នារីវ័យ២៤ឆ្នាំម្នាក់ ខ្ចីម៉ូតូគេជិះមកលោតទឹកស្ពានសេកុង ផ្អើលសមត្ថកិច្ច និងប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេល
ខេត្តស្ទឹងត្រែង ៖ នារីវ័យ ២៤ឆ្នាំម្នាក់ បានសម្រេចចិត្តជិះម៉ូតូទៅលោតទឹកទន្លេសេកុង បម្រុងប៉ងបញ្ចប់ជីវិតខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋជួយអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត កាលពីវេលាម៉ោង ១៩និង១០នាទីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះឫស្សី បានឱ្យដឹងថា នារីរងគ្រោះខាងលើឈ្មោះ ន.គ.ហ ភេទស្រី អាយុ ២៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ នៅវេលាម៉ោង១៨និង៤០នាទី ថ្ងៃខែឆ្នាំដដែល នារីរងគ្រោះបានខ្ចីម៉ូតូម៉ាកស្កុបពី (Scoopy) ពណ៌ស ផលិតឆ្នាំ២០២៣ ពីស្ត្រីម្នាក់ឈ្មោះ សំ ចាន់ណា ដោយប្រាប់ថា «ខ្ចីម៉ូតូជិះទៅក្រៅមួយភ្លែត»។ លុះដល់ម៉ោង ១៩និង១០នាទី ស្រាប់តែមានដំណឹងថា នារីរូបនេះបានជិះម៉ូតូទៅដល់ស្ពានសេកុង ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង និងបានលោតចុះទៅក្នុងទឹកទន្លេតែម្ដង ។
ក្នុងហេតុការណ៍នោះ ជនរងគ្រោះបានបន្សល់ទុកវត្ថុតាងនៅលើស្ពានរួមមាន៖ ម៉ូតូ១គ្រឿង (ខាងលើ) ទូរសព្ទដៃម៉ាក iPhone 11 ចំនួន ១គ្រឿង និងស្បែកជើង ១គូ។ ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះ
ឫស្សី សហការជាមួយប្រជាពលរដ្ឋ ចុះអន្តរាគមន៍ជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីជួយសង្គ្រោះអាយុជីវិត និងតាមដានសុខភាព។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ដែលបានខ្ចីគេនោះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះឫស្សី ប្រគល់ជូនម្ចាស់ដើម (ឈ្មោះ សំ ចាន់ណា) វិញហើយ ៕



