យោងតាមសារព័ត៌មានអាមេរិក Axios ដែលដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ សុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា នាវាផ្ទុកយន្តហោះ USS Theodore Roosevelt បានទៅដល់តំបន់មជ្ឈិមបូព៌ាហើយ កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ដែលធ្វើឱ្យចំនួនក្រុមនាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់នេះកើនឡើងដល់ ៣ក្រុម។
នាវាចម្បាំងប្រភេទ Nimitz នេះ បានចូលទៅក្នុងតំបន់ប្រយុទ្ធ របស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដោយបានត្រួតពិនិត្យប្រតិបត្តិការយោធានានា នៅទូទាំងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីចាកចេញពីប្រទេសសិង្ហបុរី កាលពីដើមខែវិច្ឆិកា និងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា ប្រទេសម៉ាឡេស៊ី។

នាវា USS Theodore Roosevelt ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន Northrop Grumman ក្នុងរដ្ឋ Virginia និងដាក់ឱ្យប្រើប្រាស់អស់រយៈពេល ៤០ឆ្នាំមកហើយនោះ គឺជាកប៉ាល់បញ្ជាការនៃក្រុមនាវាដឹកយន្តហោះចម្បាំងទី ៩ ដោយបានចាប់ផ្តើមបេសកកម្មបច្ចុប្បន្នរបស់ខ្លួន កាលពីថ្ងៃទី២៧ ខែកញ្ញា។
វត្តមានរបស់នាវានេះ គឺជាការបន្ថែមទៅលើនាវាដឹកយន្តហោះអាមេរិក ២ គ្រឿងផ្សេងទៀត ដែលកំពុងប្រតិបត្តិការជាចម្បងក្នុងសមុទ្រអារ៉ាប់។
នាវា USS George H.W. Bush បន្តស្ថិតនៅក្នុងតំបន់នេះ ក្រោមបេសកកម្មដែលមានការពន្យារពេល តាំងពីខែមេសាមក និងជាផ្នែកមួយនៃក្រុមនាវាដឹកយន្តហោះចម្បាំងទី១០។ ចំណែកឯនាវា USS George Washington ដែលជាធម្មតាឈរជើង នៅប្រទេសជប៉ុននោះ ក៏បានប្រតិបត្តិការនៅទីនោះដែរ ជាមួយក្រុមស្លាបយន្តហោះចម្បាំងទី ៥ តាំងពីខែសីហា មកម្ល៉េះ។
កាសែត The New York Times បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា នាវា USS Theodore Roosevelt ត្រូវបានរំពឹងថា នឹងទៅដល់តំបន់មជ្ឈិមបូព៌ាក្នុងរយៈពេលមួយថ្ងៃ។
នៅក្នុងការបង្ហោះមួយលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទ បញ្ជាការដ្ឋាន CENTCOM បានឱ្យដឹងថា៖ «នាវាផ្ទុកយន្តហោះ USS Theodore Roosevelt ឆ្លងកាត់មហាសមុទ្រឥណ្ឌា នៅថ្ងៃទី១៥ ខែវិច្ឆិកា។ នាវាផ្ទុកយន្តហោះនេះ កំពុងប្រតិបត្តិការក្នុងតំបន់ប្រយុទ្ធរបស់ CENTCOM ជាផ្នែកមួយនៃការដាក់ពង្រាយតាមកាលវិភាគ»។

ការកសាងកងទ័ពជើងទឹករបស់អាមេរិក កើតឡើង ចំពេលសង្គ្រាមអ៊ីរ៉ង់កំពុងបន្ត ក្រោយពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារ កាលពីចុងខែកុម្ភៈ ហើយកិច្ចចរចា តាមផ្លូវកាទូតនានា នៅតែជាប់គាំង។
ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកអនុប្រធានាធិបតី JD Vance ចេញពីកិច្ចចរចាសន្តិភាព ហើយប្រកាសលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ទីក្រុងវ៉ាស៊ីនតោន លែងត្រូវការកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទៀតហើយ។
ទោះបីជាមានវត្តមាននាវាផ្ទុកយន្តហោះដែលបានពង្រីកក៏ដោយ ថ្មីៗនេះ យោធាសហរដ្ឋអាមេរិកបានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ដែលចោទប្រកាន់ថា ខ្លួនកំពុងរៀបចំប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ឡើងវិញ ដោយបដិសេធការអះអាងអំពីការផ្លាស់ប្តូរទីតាំងកម្លាំងក្នុងតំបន់ថា ជា «ការស្មានសុទ្ធសាធ»៕


