កម្ពុជារំពឹងថាកិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅឆ្នាំនេះមានលទ្ធផលលើសពីការចេញសេចក្ដីថ្លែងការណ៍
រដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា កម្ពុជាមានគោលដៅជំរុញឱ្យអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) មានសកម្មភាពលើសពីការចេញសេចក្ដីថ្លែងការណ៍ ដើម្បីបង្ខិតអង្គការនេះទៅជិតប្រជាជន ផ្ដល់សារៈសំខាន់ចំពោះបំណងប្រាថ្នារបស់យុវជន និងស្ដ្រី ព្រមទាំងពង្រឹងសមត្ថភាពឆ្លើយតបជាក់ស្ដែងទៅនឹងបញ្ហាដែលពិភពលោក និងសមាជិករបស់ខ្លួនកំពុងប្រឈម។

លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិដែលផ្សព្វផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា «គោលគំនិតរបស់យើងនឹងធ្វើឱ្យអង្គការហ្វ្រង់កូហ្វនីនេះនឹងក្លាយជាលំហមួយសម្រាប់ការសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋាភិបាលដែលមកពីទ្វីបទាំង៥»។
រដ្ឋមន្ត្រីការបរទេសបានបញ្ជាក់ផងដែរថា នេះក៏ជាឱកាសមាសមួយសម្រាប់កម្ពុជាណែនាំឱ្យអន្តរជាតិបានស្គាល់ និង«ស្វែងរកកិច្ចគាំទ្រផ្នែកការទូតចំពោះអ្វីដែលកម្ពុជាកំពុងប្រឈមទាក់ទងនិងសន្តិភាព អធិបតេយ្យភាពជាតិ»។
គួរឱ្យដឹងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី២០ នៃក្រុមប្រទេសនិយាយភាសាបារាំង ហ្ង្រង់កូហ្វូនី ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ដែលជាលើកទី១ក្នុងប្រវត្តិសាស្ត្រ។ មានភ្ញៀវដែលជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងប្រទេសចំនួន៧៩ ដែលនឹងមកចូលរួម។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ក្រោយកិច្ចប្រជុំនេះនឹងមានចេញឯកសារ៣ ដែលរួមមាន សេចក្ដីថ្លែងការណ៍ក្រុងភ្នំពេញ សេចក្ដីសម្រេចស្ដីពីវិបត្តិ ការចាកចេញពីវិបត្តិ និងការពង្រឹងសន្តិភាពរបស់តំបន់ប្រើប្រាស់ភាសាបារាំង និងការអំពាវនាវទីក្រុងភ្នំពេញស្ដីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកតម្កើងភាពចម្រុះនៃវប្បធម៌៕




