Top Mobile Banner

វិចារណកថា វេទិកា ហ៊ុន សែន ជួបជាមួយសាធារណជន

pin-samkhon

វេទិកា ហ៊ុន សែន ជានាយករដ្ឋមន្ត្រីខ្មែរ ជួបជាមួយសាធារណជន ជាពិសេសជួបជាមួយសកម្មជនស្តីអំពីកិច្ចកាពារបរិដ្ឋានធម្មជាតិ កាលពីថ្ងៃចន្ទទី២២សីហាកន្លងទៅ គឺជារូបភាពនយោបាយថ្មីមួយ មិនដែលមានពីមុនមកទេ។ គេគួរតែឃើញរដ្ឋាភិបាល ធ្វើកិច្ចប្រជុំស្តាប់យោបល់ពលរដ្ឋរបៀបនេះឱ្យបានច្រើនដង យោងតាមស្ថានភាពជាប្រទេសប្រជាធិបតេយ្យ នឹងយោងតាមទំហ៊ំនៃរយពេលដ៏យូរលង់ នៃការគ្រប់គ្រងរបស់លោក ហ៊ុន សែន នៅលើកម្ពុជា។

តាមពិតទៅ លោក ហ៊ុន សែន មុននឹងបានជួបវេទិការសាធារណមួយនេះ ក៏បានជួបសកម្មជនបរិដ្ឋានដដែលទាំងនោះ ស្ទើររាល់ថ្ងៃ ធ្លាប់ឰការទិទានទាំងឡាយលើទំព័រ‹ហ្វេសប៊ុក›របស់លោក ធ្លាប់ទាំងឆ្លើយតបធ្វើអត្ថាធីប្បាយតាមកញ្ចក់ទូទស្សន៍ នឹងធ្លាប់ចាត់វិធានការយ៉ាងតឺងតែងលើសកម្មជនខ្លះទៀតផង – ហើយភាពតឹងតែងដែលរដ្ឋាភិបាលធ្លាប់តែអនុវត្តន៍លើកម្មជនបរិដ្ឋានច្រើនឆ្នាំមកហើយនោះ ក៏បានធ្វើឱ្យអ្នកទាំងនោះក្លាយជាវិរនារី ឬវិរបុរស នារី‹ហ្វេសប៊ុក›រួចទៅហើយ។

ចុះហេតុអ្វីក៏មានកិច្ចប្រជុំថ្ងៃ២២នោះ?

តាមពិតទៅ គឺគ្រាន់តែជាកិច្ចប្រជុំនៃវិរនារីនឹងវិរបុរស‹ហ្វេសប៊ុក› រាប់ទាំងលោក ហ៊ុន សែន ផងមិនដែលបានជួបគ្នាផ្ទាល់ ជាសាធារណ តែប៉ុណ្នោះ។

គេបានសង្កេតឃើញថា ការប្រើអំណាចរដ្ឋបាលមូលដ្ឋាន ឬប្រើហឹង្សា លែងធ្វើឱ្យនរណាខ្លាចជាប់គុក ឬខ្លាចទទួលទារុណកម្ម ទៀតហើយ ។

ឥឡូវឱកាសបោះឆ្នោតក៏ជិតមកដល់ហើយ កិច្ចប្រជុំរបស់លោក ហ៊ុន សែន នេះគឺការបង្ហាញភាពបន្ទន់ឥរិយាបទរបស់រដ្ឋាភិបាល នៅពេលមុនបោះឆ្នោត ពីព្រោះប្រជាប្រីយភាពនៃការដឹកនាំរបស់គណបក្សប្រជាជន ក្នុងវិស័យកាពារសម្បត្តធម្មជាតិ ក្រោមមគ្គុទេសរបស់លោក ហ៊ុន សែន បានធ្លាក់ចុះដល់កំរឹតសូន្យ ទៅហើយ។

ការបន្ទន់ឥរិយាបទនេះ វាមិនស៊ីចង្វាក់គ្នាសោះនឹងទង្វើអតីតកាលសោះ ដូច្នេះលោកហ៊ុន សែន ត្រូវឆ្លៀតឱកាសបង្វែរទស្សនៈដែលថា‹ក្រុមមិត្តភក្ត្ររដ្ឋាភិបាលជាជនឧក្រឹដ្ឋលើការបំផ្លាញបរិដ្ឋាន› ឱ្យទៅជា‹រដ្ឋាភិបាលជាមិត្តរួមគំនិតរបស់វិរនារី នឹងវិរបុរសបរិដ្ឋាន›ទៅវិញ។

តើទង្វើនេះនឹងបានលទ្ធផលរបៀបណា?

១-អ្នកវិភាគជាច្រើន រួមទាំងពលរដ្ឋផង យល់ថាជា‹ទង្វើដ៏ប្រសើរ› ដែលគួរតែបន្តរធ្វើនៅថ្ងៃមុខ ក្រែងលោក ហ៊ុន សែន ធ្វើការផ្លាស់ប្តូរនយោបាយរបស់រដ្ឋាភិបាល ដែលមកទល់ថ្ងៃនេះ បានទទួលរងការរិះគន់យ៉ាងដំណំ។

២-តើគួរជឿលើបំណងល្អរបស់រដ្ឋាភិបាល បានដែរឬទេ? ‹ជំនឿ›គឺជាអារម្មណ៍ល្អដែលគេត្រូវសន្សំ‹សកម្មភាពឱ្យស្របនឹងគោលបំណងល្អក្នុងរយៈពេលយូរ› បើធ្វើរបៀបនេះបានច្រើនឆ្នាំ ហើយសេចក្តីប្រាថ្នានៅតែមុតមាំ ទើបគេប្តើមមានជំនឿលើបុគ្គលដែលសកម្មនោះ។

៣-គេទើបតែឮថា លោក ហ៊ុន សែន មានបំណងល្អតែលើបរិដ្ឋាន តែមួយមុខ នៅមិនគ្រប់គ្រាន់ទេ លោក ហ៊ុន សែន បានបង្ហាញពីជំនាញលើការប្រើ‹ផលនឹងអនុផលព្រៃឈើ› នៅលើ‹ការប្តូរសេដ្ឋកិច្ចដែលបំរើជិវភាពពលរដ្ឋក្រីក្រ›ដើម្បីកាត់បន្ថយការបំផ្លាញបរិដ្ឋាន …។ល។ ដូច្នេះ បើនៅលើវិស័យនយោបាយទាំងមូល ដែលប្រជាពលរដ្ឋរងសម្ពាតរាល់ថ្ងៃវិញ  គឺប្រជាពលរដ្ឋ ត្រូវ‹វិភាគដើម្បីជឿ›ថាបំណងល្អទាំងឡាយ របស់លោក ហ៊ុន សែន មានភាពស៊ីចង្វាក់គ្នា ត្រឹមត្រូវដែរឬអត់?… បើមិនស៊ីគ្នានៅឡើយទេ លោក ហ៊ុន សែន ត្រូវប្រើពេលច្រើនទៀត សម្រាប់ព្យាយាមពន្យល់ ដូចជាករណី លោក‹មានអារម្មណ៍មិនល្អ›នៅពេលដែលមាន‹ការទិទានដល់ក្រុមគ្រួសារលោក› តែលោកបែរជា‹ធ្វើទុក្ខបុកម្នេញ›ក្រុមគ្រួសារលោក កឹម សុខា ទៅវិញ តើលោកនឹងពន្យល់សាធារណជន នូវភាពមិនស្របគ្នានេះយ៉ាងណា? ដើម្បីឱ្យគេយល់ ហើយគេជឿបាន?។

‹សកម្មភាពត្រឹមត្រូវស្របនឹងគំនិតល្អ›ដែលលោកនាយករដ្ឋមន្ត្រីបាន‹រកឃើញយន្តការណ៍›ពេលនេះ ប្រជាពលរដ្ឋនឹងសកម្មជន ទទួលអបអរយកបានភ្លាម។ អ្នកដែលបានចូលរួមវេទិការ ក៏បានសម្តែងភាពយុត្តិធម៌ជូននាយករដ្ឋមន្ត្រីវិញដែរ នៅចំពោះមុខអង្គទូតនឹងអ្នកសារពត៌មាន ដោយមានសសើរពីសកម្មភាពខ្លះ នឹងបន្តរទិទានខ្លះ ព្រមទាំងមានសំណូមពរ នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ប្រកបដោយភាពថ្លៃថ្នូរ មិនដូចគ្នានឹងសម្តីនៅក្នុង‹ហ្វេសប៊ុក›ទេ។

នៅក្នុងប្រទេសប្រជាធិបតេយ្យ ការធ្វើអំពើល្អណាមួយ របស់អ្នកនយោបាយ គឺសំដៅទៅរកការបំរើប្រយោជន៍សង្គម បំរើប្រយោជន៍ពលរដ្ឋ្ យ៉ាងព្យាយាម ហើយនៅចុងអាណត្តិនិមួយៗ ប្រជាពលរដ្ឋគេឱ្យរង្វាន់ ដោយបោះឆ្នោតបន្តរអាណត្តិឱ្យធ្វើការជូនជាតិតទៅទៀត ឬក៏ដាក់ទណ្ឌកម្ម ប្តូរមនុស្សអ្នកធ្វើការចេញតែម្តង។ ប្រសិនបើ‹ធ្វើអំពើល្អតែម្តងម្កាល›ទេនោះដូចជា‹សម្រាប់តែឱ្យពលរដ្ឋបោះឆ្នោតឱ្យ›តែប៉ុណ្ណោះទេនោះវានឹងបានលទ្ធផលផ្ទុយពីវត្ថុបំណងខ្លួន ជាមិនខាន។

បន្ទាប់ពីកិច្ចប្រជុំនេះ លោក ហ៊ុន សែន អាចកែរលំអទំព័រ‹ហ្វេសប៊ុក›ដែលនិយាយពីនយោបាយលោកនោះ បានខ្លះ នឹងបានមួយរយៈ ប្រសិនបើការសន្យារបស់លោកដែលថា‹នឹងមានការកែទម្រង់នយោបាយបរិដ្ឋាន› មានភាពប្រាកដនិយម។ តែបើអ្វីដែលនិយាយ មិនស្របនឹងទង្វើរបស់ខ្លួនទេនោះ ប្រជាពលរដ្ឋនឹងដកសេចក្តីទុកចិត្តវិញ ក៏ឆាប់រហ័សណាស់ដែរ។

ព័ត៌មានទាក់ទង