កម្ពុជា ដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធចំនួន ៧៥០តោន ដើម្បីការពារសុខភាពសាធារណៈ និងកម្មសិទ្ធិបញ្ញា
កណ្តាល៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហអធិបតីក្នុងកម្មវិធីដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធចំនួន ៧៥០តោន ដែលជាផលិតផលខុសច្បាប់ និងត្រូវបានសម្រេចឱ្យបំផ្លាញតាមសេចក្តីសម្រេចរបស់តុលាការ។
កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកណ្តាល ថ្នាក់ដឹកនាំសាលាជម្រះក្តី មន្ត្រីអនុវត្តច្បាប់ ព្រមទាំងតំណាងអង្គទូត និងភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ។
ការដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធចំនួន ៧៥០តោននេះ គឺជាការអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ ចំពោះផលិតផលខុសច្បាប់ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ ប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់កម្មសិទ្ធិបញ្ញា ព្រមទាំងប៉ះពាល់ដល់បរិយាកាសវិនិយោគនៅកម្ពុជា។
ការបំផ្លាញផលិតផលក្លែងក្លាយទាំងនេះ គឺជាវិធានការអនុវត្តច្បាប់ដ៏សំខាន់មួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ និងផលិតផលខុសច្បាប់ ដើម្បីធានាការការពារសិទ្ធិកម្មសិទ្ធិបញ្ញា ការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងលើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងទីផ្សារ។
ជាពិសេស វិធានការនេះមានគោលដៅការពារសុខភាព និងសុវត្ថិភាពសាធារណៈ ព្រមទាំងរួមចំណែកបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយទំនុកចិត្ត តម្លាភាព និងយុត្តិធម៌នៅកម្ពុជា៕


