Detail Top Banner – Conway

កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធា ខណៈត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ

កម្ពុជា និងវៀតណាមបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការយោធា រឹតបន្តឹងសន្តិសុខតាមព្រំដែន និងពង្រីកការបណ្តុះបណ្តាលផ្នែកការពារជាតិ ខណៈប្រទេសទាំងពីរកំពុងត្រៀមប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៧ខាងមុខ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ទីក្រុងហាណូយ ក្នុងការពង្រឹងទំនាក់ទំនងការពារជាតិជាមួយកម្ពុជា ក្នុងជំនួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា នៅទីក្រុងហាណូយ កាលពីថ្ងៃអង្គារ ម្សិលមិញ។

ជំនួបនេះធ្វើឡើងអំឡុងពេលរដ្ឋមន្រ្តីការពារជាតិកម្ពុជា លោក ទៀ សីហា បំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីការពារជាតិត្រីភាគី កម្ពុជា ឡាវ វៀតណាម  ព្រមចូលរួមពីធិបិទសមយុទ្ធយោធាសង្រោះគ្រោះមហន្តរាយដែលមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងបី។

បើតាមវិទ្យុសម្លេងប្រជាជនវៀតណាម (VOV) នាយករដ្ឋមន្រ្តីវៀតណាម លោក ឡេ មិញ ហ៊ឹង បានចាត់ទុកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខថា ជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី ព្រមទាំងបានកោតសរសើរក្រសួងការពារជាតិនៃប្រទេសទាំងពីរ ចំពោះការអនុវត្តកិច្ចព្រមព្រៀងនានាដែលថ្នាក់ដឹកនាំជាន់ខ្ពស់បានឯកភាពគ្នា។ មេដឹកនាំវៀតណាមរូបនេះ បានជំរុញឱ្យមានការផ្លាស់ប្តូរយោបល់កាន់តែច្រើនលើបញ្ហាយុទ្ធសាស្ត្រ ការពង្រីកការបណ្តុះបណ្តាលមន្រ្តី និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចក្នុងវិស័យការពារជាតិប្រទេសទាំងពីរផងដែរ។

បើតាមប្រភពដដែល នាយករដ្ឋមន្ត្រីវៀតណាម ក៏បានជំរុញឱ្យមានការពន្លឿនវឌ្ឍនភាពក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែន កែលម្អការគ្រប់គ្រងព្រំដែន និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ច្រកទ្វារព្រំដែនប្រទេសទាំងពីរផងដែរ។ នាយករដ្ឋមន្រ្តីវៀតណាមរូបនេះ បានអំពាវនាវឱ្យបន្តកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ក្នុងអំឡុងពេលជម្លោះអស់ជាច្រើនទសវត្សរ៍កាលពីអតីតកាល។

ជាការឆ្លើយតបរដ្ឋមន្រ្តីការពារជាតិ លោក ទៀ សីហា បានអំណរគុណដល់វៀតណាមចំពោះការគាំទ្រក្នុងការបណ្តុះបណ្តាលយោធា និងសេវាវេជ្ជសាស្ត្រ ព្រមទាំងបានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយទីក្រុងហាណូយ ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់លើវិស័យការពារជាតិ។ នេះបើតាមការផ្សាយរបស់វិទ្យុសម្លេងប្រជាជនវៀតណាមដដែល។

បើតាមប្រភពដដែល ប្រមុខការពារជាតិកម្ពុជា បានកំណត់ការពិគ្រោះយោបល់គោលនយោបាយ កិច្ចសហប្រតិបត្តិការផ្នែកភស្តុភារ និងការផ្លាស់ប្តូររវាងនាយទាហានវ័យក្មេង ជាអាទិភាពសម្រាប់ការពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ។

ភាគីទាំងពីរក៏បានឯកភាពសម្របសម្រួលការរៀបចំសម្រាប់ «ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២៧» ដែលនឹងប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ១៩៦៧។

រដ្ឋាភិបាលនៃប្រទេសទាំងពីរបានលើកឡើងថា ខួបនេះជាឱកាសមួយសម្រាប់ពង្រឹងចំណងមិត្តភាពជាប្រពៃណី ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ និងលើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយស្វែងយល់កាន់តែច្បាស់អំពីចំណងទាក់ទងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។

ជំនួបនេះធ្វើឡើងក្នុងពេលដែលវៀតណាម កម្ពុជា និងឡាវ បន្តប្រើប្រាស់កិច្ចសន្ទនាលើវិស័យការពារជាតិ និងសកម្មភាពយោធារួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខក្នុងតំបន់៕

ព័ត៌មានទាក់ទង
×
Popup Banner