កម្ពុជា និងឡាវ បន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ តាមរយៈកិច្ចប្រជុំទ្វេភាគីរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោកនាយឧត្តមសេនីយ៍ ខាំលៀង ឧថាក់កែសន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ។ គោលបំណងនៃកិច្ចប្រជុំ គឺផ្ដោតលើការពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ព្រមទាំងបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហការដែលមានស្រាប់ឱ្យកាន់តែស៊ីជម្រៅ។

គួរកត់សម្គាល់ថា មុនកិច្ចប្រជុំទ្វេភាគីនេះមួយថ្ងៃ គឺកាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ខាំលៀង ឧថាក់កែសន ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ សម្តេចតេជោ បានសម្តែងការស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការពារប្រទេសឡាវ ដោយចាត់ទុកថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ។
ក្នុងជំនួបជាមួយសម្ដេចតេជោនោះ លោក ខាំលៀង ឧថាក់កែសន បានរាយការណ៍អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងឡាវនាពេលកន្លងមក ពិសេសការចែករំលែកបទពិសោធ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ ព្រមទាំងការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំយោធានៃប្រទេសទាំងពីរ។

ភាគីឡាវ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដែលបានប្រព្រឹត្តទៅដោយភាពល្អប្រសើរ និងបានរួមចំណែកធានាឱ្យព្រំដែននៃប្រទេសទាំងពីរមានសន្តិភាព ស្ថិរភាព និងសន្តិសុខ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាននេះ។ សម្ដេចបានចាប់អារម្មណ៍លើការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងពីរ។

សម្តេចតេជោក៏បានជំរុញឱ្យភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់នេះ ជាពិសេសការរួមគ្នារក្សាសន្តិសុខតាមបណ្តោយព្រំដែន ដើម្បីធានាឱ្យព្រំដែនកម្ពុជា-ឡាវ បន្តជាព្រំដែនដែលមានសន្តិភាព ស្ថិរភាព និងសុវត្ថិភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕


