ដោយ យាង សុជាមេត្តា
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) សម្ដែងការមិនយល់ស្របជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រៀបធៀបពីការបង្ក្រាបបាតុកម្មនៅសហរដ្ឋអាមេរិក ទៅនឹងការបង្ក្រាបនៅកម្ពុជា។ ការមិនយល់ស្របនេះ ធ្វើឡើងតាមរយៈកាយវិការឆ្លើយតបទៅនឹងសម្ដីរបស់លោក ហ៊ុន សែន ដែលថ្លែងសុន្ទរកថានៅក្នុងពិធីសម្ពោធរោងចក្រថ្មីរបស់ក្រុមហ៊ុនកូកាកូឡា ឋិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី៥ ធ្នូ។
នៅក្នុងសុន្ទរកថារយៈពេលប្រមាណ ១ម៉ោង លោក ហ៊ុន សែន បានចំណាយពេលជិត ៣០នាទីនិយាយពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងពីការបង្ក្រាបបាតុកម្ម ក្រោយការបោះឆ្នោតនៅទីនោះ។
ក្នុងកាយវិការហាក់សម្ដែងឫកពាជាគ្រូបង្រៀនផ្នែកសេដ្ឋកិច្ច ផ្នែកវិទ្យាសាស្ត្រនយោបាយ សង្គម និងការទូតផងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរម្លឹកឡើងវិញពីការវិភាគរបស់លោកដែលថា លោក ដូណាល់ ត្រាំ (Donald Trump) នឹងជាប់ឆ្នោតជាប្រធានាធិបតីថ្មីសហរដ្ឋអាមេរិក។ លោក ហ៊ុន សែន ក៏យកឱកាសនេះនិយាយផ្លែផ្កាឌឺដងជាថ្មីទៅកាន់មនុស្សមួយចំនួន ដែលធ្លាប់រិះគន់លោក ដូណាល់ ត្រាំ និងគោលនយោបាយរបស់ប្រធានាធិបតីថ្មីរូបនេះ ក្នុងនោះគឺគេដឹងថាមានទាំងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផងដែរ។
ក្រៅពីរម្លឹកពីការគាំទ្ររបស់លោកដែលចង់ឲ្យលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត លោក ហ៊ុន សែន ក៏បានលើកឡើងពីបាតុកម្មនៅសហរដ្ឋអាមេរិកនៅក្រោយការបោះឆ្នោត។
លោក ហ៊ុន សែន មានប្រសាសន៍ថា អ្វីដែលធ្លាប់កើតឡើងនៅកម្ពុជា ពេលនេះបានកើតឡើងនៅសហរដ្ឋអាមេរិកហើយ ដែលនេះលោក ហ៊ុន សែន សំដៅទៅលើការធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក ក្រោយពីលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត។ មកដល់ចំណុចនេះ លោក ហ៊ុន សែន ថ្លែងថា បាតុកម្មជាច្រើន និងមានសភាពធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក បានផ្ទុះឡើងនៅក្រោយការបោះឆ្នោត តែប្រសាសន៍របស់លោក ហ៊ុន សែន ត្រង់នេះ ត្រូវបានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ ដែលកំពុងអង្គុយនៅលើវេទិកាស្តាប់លោក ហ៊ុន សែន និយាយនោះ លើកដៃធ្វើកាយវិការជាសញ្ញាឆ្លើយតបម្តងហើយម្តងទៀតថា បាតុកម្មនៅអាមេរិក គឺមិនមានលក្ខណៈធ្ងន់ធ្ងរដូចលោក ហ៊ុន សែន លើកឡើងនោះឡើយ។ កាយវិការនេះហើយ បានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីកម្ពុជា ដំឡើងសំឡេង និងទាមទារឲ្យលោក វីល្លៀម ហៃដ្ដ៍ ផ្តល់រូបភាព និងឯកសារនៃការបង្ក្រាបបាតុកម្មនៅសហរដ្ឋអាមេរិក ឲ្យលោក៖ «លើកនេះក្រោយការបោះឆ្នោត បាតុកម្មនៅអាមេរិកបានផ្ទុះឡើងច្រើនរាប់…មិនមែនតូចទេ លោកឯងថាតូចម៉េច? លោកឯងនិយាយថាតូច ហើយលោកឯងថាខ្ញុំធំ ឥឡូវបើលោកឯងថាតូច លោកឯងផ្តល់រូបថតឲ្យខ្ញុំបានទេ ព្រោះថ្ងៃមុនរឿងអីភ្នំពេញប៉ុស្តិ៍ គេយកមកប្រៀបធៀប នេះជារូបភាពបាតុកម្មនៅភ្នំពេញ ហើយនេះជារូបភាពបាតុកម្មនៅអាមេរិក។ រូបភាពបាតុកម្មនៅអាមេរិក គេដាក់ស្ត្រីម្នាក់ពាក់វ៉ែនតាខ្មៅដើរយ៉ាងសង្ហារក្នុងពេលព័ត៌មានផ្សាយយ៉ាងចំហអំពីការបង្ក្រាបយ៉ាងឃោរឃៅនៃប៉ូលិសអាមេរិក លើបាតុករ ចាប់រាប់ពាន់នាក់ ឯកឧត្តមថាតូច មិនកើតទេ មើលឯកឧត្តមជួយផ្តល់ឯកសារបានទេ? ខ្ញុំមានហើយ ប៉ុន្តែខ្ញុំចង់ដឹង ថាតើទូតអាមេរិក ដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងមាតាសិទ្ធិមនុស្ស ហ៊ានបញ្ចេញការពិត ឬអត់?»។
កន្លងទៅ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ជារឿយៗតែងរិះគន់ពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដូចជាការបង្ក្រាបលើបាតុកម្មអហិង្សារបស់ពលរដ្ឋ ការរំលោភបំពានដីធ្លី ការធ្វើបាបមន្ត្រីបក្សប្រឆាំង ឬការចាប់សកម្មជនការពារសិទ្ធិមនុស្សដាក់គុក ជាដើម។ ក្នុងឱកាសសម្ពោធរោងចក្រថ្មីរបស់ក្រុមហ៊ុនកូកាកូឡារបស់អាមេរិក នៅទីក្រុងភ្នំពេញនេះ លោក ហ៊ុន សែន បានណែនាំឲ្យលោក វីល្លៀម ហៃដ្ដ៍ កុំចាំមើលតែកំហុសរបស់កម្ពុជា គឺត្រូវមើលកំហុសរបស់សហរដ្ឋអាមេរិក ផង៖ «ប៉ុន្តែខ្ញុំសូមស្នើឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក កត់ត្រាឲ្យច្បាស់នូវសម្ដីអ្នកវិភាគ និងតំណាងសិទ្ធិមនុស្សមួយចំនួនដែលបាននិយាយជាមួយសារព័ត៌មានឲ្យច្បាស់ថា ការបង្ក្រាបនៅអាមេរិក គឺត្រឹមត្រូវ និងមិនរំលោភសិទ្ធិមនុស្ស បាន! កុំមានស្តង់ដារពីរឯកឧត្តម ហើយខ្ញុំសង្ឃឹមថា អ្វីដែលរាជរដ្ឋាភិបាលធ្វើកន្លងទៅអត់ខុសទេ ដើម្បីការពារសណ្ដាប់ធ្នាប់សម្រាប់ប្រទេសមួយ រាជរដ្ឋាភិបាលត្រូវតែធ្វើដូចនេះ។ អ៊ីចឹងបើអ្វីដែលបានកើតឡើងនៅអាមេរិក វាអត់ខុស នៅកម្ពុជា វាក៏អត់ខុសដូចគ្នា»។
ចំពោះការលើកឡើងដូចនេះរបស់លោក ហ៊ុន សែន អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) ឆ្លើយប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិក ឬអ៊ីមែល (Email) នៅរសៀលថ្ងៃទី៥ ធ្នូ ថា សហរដ្ឋអាមេរិកមានប្រវត្តិនៃបាតុកម្មតវ៉ាកើតមានជាយូរយារមកហើយ ហើយការតវ៉ារបស់ពលរដ្ឋ តែងត្រូវបានអនុគ្រោះ និងការពារដោយអាជ្ញាធរ។ លោកថា បណ្ដាញសារព័ត៌មានមានសេរីភាពក្នុងការរាយការណ៍ដោយចំហ ហើយប្រព័ន្ធតុលាការរបស់សហរដ្ឋអាមេរិក មានអំណាចពេញលេញប្រកបដោយឯករាជ្យក្នុងការដោះស្រាយលើការចោទប្រកាន់ចំពោះការអនុវត្តមិនត្រឹមត្រូវពីភាគីទាំងសងខាង គឺពីសំណាក់បាតុករ និងសមត្ថកិច្ច។
លោក ជេ រ៉ាម៉េន កត់សម្គាល់បន្ថែមថា បាតុកម្មក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិក មិនមានទ្រង់ទ្រាយធំឡើយ ហើយភាគច្រើនប្រព្រឹត្តទៅដោយអហិង្សា។ ទោះជាមានការចាប់ខ្លួនខ្លះ ប៉ុន្តែករណីនេះនឹងត្រូវដោះស្រាយទៅតាមនីតិវិធី។
គេនៅចាំបានថា នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ ការបង្ក្រាបរបស់សមត្ថកិច្ចទៅលើក្រុមបាតុករបក្សប្រឆាំង និងទៅលើកម្មករដូចជានៅក្បែរស្ពានអាកាសស្ទឹងមានជ័យ នៅមុខរោងចក្រ យ៉ាកជីន (Yak Jin) ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅលើកំណាត់ផ្លូវវ៉េងស្រេង ជាដើម បានធ្វើឲ្យពលរដ្ឋជាច្រើនបាត់បង់ជីវិត និងរងរបួស។ ប៉ុន្តែរហូតមកទល់ពេលនេះ សមត្ថកិច្ចមិនបានចាប់ខ្លួនជនដៃដល់ណាម្នាក់មកផ្ដន្ទាទោសឡើយ។
ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា សង្គមស៊ីវិលមិនគាំទ្រឡើយចំពោះការប្រើអំពើហិង្សា ឬការរំលោភសិទ្ធិមនុស្ស មិនថាការរំលោភសិទ្ធិមនុស្សនោះកើតឡើងនៅកម្ពុជា ឬនៅសហរដ្ឋអាមេរិក នោះទេ។ ប៉ុន្តែលោក អំ សំអាត កត់សម្គាល់ថា នៅសហរដ្ឋអាមេរិក និងនៅប្រទេសប្រជាធិបតេយ្យមួយចំនួនផ្សេងទៀត មុនរដ្ឋាភិបាលឈានដល់ការប្រើកម្លាំងទប់ស្កាត់ ឬបង្ក្រាប រដ្ឋាភិបាលព្យាយាមប្រើវិធីសាស្ត្រអហិង្សាជាមួយបាតុករជាមុនសិន ប៉ុន្តែបើឈានដល់ការប្រើកម្លាំងនោះ ក៏គេព្យាយាមកាត់បន្ថយនូវហានិភ័យ និងជៀសវាងការបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតរបស់បាតុករដែរ៖ «បើធៀបនឹងកម្ពុជា យើង យើងឃើញថាមិនបានប្រើលក្ខណៈបច្ចេកទេសឲ្យច្បាស់លាស់ទេ។ យើងឃើញថាចាប់ផ្ដើមត្រូវបង្ក្រាប អាជ្ញាធរបង្ក្រាប ហើយយើងអត់បានប្រើឲ្យអស់លទ្ធភាពចរចា បញ្ចៀសហានិភ័យ ហើយបើអាចបញ្ចៀសបាន គេអត់ប្រើប្រាស់អំពើហិង្សាទេ បើនិយាយគ្នាបានគេឲ្យធ្វើ»។
ចំណែកនាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ប្រាប់អាស៊ីសេរីថា នៅពេលសមត្ថកិច្ចសហរដ្ឋអាមេរិក ប្រើហិង្សាលើពលរដ្ឋខ្លួន យូមែន រ៉ៃត៍ វ៉ច្ឆ និងអង្គការអន្តរជាតិផ្សេងទៀត តែងថ្កោលទោសសមត្ថកិច្ច និងស្នើឲ្យមានការស៊ើបអង្កេត។ លោកថា យូមែន រ៉ៃត៍ វ៉ច្ឆ ធ្លាប់ស្នើឲ្យស៊ើបអង្កេតលើបទឧក្រិដ្ឋរបស់ប្រធានាធិបតីអាមេរិក រដ្ឋមន្ត្រីក្រសួងការពារជាតិ ឬរបស់ប្រធាន ស៊ី.អាយ.អេ (CIA) និងមន្ត្រីប៉ូលិសសហរដ្ឋអាមេរិក ជាដើម ហើយក៏ធ្លាប់ទាមទារឲ្យមន្ត្រីជាន់ខ្ពស់អាមេរិក ចុះចេញពីតំណែងទៀតផង។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា លោក ប្រ៊ែដ អាដាម យល់ថា លោក ហ៊ុន សែន ចាត់ទុក និងប្រើប្រាស់តុលាការ និងច្បាប់ជាឧបករណ៍សម្រាប់កេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន បក្ខពួក និងធ្វើបាបអ្នកដែលប្រឆាំងរូបគាត់។ សម្រាប់សហរដ្ឋអាមេរិក តុលាការ និងច្បាប់ គឺត្រូវបានប្រើប្រាស់ជាឧបករណ៍សម្រាប់បម្រើបុព្វហេតុយុត្តិធម៌៕
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធស្ថានីយអ្នកដំណើរថ្មី នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) បើកកិច្ចពិភាក្សាជាមួយអ្នកកាសែត នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីចែករំលែកបទពិសោធន៍ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់លោកទៅទីក្រុងហុងកុង ប្រទេសចិន។ RFA/Ou Banung RFA/Ou Banung