Detail Top Banner – Conway

នាយករដ្ឋមន្ត្រី​ណែនាំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​៥​ធ្វើ​ការ​រួម​គ្នា​ផ្សព្វផ្សាយ​ពី​ទម្រង់​សំលៀកបំពាក់​ប្រពៃណី​ជាតិ​ខ្មែរដល់​ប្រជាជន

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ណែ​នាំ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​៥​ឱ្យ​ធ្វើការ​រួម​គ្នា​ផ្សព្វផ្សាយ​អប់រំ ​ពី​ទម្រង់​នៃ​ការ​ស្លៀកពាក់​សំលៀក​បំពាក់​ប្រពៃណី​ខ្មែរ​ ឧបករណ៍​ភ្លេង​ប្រពៃណី​ដល់​សិស្សានុសិស្ស អ្នក​សំអាង​ការ អ្នក​សិល្បៈ និង​មន្ត្រី​រាជការ​ផង​ដែរ​។ សម្ដេច​ថា​ ពលរដ្ឋ​កម្ពុជា​ត្រូវ​យល់​ពី​សិល្បៈ​ ប្រពៃណី វប្បធម៌​ដូន​តា​របស់​ខ្លួន​។


លើក​ឡើង​ក្នុង​ពិធី​បើក​ពិព័ណ៌​ផលិត​ផល​ខ្មែរ លើក​ទី​៤ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៦​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា​ការ​មាន​ទឹក​ចិត្ត​ស្រលាញ់​សិល្បៈ​វប្បធម៌​គឺ​ជា​រឿង​ល្អ តែ​ការ​រៀបចំ​ខ្លួន​ឱ្យ​ត្រូវ​គឺ​រឹត​តែ​សំខាន់​ថែម​ទៀត​។ សម្ដេច​បាន​ណែ​នាំ​ដល់​រដ្ឋមន្ត្រី​វប្បធម៌ និង​វិចិត្រ​សិល្បៈ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​រដ្ឋមន្ត្រី​អប់រំ​ ត្រូវ​មាន​កិច្ច​សហការ​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ​ទៅ​ដល់​មហាជន​។

សម្ដេច​ថា​៖ «ត្រូវ​រួមគ្នា​ស្រាវជ្រាវ​ផ្សព្វផ្សាយ តាម​វគ្គ​នានា​ ដូចជា​វគ្គ​បណ្ដុះបណ្ដាល​។ ផ្នួង​ត្រូវ​បណ្ដុះបណ្ដាល​គាត់ ត្រូវ​ឱ្យ​គាត់​ឆ្លង​កាត់​(ការ​បណ្ដុះបណ្ដាល)​ដោយ​ Free ចុះ យើង​មិន​ទៅ​យក​លុយ​យក​អី​គាត់​ទេ​ តែ​ត្រូវ​ឱ្យ​គាត់​ចេះ​ដែរ​ត្រូវ​មាន​ឯកសារ​មួយ​ចំនួន​ឱ្យ​គាត់​ឧទាហរណ៍​ស្បៃ​​មាន​តែ​៧​ប្រភេទ ខ្ញុំ​សួរ​លោក​ជំទាវ ភឿង សកុណា ថា​ស្បៃ​ខ្មែរ​ពាក់​តែ​៧​ទម្រង់​ទេ​ ហេតុ​អ្វី​យើង​មិន​ធ្វើ​ឯកសារ​ឱ្យ​គាត់​ដឹង​?»​​

ជាមួយ​គ្នា​នេះ​សម្ដេច​បាន​ឱ្យ​ដឹង​ថា​សម្ដេច​បាន​ណែ​នាំ​ឱ្យ​រដ្ឋមន្ត្រី​អប់រំ​ដាក់​បញ្ចូល​ការ​សិក្សា​ពី​ឧបករណ៍​តន្ត្រី​ខ្មែរ​ និង​សំលៀកបំពាក់​ប្រពៃណី​ដល់​សិស្ស​ឱ្យ​បាន​យល់​ដឹង​ផង​ដែរ​។ ក្នុង​នោះ​សម្ដេច​នាយករដ្ឋមន្ត្រី​ក៏​ឱ្យ​រៀបចំ​អាគារ​នៅ​សាលា​រចនា​ជិត​សារមន្ទីរជាតិ​ឱ្យ​ធ្វើ​ជា​សារមន្ទីរ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ខ្មែរ​ដើម្បី​បង្ហាញ​ប្រពៃណី​វប្បធម៌​របស់​ខ្មែរ​ដល់​ប្រជាជន​ និង​ជន​បរទេស​។

MGC Asian Traditional Textiles Museum

សម្ដេច​ក៏​ណែ​នាំ​ដល់​មន្ត្រី​រាជការ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជ្រើសរើស​សំលៀក​បំពាក់​តំណាង​ជាតិ​ ដោយ​បារម្ភ​ពី​ការ​ចេញ​ទៅ​ចូលរួម​វេទិកា​អន្តរជាតិ​តែ​បែរ​ជា​ប្រើប្រាស់​សំលៀក​បំពាក់​ប្រពៃណី​តំណាង​ជាតិ​ផ្សេង​។

សម្ដេច​ថា​សំលៀក​បំពាក់​ប្រពៃណី​នេះ​ជា​អត្តសញ្ញាណ​របស់​ខ្មែរ ហើយ​បើ​ចង់​ការ​ពារ​ត្រូវ​តែ​មាន​ការ​យល់​ដឹង​ឱ្យ​បាន​ច្បាស់​លាស់​ពី​អ្វី​ជា​របស់​ខ្លួន​សិន​៕

ព័ត៌មានទាក់ទង
×
Popup Banner