សន្ទុះនៃការបោះឆ្នោតមុនកាលកំណត់ សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក បានហក់ឡើងយ៉ាងគំហុក ដោយមានប្រជាពលរដ្ឋអាមេរិកាំងជាង ៥០ លាននាក់ បានទៅបោះឆ្នោតរួចរាល់គិតត្រឹមថ្ងៃទី១ ខែតុលា។ នេះបើយោងតាមការវិភាគទិន្នន័យពីសាកលវិទ្យាល័យ Florida ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន aljazeera។


បច្ចុប្បន្ន រដ្ឋភាគច្រើនក្នុងចំណោមរដ្ឋទាំង៥០ បានអនុញ្ញាតឱ្យមានការបោះឆ្នោតមុនកាលកំណត់ដោយផ្ទាល់ ខណៈដែលគ្រប់រដ្ឋទាំងអស់សុទ្ធតែបើកផ្លូវឱ្យមានការបោះឆ្នោតតាមប្រៃសណីយ៍។ ក្នុងនោះ ប្រជាពលរដ្ឋប្រមាណ ២៣ លាននាក់ បានបោះឆ្នោតតាមរយៈប្រៃសណីយ៍ ដែលជាប្រព័ន្ធបោះឆ្នោតមួយដែលប្រធានាធិបតី ដូណាល់ ត្រាំ បានព្យាយាមរឹតត្បិត ប៉ុន្តែត្រូវបរាជ័យមុនពេលការបោះឆ្នោតឈានមកដល់។
ការវិភាគរបស់សាកលវិទ្យាល័យ Florida បានបង្ហាញទៀតថា ភាពសកម្មនៃការបោះឆ្នោតមុនកាលកំណត់នៅឆ្នាំនេះ ឃើញមានសន្ទុះខ្លាំងក្នុងចំណោមអ្នកគាំទ្របក្សប្រជាធិបតេយ្យ ដោយមានអ្នកចុះឈ្មោះខាងបក្សនេះជាង ១១ លាននាក់បានបោះឆ្នោតរួចរាល់ ធៀបនឹងអ្នកចុះឈ្មោះខាងបក្សសាធារណរដ្ឋដែលមានប្រមាណ ៨ លាននាក់ប៉ុណ្ណោះ។
យ៉ាងណា នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតផ្លូវការ នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ទី៣ ខែតុលា ខាងមុខនេះ ខណៈលទ្ធផលស្ទង់មតិថ្នាក់ជាតិចុងក្រោយបង្អស់បានបង្ហាញថា គណបក្សប្រជាធិបតេយ្យកំពុងនាំមុខដោយទទួលបានការគាំទ្រ ៥១.៥ ភាគរយ ធៀបនឹងគណបក្សសាធារណរដ្ឋដែលទទួលបាន ៤៣.១ ភាគរយ។ លទ្ធផលឆ្នោតនាពេលដ៏ខ្លីខាងមុខនេះ នឹងក្លាយជាអ្នកសម្រេចជោគវាសនាយ៉ាងសំខាន់ ថា តើអាមេរិកនឹងត្រូវបន្តធ្វើសង្គ្រាម ឬក៏ត្រូវដើរលើផ្លូវសន្តិភាពជាមួយអ៊ីរ៉ង់។
គួររំឭកថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្លាំង រួមផ្សំនឹងគោលនយោបាយដំឡើងពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ផងនោះ បានរុញច្រានឱ្យសហរដ្ឋអាមេរិក ជួបវិបត្តិជីវភាពរស់នៅយ៉ាងធ្ងន់ធ្ងរ។ ដោយសារកត្តាទាំងពីរនេះហើយ ដែលបានធ្វើឱ្យប្រជាប្រិយភាពរបស់លោក ត្រាំ ក៏ដូចជាគណបក្សសាធារណរដ្ឋដុនដាបយ៉ាងខ្លាំង មុនពេលការបោះឆ្នោតមកដល់៕


