Detail Top Banner – Conway

រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពង្រឹងគុណភាពអប់រំសាលារដ្ឋពីមត្តេយ្យដល់ឧត្តមសិក្សា ដើម្បីអភិវឌ្ឍធនធានមនុស្ស

កំពង់ធំ៖ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន ៥ខ្នង ស្មើនឹង ៥៥បន្ទប់រៀន ស្ថិតក្នុងវិទ្យាល័យទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលផ្តោតការលើកកម្ពស់គុណភាពអប់រំជាចម្បងនៅសាលារៀនរដ្ឋ ចាប់តាំងពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលនឹងបន្តពង្រីកវិស័យសេវាអប់រំឱ្យកាន់តែជិតមូលដ្ឋានប្រជាពលរដ្ឋ ដើម្បីធានាថា កូនចៅប្រជាពលរដ្ឋទទួលបានឱកាសសិក្សារៀនសូត្រប្រកបដោយគុណភាព និងសមធម៌។

សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា ការអប់រំ គឺជាការវិនិយោគដ៏មានតម្លៃបំផុតលើអនាគតកុមារ គ្រួសារ និងប្រទេសជាតិទាំងមូល។

ការដាក់ឱ្យសម្ពោធប្រើប្រាស់អគារសិក្សាថ្មីទាំងនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យអប់រំ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមសាលារៀនសាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួល និងក្តីសង្ឃឹមថ្មីដល់សិស្សានុសិស្សនៅក្នុងមូលដ្ឋានស្រុកតាំងគោក ខេត្តកំពង់ធំ៕

ព័ត៌មានទាក់ទង
×
Popup Banner