ករណីរឹត ក សម្លាប់ប្រពន្ធនៅស្រុកកៀនស្វាយ ជនដៃដល់ជាប្ដីរត់ចូលប៉ុស្ដិ៍ប៉ូលិសឲ្យសមត្ថកិច្ចឃាត់ខ្លួនក្រោយគេចខ្លួនបាន៨ថ្ងៃ
ជនដៃដល់ជាប្ដីដែលរឹត ក សម្លាប់ប្រពន្ធនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី២៥ ខែតុលា បានចូលខ្លួនសារភាពកំហុស និងប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយ នៅវេលាម៉ោង០៨យប់ថ្ងៃទី២វិច្ឆិកាយប់មិញនេះ ក្រោយពីជនដៃដល់រូបនេះព្យាយាមរត់គេចខ្លួនអស់រយៈ៨ថ្ងៃមក។

ជនដៃដល់មានឈ្មោះ អ៊ឹម អេង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ដែលជាកន្លែងកើតហេតុ។
ក្រោយពីចូលខ្លួនឲ្យសមត្ថកិច្ចឃាត់ខ្លួន ជនដៃដល់បានសារភាពថា មុនពេលកើតហេតុ ជនរងគ្រោះជាប្រពន្ធបានចេញទៅក្រៅផឹកស្រាស្រវឹងរួចត្រឡប់មកផ្ទះវិញ ហើយខ្លួនក៏សួររកទូរស័ព្ទដើម្បីយកទៅភ្ជាប់អេបរត់កង់បី រួចជនរងគ្រោះឆ្លើយថា បោះចោលបាត់ រួចក៏ចូលដេក។ ជនដៃដល់បន្ថែមថា ពេលនោះដោយខ្លួនជាប្ដីមានការប្រចណ្ឌខឹង ក៏យកខ្សែក្រណាត់ពណ៌ប្រផេះមានរុំកងដែក មករឹត ក ជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចជិះកង់បីគេចខ្លួន។

រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ម៉ោង២០និង០០នាទី ជនសង្ស័យបានចូលមកទីស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលកោះ ខណ្ឌច្បារអំពៅ ដើម្បីសារភាព រួចសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ធ្វើការសាកសួររួចប្រគល់ជនសង្ស័យជូនសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី។

សូមជម្រាបថា កាលពីវេលាម៉ោង០៥នឹង០៥នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ មានហេតុការណ៍ភ្ញាក់ផ្អើលដោយប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ ក្រោយពីចុះពិនិត្យនៅកន្លែងកើតហេតុ និងពិនិត្យលើសពជនរងគ្រោះ សមត្ថកិច្ចជំនាញសន្និដ្ឋានថា ជាករណីឃាតកម្ម រួចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្របៃណី និងស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីតាមចាប់ខ្លួនយកមកអនុវត្តតាមនីតិវិធីច្បាប់៕



