកការបិទខ្ទប់​ផ្លូវ​សមុទ្រ​តាម​កំពង់ផែរបស់​អ៊ីរ៉ង់ លុបចោលការដាក់​ទណ្ឌកម្មលើការលក់​ប្រេង​របស់អ៊ីរ៉ង់ ដោះលែង​ទ្រព្យសម្បត្តិ​របស់អ៊ីរ៉ង់​ដែលបង្កក​ប្រមាណ ១២ប៊ី​លានដុល្លារ និងគោរពបទ​ឈប់បាញ់នៅ​ទូទាំងតំបន់ ​​រួមទាំង​ប្រទេសលីបង់ និងយេម៉ែន​ផងដែរ។

ជាការឆ្លើយតប​ អ៊ីរ៉ង់នឹងបើក​ច្រកសមុទ្រហ័រ​មូសឡើងវិញ។

លោក Araghchi បន្ត​ថា៖ «​ ជម្រើស​នៅពេលនេះ​ ​គឺ​អាស្រ័យលើ​សហរដ្ឋអាមេរិក​។ អ៊ីរ៉ង់​មិនទទួល​យកការបង្ខិត​បង្ខំ ការគំរាមកំហែង ​ឬការបំភិតបំភ័យ​ឡើយ ហើយអ៊ីរ៉ង់​នឹងមិនបោះបង់​ចោលអធិបតេយ្យ​ភាព​របស់ខ្លួន​ក្រោមសម្ពាធ​នោះ​ទេ។ ខ្ញុំអាច​ប្រាប់បាន​ថា​ ប្រសិនបើភាគី​អាមេរិកមានឆន្ទៈពិតប្រាកដ​ក្នុងការឈាន​ទៅរកកិច្ចព្រមព្រៀង និង​បើកច្រកសមុទ្រហ័រមូស​ឡើងវិញនោះ អ្វីៗទាំងអស់គឺត្រូវបាន​រៀបចំរួចរាល់​ហើយ»។

យោងតាម​សេចក្តីរាយការណ៍ ការបញ្ចប់រាល់​អរិភាពនៅក្នុងតំបន់​មជ្ឈិមបូព៌ា រួមទាំងនៅយេម៉ែន និងលីបង់ គឺជាផ្នែកមួយ​នៃសំណើរបស់ទីក្រុងតេហេរ៉ង់៕

ព័ត៌មានទាក់ទង
×
Popup Banner