នគរបាលបើកប្រតិបត្តិការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ពាក់ព័ន្ធករណីអំពើកំហែងយកមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ ដែលបានប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៣ទាបភ្លឺ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជា ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់អោយ លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បន្តអោយលោកវរសេនីយ៍ទោ នូ ប្រីយសត្យា ដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ព្រមទាំងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌចំការមន បើកការស្រាវជ្រាវបង្រ្កាបមុខសញ្ញា ចំនួន ៧នាក់ ដែលធ្វើសកម្មភាពជម្រិតទារប្រាក់ជនរងគ្រោះ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ។ លុះមកដល់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៦ នគរបាលបានប្រទះឃើញជនសង្ស័យ ៧នាក់ កំពុងធ្វើដំណើរតាមផ្លូវ ភ្លាមៗ សមត្ថកិច្ចបានប្រដេញឃាត់ខ្លួនបាន ជនសង្ស័យជាបន្តបន្ទាប់។

ក្នុងនោះសមត្ថកិច្ចដកហូតបាន កាតអ្នកសារព័ត៍មានចំនួន ១ , អាវុធខ្លីចំនួន ១ (កាំភ្លើងហ្គាស) និងបង់កាំភ្លើងចំនួន ២ , ទូរស័ព្ទដៃម៉ាកអាយហ្វូន ១គ្រឿង , ចិញ្ចៀន ១វង់ , ខ្សែក ១ខ្សែ។
ក្រោយកើតហេតុ កម្លាំងជំនាញបានស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឈានទៅឃាត់ខ្លួនក្រុមជនសង្ស័យទាំង ៧នាក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
គួរបញ្ជាក់ផងដែរថា ករណីជម្រិតយកប្រាក់នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕




