រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត បានប្តេជ្ញាសងសឹកវិញ ឱ្យចាស់ដៃបំផុត ក្រោយក្រុមហ៊ូធី បើកការវាយប្រហារ ២ថ្ងៃជាប់គ្នាលើអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងរោងចក្រប្រេង និងឧស្ម័ន ក្នុងទីក្រុងរីយ៉ាដ បណ្តាលឱ្យមានមនុស្សស្លាប់ ១៤នាក់ និងរបួសរាប់រយនាក់ទៀត។

តាមការផ្សាយរបស់ BBC, ក្នុងសន្និសីទថាមពល WPC Energy Congress នៅក្រុងរីយ៉ាដ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៦ រដ្ឋមន្ត្រីថាមពល គឺព្រះអង្គម្ចាស់ Abdul Aziz bin Salman មានបន្ទូលថា ប្រទេសនេះ នឹងចាត់វិធានការ «ឆ្លើយតបយ៉ាងធ្ងន់ធ្ងរបំផុត» ប្រឆាំងការវាយប្រហារដោយដ្រូន និងមីស៊ីលពីសំណាក់ក្រុមហ៊ូធីមកលើទីតាំងថាមពល និងអាកាសចរណ៍។
ទ្រង់គូសបញ្ជាក់ថា ដ្បិតហេដ្ឋារចនាសម្ព័ន្ធរបស់អារ៉ាប៊ីសាអូឌីត មានភាពធន់ខ្លាំងក្លាកម្រិតណាក៏ដោយ ក៏សន្តិសុខថាមពល នៅតែជាអាទិភាពចម្បងបំផុត ដែលមិនអាចប្រហែសបានឡើយ។

ក្នុងអំឡុងពេលនោះដែរ ព្រះអង្គ Abdul Aziz ប្រកាសថា ប្រទេសរបស់ទ្រង់ នឹងជម្នះ ហើយទទួលបានជោគជ័យ លើបញ្ហាប្រឈមទាំងនោះ។ ក្នុងនាមជាប្រជាជនអារ៉ាប៊ីសាអូឌីត យើងគឺជាមនុស្សដែលគ្មានការភ័យខ្លាច មានស្មារតីតស៊ូ និងមានឆន្ទៈមុតមាំជានិច្ច ហើយនឹងបង្ហាញឱ្យពិភពលោកបានឃើញថា ទោះបីជាយើងកំពុងឆ្លងកាត់អ្វីក៏ដោយ យើងនឹងយកជ័យ លើវាឱ្យបាន។
សូមជម្រាបជាថ្មី ក្រុមហ៊ូធី បានបើកការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិ King Khalid ក្នុងរាជធានីរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ២ថ្ងៃជាប់គ្នា ពោលគឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយសម្លាប់មនុស្សសរុប ១៤នាក់ និងជាង ៣០០នាក់ទៀតរបួស ព្រមទាំងបង្កការបំផ្លិចបំផ្លាញ ផ្សេងៗ។

ទង្វើនេះ បង្កឱ្យមានការថ្កោលទោសព្រោងព្រាត ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលហៅវាថា ជា រឿងគួរឱ្យរន្ធត់បំផុត ហើយប្រកាសថា លោកនឹងជជែកជាមួយ មេដឹកនាំអារ៉ាប៊ីសាអូឌីត ក្នុងពេលឆាប់ៗ និងកំពុងគិតថា តើសហរដ្ឋអាមេរិក គួរតែចូលរួមក្នុងសង្គ្រាមប្រឆាំងក្រុម ហ៊ូធី ឬក៏យ៉ាងណា។
ចំណែក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ថា លោករន្ធត់ចិត្តណាស់ និងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដ៏ប្រល័យនេះ។ ការវាយប្រហារលើប្រជាពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការរំលោភលើច្បាប់អន្តរជាតិ ហើយត្រូវតែបញ្ឈប់ជាបន្ទាន់៕


