ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងកាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា បណ្តាប្រទេសដែលព្យាយាមកាត់បន្ថយជំនួយដល់អ៊ុយក្រែន គឺចង់ឱ្យមានសន្តិភាពមួយ មិនយុត្តិធម៌ ហើយនេះជាកត្តា ដែលនឹងនាំឱ្យកើតមានសង្គ្រាមមួយផ្សេងទៀត។

បើតាមសារព័ត៌មាន AFP និង France 24, ក្នុងសេចក្តីថ្លែងការណ៍របស់មេដឹកនាំបារាំងរូបនេះ ត្រូវបានបង្ហោះលើបណ្តាញសង្គម ស្របពេលសហរដ្ឋអាមេរិក កំពុងសម្របសម្រួលកិច្ចចរចារវាងអ៊ុយក្រែន និងរុស្ស៊ី ក្នុងគោលបំណងបញ្ចប់សង្គ្រាម បន្ទាប់ពីទីក្រុងមូស្គូបានបើកការវាយប្រហារទ្រង់ទ្រាយធំ កាលពីឆ្នាំ ២០២២។
លោក Macron លើកឡើងថា៖ «អ្នកដែលចង់ដាក់កម្រិតជំនួយដល់អ៊ុយក្រែន តាមពិតទៅគឺចង់បង្ខំឱ្យមានសន្តិភាពមួយដែលមិនយុត្តិធម៌ សម្រាប់អ៊ុយក្រែន និងសម្រាប់ទ្វីបអឺរ៉ុបទាំងមូល។ នោះគឺជាស្មារតីនៃភាពបរាជ័យ។ នោះគឺជាមូលហេតុ នឹងនាំឱ្យមានសង្គ្រាមមួយទៀត ហើយនោះមិនអាចជាជំហររបស់ប្រទេសបារាំងឡើយ»។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ ថា ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យទីក្រុងកៀវប្រគល់ទឹកដីទៅឱ្យទីក្រុងមូស្គូ ជាថ្នូរនឹងការដែលអ៊ុយក្រែនអាចចូលរួមជាមួយអង្គការណាតូ។
កាលពីថ្ងៃព្រហស្បតិ៍ បេសកជនសហរដ្ឋអាមេរិក លោក Jared Kushner និង លោក Steve Witkoff បានជួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និង លោក ហ្សេលេនស្គី បន្ទាប់ពីការចរចារយៈពេលពីរថ្ងៃនៅទីក្រុង Abu Dhabi បញ្ចប់ទៅដោយមិនមានលទ្ធផលវិជ្ជមានអ្វីជាដុំកំភួន។
ទោះជាយ៉ាងណាក៏ដោយ ការចរចានេះបានឈានដល់កិច្ចព្រមព្រៀងមួយ អនុញ្ញាតឱ្យបណ្តាប្រទេសនៅអឺរ៉ុប ចូលរួមក្នុងការចរចានាពេលអនាគត ស្តីពីការបញ្ចប់សង្គ្រាម។
លោក Macron បន្ត៖ «អឺរ៉ុបត្រូវតែចូលរួមយ៉ាងពេញលេញ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំមកនូវសន្តិភាពដ៏យុត្តិធម៌ និងស្ថិតស្ថេរ នៅអ៊ុយក្រែន។ អ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន គឺពាក់ព័ន្ធដោយផ្ទាល់មកលើពួកយើង[…] ការជួយអ៊ុយក្រែនឱ្យការពារខ្លួនឯង គឺស្មើនឹងការការពារប្រទេសបារាំង និងប្រជាជនបារាំងផងដែរ។ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនត្រូវតែបង្ហាញឱ្យបានច្បាស់លាស់ រួមទាំងជូនដល់ប្រទេសរុស្ស៊ី អំពីចក្ខុវិស័យសម្រាប់ដំណាក់កាលក្រោយសង្គ្រាម ហើយយើងក៏ត្រូវបញ្ជាក់ឱ្យលម្អិតផងដែរថា តើយើងរំពឹងអ្វីខ្លះពីសហរដ្ឋអាមេរិក សម្រាប់សន្តិសុខរយៈពេលវែងរបស់អឺរ៉ុប»។
លោក Macron បន្ថែម៖ «លោក ពូទីន មិនមានបំណងចង់ចរចាឡើយ ហើយកំពុងព្យាយាមកម្ទេចអ៊ុយក្រែន តាមរយៈការបង្កើនការវាយប្រហារដោយដ្រូន និងមីស៊ីល ទៅលើប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពល ពេលរដូវរងា កំពុងឈានចូលមកដល់។ នេះមានន័យថា យើងត្រូវតែបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ និងជួយអ៊ុយក្រែនក្នុងការការពារប្រជាជន រួមទាំងរោងចក្រផលិតថាមពល និងបណ្តាញចែកចាយថាមពលរបស់ពួកគេផងដែរ»៕


