ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងពីលទ្ធភាពនៃការជួបពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯប្រទេសតួកគីយ៉េ ដោយស្នើឱ្យប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ប្រើប្រាស់បណ្តាញទំនាក់ទំនងរបស់លោក ដើម្បីជួយសម្របសម្រួលរៀបចំកិច្ចប្រជុំកំពូលនេះ ខណៈរុស្ស៊ី ស្វាគមន៍ និងចង់ឱ្យមេដឹកនាំអ៊ុយក្រែន ទៅកាន់ទីក្រុងម៉ូស្គូ។

យោងតាមសារព័ត៌មានចិន CMG នៅថ្ងៃទី២ ខែវិច្ឆិកា លោក Zelenskyy បានថ្លែងក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍ ថា គណៈប្រតិភូ និងក្រុមការងារបច្ចេកទេសនានា មិនមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាមួយចំនួន នៅសេសសល់នោះទេ។
លោកបានលើកឡើងថា មានតែប្រមុខរដ្ឋទាំងពីររូបប៉ុណ្ណោះ ដែលមានអំណាចក្នុងការសម្រេចចិត្ត ដោយមានលក្ខណៈចងកាតព្វកិច្ច។ ជាមួយគ្នានេះ លោក ហ្សេលេនស្គី គាំទ្រឱ្យប្រទេសតួកគីយ៉េ ក្លាយជាទីតាំងសម្រាប់កិច្ចប្រជុំ ដោយលើកហេតុផលថា លោក Erdogan មានបណ្តាញទំនាក់ទំនងស្រាប់ជាមួយ លោក ពូទីន។
ប្រធានាធិបតីអ៊ុយក្រែនបានសង្កត់ធ្ងន់ថា ខ្លួនចង់ចរចាដោយផ្ទាល់ជាមួយ លោក ពូទីន ដោយសារមេដឹកនាំរុស្ស៊ីរូបនេះ គឺជាអ្នកសម្រេចចុងក្រោយលើបញ្ហាពាក់ព័ន្ធនានា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS លោក Yury Ushakov ជំនួយការម្នាក់នៅវិមានក្រឹមឡាំង បានលើកឡើងកាលពីថ្ងៃសៅរ៍ ថា លោក ពូទីន មិនដែលបដិសេធ ជួបសន្ទនាជាមួយ លោក ហ្សេលេនស្គី នោះទេ ហើយប្រសិនបើ លោក ហ្សេលេនស្គី ចង់ជួបសន្ទនាផ្ទាល់ជាមួយមេដឹកនាំរុស្ស៊ី លោកអាចធ្វើដំណើរទៅកាន់ទីក្រុងមូស្គូបាន។
កាលពីថ្ងៃសៅរ៍ លោក Erdogan ជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងអ៊ីស្តង់ប៊ុល។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ក្នុងសន្និសីទសារព័ត៌មានរួមមួយ លោក Erdogan ព្រមានថា ជម្លោះនៅអ៊ុយក្រែន កំពុងរាលដាលចូលទៅក្នុងសមុទ្រខ្មៅ។

លោកជំរុញឱ្យភាគីទាំងអស់ ប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវ ដោយបញ្ជាក់ថា៖ «ការបង្កើនភាពតានតឹង និងការកំណត់គោលដៅលើនាវាស៊ីវិល នឹងមិនផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ។ សន្តិភាពដ៏ត្រឹមត្រូវមួយ គឺគ្មានភាគីណាមួយចាញ់នោះទេ។ ការចរចាសន្តិភាពដំបូងៗ រៀបចំឡើងដោយប្រទេសតួកគី រវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បានបង្ហាញឱ្យឃើញថា វិធានការការទូត នៅតែអាចនាំមកនូវលទ្ធផលជាក់ស្តែង»។
ជាងបួនឆ្នាំបន្ទាប់ពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ គេសង្កេតឃើញថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតហាក់ដូចជា កំពុងទទួលបានសន្ទុះឡើងវិញ៕


