Top Mobile Banner

ទស្សនាព្រះសក្យមុនីចេតិយនៅលើកំពូលភ្នំឧដុង្គ

ភ្នំឧ្គដុង្គគឺជារមណីយដ្ឋានប្រវត្តិសាស្ត្រនិងជាសម្បត្តិបេតិកភណ្ឌ័ជាតិដ៍អស្ចារ្យ ។ ភ្នំនេះ មានឈ្មោះបីគឺភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្ស។ ភ្នំឧ្គដុង្គជាអតីតរាជវាំងនៃក្រុងឧដុង្គ មានជ័យ នាសតវត្សទី១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ១៨៦៦) ហើយត្រូវបោះបង់ដោយព្រះបាទនរោត្តម នៅឆ្នាំ១៨៦៦ ដោយផ្លាស់មករាជធានីភ្នំពេញមកទល់សព្វថ្ងៃ។

ចំណុចពិសេសនៃ ភ្នំនេះមានរូបរាងវែងដូចសត្វមករ(នាគ)។ភ្នំនេះជាកន្លែងបញ្ចុះសពរបស់ព្រះរាជវង្សានុវង្សនិងជាកន្លែងដែលអតីតព្រះមហាក្សត្សរាជានុញ្ញាតិឱ្យសាងសង់វត្ត និង ព្រះវិហារទ្រង់ បានត្រាស់ឱ្យសាងសង់ព្រះចេតិយធំៗ និងមានចម្លាក់លំអរសំរាប់បញ្ចុះព្រះបរមអដ្ឋិ និងព្រះអដ្ឋិនៃព្រះរាជវង្សានុវង្ស។ ក្រៅពីចេតិយអតីតព្រះមហាក្សត្រ ក៍មានកន្លែងបូជនីយដ្ឋានជា ច្រើនកន្លែងទៀតដូចជាព្រះវិហារនៃវត្តព្រះធម៌កេរ្តិ ក្នុងនោះមានព្រះពុទ្ធប្បដិមាយ៉ាងធំ ក្រៃលែងខ្ពស់ដល់ដំបូលព្រះវិហារដែលមានកំពស់១៨ហត្ថ និង មានរឿងដំណាលបានកត់ត្រាក្នុងប្រវត្តិសាស្ត្រទាក់ទងនឹងព្រះពុទ្ធប្បដិមាដ៍ធំនេះដែរ។ នៅលើកំពូលភ្នំខ្ពស់ជ្រុងខាងជើងគឺជាព្រះសក្យមុនីចេតិយ មានក្បូរក្បាច់រចនាយ៉ាងស្រស់ស្អាតសំរាប់តម្កល់ព្រះ សារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើង អតីតព្រះមហាក្សត្រព្រះបរមកោដ្ឋបាន សព្វព្រះរាជហរទ័យយាងដង្ហែរព្រះចង្កូមកែវ ទៅតម្កល់ក្នុងព្រះសក្យមុនីចេតិយនៅលើ កំពូលភ្នំនេះកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០២ ដើម្បីពុទ្ធបរិស័ទគោរពបូជា។ ចំណែកផ្នែក ខាងក្រោមនៃព្រះសក្យមុនីចេតិយមានតំកល់ព្រះពុទ្ធប្បដិមាចំនួន៥៣៣៤អង្គ គង់លើបល្លង្គ យ៉ាងស្រស់ស្អាត។

ភ្នំឩដុង្គនេះស្ថិតនៅក្នុងឃុំផ្សារដែក និងឃុំបាត ស្រុកពញាឮ ខេត្តកណ្តាល ធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៥ ដែលមានចំងាយ៤០គីឡូម៉ែត្រនៅភាគពាយព្យនៃរាជធានីភ្នំពេញ ឆ្លងកាត់ស្ពានព្រែកព្នៅដ៏ស្រស់ស្អាត ព្រមទាំងទេសភាពដ៏ត្រកាល និងខ្យល់ត្រសៀកៗគួរជាទីមនោរម្យយើងបានបើកបរនៅលើផ្លូវក្រាលកៅស៊ូទូលាយល្មមដែលមិនសូវមានឡានម៉ូតូកកស្ទះដូចនៅរាជធានីភ្នំពេញឡើយ ហើយមានផ្ទះអ្នកស្រុកនៅហែរហមតាមផ្លូវ និងមានលក់ដូរខ្លះដូចជាលក់ពោតស្ងោរ បន្លែ និងផ្លែឈើនៅលើតូបតាមចិញ្ចើមផ្លូវយើងបានមើលឃើញទេសភាពវាយស្រែដ៏ស្រស់ត្រកាល និងឆ្នេរទន្លេដ៏វែងអន្លាយតាម​បណ្តោយផ្លូវជាតិមិនយូរប៉ុន្មានពួកយើងក៏មកដល់ក្លោងទ្វារនៃច្រកផ្លូវចូល ធ្វើពីស៊ីម៉ង់ត៌ដែលនៅខាងលើមានឆ្លាក់អក្សរពុម្ពរធំៗ គឺព្រះសក្យមុនីចេតិយ និងទង់ជាតិព្រះពុទ្ធសាសនាអមសងខាង ផ្លូវចូលទៅកាន់រម្យណីយដ្ឋានភ្នំព្រះរាជទ្រព្យប្រហែលជាង១គីឡូម៉ត្រទៀត នៅតាមផ្លូវលំនេះមានផ្ទះអ្នកស្រុកតិចតួចនៅបណ្តាក់គ្នានិងមានបឹងបួរទឹកថ្លាឆ្វង់ព្រមទាំងខ្យល់អាកាសដ៏បរិសុទ្ធ ព្រោះទីនោះមិនមានឡានម៉ូតូ ឬរោងចក្របំពុលបរិស្ថានឡើយ ។ មកដល់ជើងភ្នំព្រះរាជទ្រព្យមានថ្មមួយផ្ទាំងធំឆ្លាក់អក្សរថា ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាVIPASSANA DHURA BUDDHIST CENTRE OF KINGDOM OF CAMBODIA” យើងបានដើរឡើងតាមជណ្តើរថ្មដ៏ស្រស់ស្អាតឆ្ពោះទៅខាងលើ កំពូលភ្នំដល់ពាក់កណ្តាលឃើញមានអាស្រមមួយដែលមានព្រះពុទ្ធប្បដិមាសំរាប់អ្នកទស្សនាថ្វាយផ្កា ទាន ធូប ឩទ្ទិសបូជាដល់ព្រះសម្មាម្ពុទ្ធ និងប្រាថ្នាសុំសេចក្តីសុខ ។

IMG_0936

ឡើងជណ្តើរទៅខាងលើបន្តទៀតមកដល់ព្រះវិហារយ៉ាងធំទូលាយដែលមានព្រះពុទ្ធប្បដិមាយ៉ាងធំសម្បើមដែលកំរជួបប្រទះគឺព្រះវិហារ វត្តព្រះធម៌កេរ្តិលោកអាចារ្យមុតដែលកំពុងអង្គុយនៅខាងក្នុងព្រះវិហារជាមួយនឹងគម្ពីទស្សទាយពីជោគជតារាសីនៅខាងមុខ បានរៀប រាប់ពីដំណើររឿងថា អតីតព្រះមហាក្សត្របានបញ្ជាឱ្យកសាងវត្តនេះឡើង ឱ្យព្រះចៅ អធិការវត្តជាអ្នកថែរក្សាសម្បត្តិទ្រព្យនៅលើខ្នងភ្នំព្រះរាជទ្រព្យនេះដែលរួមមានចេតិយតូច និងចេតិយធំរបស់អតីតព្រះមហាក្សត្រជាដើម ចំណែកឯព្រៃឈើលោកមិនអាចថែរក្សាបាន ក៍បង្កើតមេព្រៃជាអ្នកថែរក្សាព្រៃឈើជំនួស អតីតព្រះមហាក្សត្រក៍បានបញ្ជាឱ្យសាងសង់ ស្រះទឹកទុកជាសម្បត្តិរបស់វត្តព្រះធម៌កេរ្តិ៍នេះដែរ ស្រះនេះនៅរក្សាមកទល់សព្វថ្ងៃ ចំណែក ឯព្រះវិហារនៃវត្តធម៌កេរ្តិនេះ គឺបានសាងសង់ដោយអតីតស្តេចចិន ដោយហេតុថាស្តេច ខ្មែរយើងមិនបានដឹងថានៅលើខ្នងភ្នំព្រះរាជទ្រព្យនេះ មានបារមីរូបសត្វនាគមករដែលជា បារមីមានមហិទ្ធរិទ្ធខ្លាំងក្លាក្រៃលែងបើសិននាគមករនេះងើបឡើងប្រទេសកម្ពុជានឹងក្លាយជាប្រទេសមហាអំណាចខ្លាំងក្លាលើសបណ្តាប្រទេសផ្សេងទៀត អតីតស្តេចចិនបានដឹង ដូចច្នេះក៍ត្រិះរិះថាតើត្រូវធ្វើដូចម្តេចកុំឱ្យប្រទេសខ្មែរមានអំណាចខ្លាំងក្លាលើសគេ ដោយ សង្កេតឃើញខ្មែរយើងកាន់ព្រះពុទ្ធសាសនា ចិនក៍បានបញ្ជាឱ្យនាម៉ឺនមកក្រាបសំពះសុំព្រះ មហាក្សត្រខ្មែរសាងសង់រូបព្រះពុទ្ធប្បដិមាដ៍ធំនេះឡើង ដើម្បីសន្ធប់គ្របពីលើរន្ធរបស់នាគ កុំឱ្យងើបរួច បន្ទាប់ពីសាងសង់ព្រះវិហារ និងរូបព្រះពុទ្ធប្បដិមាយ៉ាងធំនេះរួចរាល់ចិនក៍ប្រ គល់ជូនខ្មែរយើងវិញដើម្បីទុកជាទីសក្ការៈបូជាក្រោយមកទៀតទើបស្តេចខ្មែរបានដឹងពីរឿងនេះ ប៉ុន្តែមិនអាចធ្វើអ្វីកើតព្រោះរូបព្រះសម្មាសម្ពុទ្ធមិនអាចប៉ះពាល់បាននោះឡើយ កុំថា ឡើយធំស្កឹមស្កៃដូចនេះ ទោះបីជារូបតូចប៉ុនធូបដែលបានឆ្លាក់ជាតួអង្គព្រះសម្មាសម្ពុទ្ធជា ម្ចាស់ហើយ មិនអាចរំលាយបានទេ បើរំលាយដូចពាក្យស្លោកថាប្រមាថម្តាយរំលាយព្រះ មានទោសធ្ងន់ធ្ងរណាស់ទើបមិនហ៊ានប៉ះពាល់មកទល់សព្វថ្ងៃនេះ។ លោកតាអាចារ្យបានមានប្រសាសន៍បន្តថាមានថ្ងៃមួយមានគ្រួសារមួយបានយករូបសំណាកនាគរាជមកផ្ញើលោកតា ព្រោះសត្វនាគនោះបាន ពន្យល់សប្តិគ្រួសារនោះឱ្យនាំយករូបសំណាករបស់ខ្លួនមកកាន់ កន្លែងដើមវិញ។ លុះក្រោយមកគ្រួសារនោះក៍បាននាំយករូបនាគមកផ្ញើរលោកតាព្រោះពួក គេយល់ថាទីកន្លែងនេះសាកសមបំផុត ហើយលោកតាក៍បានរក្សាទុកមកទល់សព្វថ្ងៃនេះ ដោយចាក់សោរទុកត្រឹមត្រូវ ទោះបីមានលោកសង្ឃឬអ្នកណាម្នាក់ចង់បានរូបនាគនោះ ដោយឱ្យលុយប៉ន្មានក៍លោកតាមិនលក់ដាច់ខាត។

IMG_0943

យោងតាមឯកសារស្តីពី ស៉វតាវត្ត អដ្ឋរស្ស ដ៉ែលអ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តមសុខានារី បានរៀបរៀងទុកមានខ្លឹមសារ សង្ខេបថា នៅអំឡុងសតវត្សរ៍ទី១៣នៃ គ្រឹស្តសករាជព្រះចៅក្រុងចិនបានចាត់ឱ្យបេសកជន ជាច្រើនក្រុមឱ្យមកចូលទស្សនកិច្ច និង សិក្សាដកបទពិសោធន៍អំពីអរិយធម៌របស់ប្រទេស ជិតខាង ក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ។ នៅឆ្នាំ១២៩៥ មានបេសកជនចិនម្នាក់ ឈ្មោះជីវតាក្ខាន់បានចូលមកកត់ត្រាអំពីទំនៀមទំលាប់ និងវប្បធម៌របស់ជនជាតិខ្មែរនៅ សម័យអង្គរ។ បន្ទាប់មកក៍បានទូលថ្វាយទៅស្តេចចិនវិញថាប្រទេសខ្មែរជាប្រទេសថ្កុំថ្កើង រុងរឿងមានឬទ្ធានុភាព មិនយូរប៉ុន្មានខ្មែរ មុខជាប្រសព្វនឹងសេចក្តីថ្កុំថ្កើង រុងរឿងឡើងវិញ លើសដើមយ៉ាងអស្ចារ្យ។ ពីព្រោះ បេសកជនចិនបានសម្គាល់ឃើញតាមក្បួនចិនសែ ដែលទស្សទាយអំពីចំណុចនៃភ្នំព្រះរាជ ទ្រព្យក្នុងស្រុកឧដុង្គ នូវទម្រង់ភ្នំដូចសត្វមករ ដែលមានតួខ្លួននៅត្រង់ចេតិយស្ថានត្រៃត្រឹង ក្បាលនិងពុកមាត់នៅត្រង់ចេតិយទន្ទឹម រីឯកន្ទុយនៅត្រង់ព្រះពុទ្ធប្បដិមាចូលនិព្វាន។ នៅ លើកំពូលភ្នំមានរូងមួយធំជ្រៅស្រឡូង ចុះក្រោមដែលបេសកជនចិនយល់ថា មិនយូរប៉ុន្មានសត្វមករ នឹងកម្រើកចេញតាមរូងនេះ ហើយក្បួនចិនសែថា ពេលសត្វនេះផុសឡើងកាលណា ប្រទេសខ្មែរនឹងមានអំណាចខ្លាំងក្លានិងថ្កុំថ្កើងរុងរឿងអស្ចារ្យពុំមានប្រទេសណាប្រៀបស្មើបាន។ ការព្យាករណ៍របស់ចិនសែ នេះបណ្តាលឱ្យនាម៉ឺននិងស្តេចចិនមិនសប្បាយចិត្តក៍រកមធ្យោបាយសន្ធប់រន្ធឱ្យជិតកុំឱ្យ សត្វមករ​ផុសឡើងកណ្តាលខ្នងភ្នំ។ ពយកចិនគិតទៀតថា​ មានតែសង់វិហារតម្កល់ព្រះពុទ្ធ ប្បដិមាឱ្យធំនៅទីនោះព្រោះប្រជាជនខ្មែរ ជាអ្នកកាន់ពុទ្ធសាសនាមិនអាចគាស់រំលាយព្រះ ពុទ្ធប្បដិមានោះឡើយ។ ដូចនេះទើបស្តេចចិនបញ្ជាឱ្យគេសាងសង់ព្រះពុទ្ធប្បដិមាកំពស់ ១៨ហត្ថជាមុនសិនរួចទើបសង់ព្រះវិហារជាក្រោយ ដោយបែរមុខព្រះពុទ្ធប្បដិមាទៅទិស ខាងជើងតំរង់ទៅស្រុកចិន។ ចាកចេញពីព្រះវិហារនៃវត្តធម៌កេរ្តិបន្តទៀតគឺជាកន្លែង សក្ការៈនានាសំរាប់បូជាទានធូបផ្កាភ្ញីមានដូចជាទីសក្ការៈរបស់ព្រះអង្គប្រោសសត្វ ព្រះអង្គខ្មៅ ព្រះគោព្រះកែវ ព្រះអង្គប្រក់នាគ និង លោកតាដំបងដែកដែលល្បីថាពូកែ សក្ត័សិទ្ធណាស់។ ព្រះសក្យមុនីចេតិយបានសាងសង់ឡើងយ៉ាងប្រណិតស្ថិតនៅលើកំពូល ភ្នំខ្ពស់ជាងគេនៅផ្នែកខាងជើង មានកំពស់៤០មែត្រ បានបញ្ចុះបឋមសិលានៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៩៦ ជាទីកន្លែងតំកល់ព្រះសារីរិកធាតុ របស់ព្រះសម្មាសម្ពុទ្ធ។ មនុស្សគ្រប់ រូបដែលមកដល់បិរវេណនេះតំរូវឱ្យដោះស្បែកជើង និងដោះមួកចេញដោយដើរទស្សនា ជើងទទេរ ហើយផ្នែកខាងក្រោមព្រះសក្យមុនីចេតិយ ពុទ្ធបរិស័ទគ្រប់ទិសទីបាននាំគ្នាជាវ ព្រះពុទ្ធរូបមកតំកល់ទុកទីនេះចំនួន៥៣៣៤អង្គ នេះបើតាមស្ថិតិរបស់ក្រសួងវប្បធម៌។ នៅ ទីកន្លែងផ្សេងមិនធ្លាប់មានតម្កល់ព្រះពុទ្ធប្បដិមាយ៉ាង ច្រើនបែបនេះឡើយ ព្រះពុទ្ធប្បដិមា និមួយៗបានរៀបចំឡើងយ៉ាងមានសណ្តាប់ធ្នាប់ ក្រោមពន្លឺភ្លើងភ្លឺចែងចាំងដ៍ស្រស់ស្អាតគួរ ជាទីជ្រះថ្លាក្រៃលែង។ ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកទស្សនានៅទីនេះមានសេចក្តី សោមនស្សរីករាយទាំងគ្រហស្ថរួមទាំងព្រះសង្ឃបានមកគោរពថ្វាយទានធូបផ្កាភ្ញីបូជាថ្វាយព្រះជាហូរហែរជាពិសេសនៅថ្ងៃសំរាក។ ជារៀងរាល់ឆ្នាំពុទ្ធបរិស័ទឆ្ងាយជិតបានប្រារឰពិធី បុណ្យសំខាន់ៗក្នុងព្រះពុទ្ធសាសនាដូចជាបុណ្យពិសាខបូជា បុណ្យមាឃបូជា និងពិធីដង្ហែរ អង្គកឋិនទានមកកាន់វត្តនេះ សូត្រធម៌នមស្កាព្រះរតនត្រ័យព្រមទាំងសម្តែងធម៌ទេសនា ដោយលោកគ្រូអគ្គបណ្ឌិតប៊ុតសាវង្ស នៅលើកំពូលភ្នំព្រះរាជទ្រព្យនៃបរិវេណព្រះសក្យមុនី ចេតិយនេះ។ នៅខាងឆ្វេងដៃក្បែរព្រះសក្យមុនីចេតិយ មានចេតិយធំៗចំនួនពីរនៅក្បែរគ្នា ចេតិយខាងជើងមានឆ្លាក់រូបដំរីដែលគេហៅថា ចេតិយសាមពាន់កសាងឡើងក្នុងគ្រិស្ត សករាជ១៦២៣ ដោយព្រះបាទជ័យជេដ្ឋា ដើម្បីបញ្ចុះព្រះបរមអដ្ឋិនៃព្រះបាទស្រីសុរិយោ ពណ៌ ជាព្រះរាជបិតា ចេតិយខាងត្បូងជាប់គ្នានោះកសាងឡើងក្នុងគ្រិស្តសករាជ១៨៩១ ដោយព្រះបាទសម្តេចព្រះ នរោត្តម ដើម្បីបញ្ចុះព្រះបរមអដ្ឋិនៃព្រះបាទអង្គឌួង ជាព្រះរាជ បិតា បើឡើងតាមជណ្តើខាងត្បូងឃើញមានចេតិយធំមួយ គឺជាចេតិយរបស់សម្តេច ព្រះបាទស៊ីសុវត្ថិមុនីវង្ស ដែលមានក្បាច់រចនាស្អាតបាត ចំណែកឯចេតិយធំទាំងបីដែលស្ថិត នៅលើភ្នំជ្រុងខាងជើង ត្រូវបានហៅថា ចេតិយត្រៃត្រិង្ស

ចុះពីលើភ្នំទៅខាងក្រោម មានទីធ្លាធំទូលាយមានលក់ម្ហូបអាហាច្រើនស្កេះស្កះ និងវត្ថុអនុស្សាវរីយ៌មួយចំនួន និងមានតូបជាច្រើនសំរាប់អង្គុយលេងកំសាន្ត និងញាំអាហារជាលក្ខណៈគ្រួសារ និងស្រូបយកខ្យល់អាកាសបរិសុទ្ធយ៉ាងសប្បាយរីករាយ ៕ ពិន ពិទូ

 

ព័ត៌មានទាក់ទង