អាមេរិក បញ្ជូនយន្តហោះយោធា ១០គ្រឿង ទៅអ៊ីស្រាអែល ខណៈកំពុងត្រៀមលក្ខណៈ វាយអ៊ីរ៉ង់ជាថ្មី
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីស្រាអែល KAN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ថា សហរដ្ឋអាមេរិកបញ្ជូនយន្តហោះដឹកទំនិញយោធាចំនួន ១០គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាសរបស់អ៊ីស្រាអែលក្នុងតំបន់ Negev ភាគខាងត្បូង ខណៈកំពុងត្រៀមលក្ខណៈសម្រាប់លទ្ធភាពវាយប្រហារលើប្រទេសអ៊ីរ៉ង់។

យន្តហោះទាំងនោះបានចុះចត នៅមូលដ្ឋានទ័ពអាកាស Ovda និង Nevatim ខណៈមានសេចក្តីរាយការណ៍ថា យន្តហោះយោធាអាមេរិកបន្ថែមទៀតក៏ត្រូវបញ្ជូនទៅកាន់មូលដ្ឋាននានាក្នុងប្រទេសហ្ស៊កដានី អារ៉ាប៊ីសាអូឌីត និងកាតាផងដែរ។
យោងតាម KAN យន្តហោះទាំងនោះហោះចេញពីមូលដ្ឋានទ័ព Fort Bliss រដ្ឋ Texas ដែលជាទីតាំងមជ្ឈមណ្ឌលការពារដែនអាកាសដ៏ធំបំផុតមួយរបស់យោធាអាមេរិក រួមមានហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងមីស៊ីលស្ទាក់ចាប់ និងប្រព័ន្ធការពារដែនអាកាសផ្សេងៗទៀត។
រហូតមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយពីភាគីសហរដ្ឋអាមេរិក ជុំវិញការដាក់ពង្រាយនៅឡើយទេ ហើយក៏មិនទាន់ច្បាស់លាស់ថា តើយន្តហោះទាំងនោះដឹកអ្វី ឬថាតើទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ឬ យ៉ាងណានោះទេ។
មន្ត្រីអ៊ីស្រាអែលម្នាក់ បានប្រាប់បណ្តាញផ្សព្វផ្សាយនេះថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កំពុងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធលើការត្រៀមរៀបចំប្រតិបត្តិការផ្នែកយោធា។

មន្ត្រីដដែលបានបន្តថា៖ «អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កំពុងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ហើយទោះបីជាមិនទាន់មានការសម្រេចចិត្តណាមួយលើបញ្ហានេះក៏ដោយ ក៏ភាគីអាមេរិក និងអ៊ីស្រាអែល កំពុងត្រៀមខ្លួនរាល់ការសម្រេចចិត្តដែលប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើឡើង»។
យ៉ាងណា មន្ត្រីរូបនោះមិនបានបញ្ជាក់លម្អិតពីលក្ខណៈ ឬពេលវេលានៃការសម្រេចចិត្តដែលអាចនឹងកើតឡើងនោះទេ។
កាលពីដើមសប្តាហ៍នេះ KAN រាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន បានព្រមានបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ អំពីលទ្ធភាពប្រតិបត្តិការយោធារយៈពេលខ្លី និងមានវិសាលភាពកំណត់ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ កងទ័ពអាមេរិកក៏បានផ្លាស់ប្តូរទីតាំងប្រព័ន្ធការពារមីស៊ីល Patriot ពីរដ្ឋតិចសាស់ទៅកាន់តំបន់ឈូងសមុទ្រ ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសនៅទីនោះផងដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ជំរុញឱ្យទីក្រុងតេហេរ៉ង់ធ្វើការវាយប្រហារតបតទៅលើអ៊ីស្រាអែល និងគោលដៅយោធាអាមេរិកនៅទូទាំងតំបន់ មុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់មួយត្រូវបានសម្រេច នៅខែមេសា៕


