Top Mobile Banner

កម្ពុជា​ជាប់​លេខ​ជិត​ចុងប៉ូច​ខាង​នីតិរដ្ឋ តាម​ការ​ស្រាវជ្រាវអង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​ឆ្នាំ​២០២៤

ដោយ ឌឹ ខេមបូឌា ដេលី
ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ខ្សោយ​បំផុត​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១១ ដែល​ស្ថិត​ក្នុង​លេខ​រៀង​ទី​១៤១ ក្នុង​ចំណោម​ប្រទេស​ទាំង​១៤២ នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០២៤។
អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project (WJP))បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​ស្ដីពី​នីតិរដ្ឋ​នៃ​ប្រទេស​ទាំង ១៤២ នៅ​លើ​ពិភពលោក កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៤ នេះ​ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៤១ ចំណែក​ប្រទេស​ភូមា ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៣៨ ខណៈ​ប្រទេស​ហ្វីលីពីន ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៩៩ និង​ប្រទេស​វៀតណាម ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៨១។

ក្រៅពី​នេះ ប្រទេស​ថៃ ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៧៨ ខណៈ​ប្រទេស​ឥណ្ឌូនេស៊ី ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៦៨ ចំណែក​ប្រទេស​ម៉ាឡេស៊ី ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៥៥។

ដោយឡែក​ប្រទេស​សិង្ហបុរី មាន​នីតិរដ្ឋ​ល្អ​ជាងគេ គឺ​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៦ រីឯ​ប្រទេស​ឡាវ ប្រទេស​ទីម័រលេស និង​ប្រទេស​ប្រ៊ុយណេដារ៉ូសាឡាម មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​សេចក្តី​រាយការណ៍​នេះ​ទេ​សម្រាប់​ឆ្នាំ​២០២៤ នេះ។

ការ​កំណត់​នីតិរដ្ឋ​នៃ​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក គឺ​ផ្អែក​លើ​មូលដ្ឋាន​ពី​វិសាលភាព​នៃ​ការ​ប្រើ​អំណាច​ដោយ​មេដឹកនាំ​ប្រទេស​នីមួយៗ​ជុំវិញ​ការ​ធានា​នូវ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ ការ​អនុវត្ត​ច្បាប់​ផ្សេងៗ រួម​ទាំង​ការ​ធានា​នូវ​សេរីភាព​សារព័ត៌មាន​ផង​ដែរ។ ដទៃ​ពី​នេះ ក៏​វាស់វែង​ទៅ​លើ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ការ​បើក​ចំហ​សេរីភាព​ពី​រដ្ឋាភិបាល ការ​បើក​ចំហ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ការ​ធានា​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​កត្តា​មួយ​ចំនួន​ទៀត។

ចាប់តាំងពី​ឆ្នាំ​២០១៦ មក ប្រទេស​កម្ពុជា​តែង​រក្សា​តំណែង​ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទន់ខ្សោយ​ក្នុង​ចំណាត់ថ្នាក់​លេខ​២ នៅ​លើ​ពិភពលោក​រហូត​មក គ្រាន់តែ​ខុស​លេខ​រៀង​ទៅ​តាម​ចំនួន​ប្រទេស​ដែល​គម្រោង​យុត្តិធម៌​ពិភពលោក​បាន​កំណត់​ក្នុង​ការ​ស្រាវជ្រាវ​ទៅ​តាម​ឆ្នាំ​នីមួយៗ​ប៉ុណ្ណោះ។

ជាក់ស្តែង ឆ្នាំ​២០១៦ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១១២ ចំនួន ៣​ឆ្នាំ​ជា​បន្តបន្ទាប់​គ្នា ក្នុង​ចំណោម​ប្រទេស​១១៣។ ឆ្នាំ​២០១៩ ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១២៥ ក្នុង​ចំណោម​ប្រទេស​១២៦។ ឆ្នាំ​២០២០ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១២៧ ក្នុង​ចំណោម​ប្រទេស​១២៨។

នៅ​ឆ្នាំ​២០២១ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩។ ឆ្នាំ​២០២២ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៣៩ ក្នុង​ចំណោម​ប្រទេស​១៤០។ ដោយឡែក​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៤១ ចំនួន ២​ឆ្នាំ​ជាប់ៗ​គ្នា ក្នុង​ចំណោម​ប្រទេស​១៤២ ខណៈ​ប្រទេស​ដែល​មាន​ពិន្ទុ​ក្រោម​កម្ពុជា​រហូត​មក​នោះ គឺ​គ្មាន​ប្រទេស​ណា​ផ្សេង​ក្រៅពី​ប្រទេស​វេណេហ្ស៊ុយអេឡា នៅ​អាមេរិក​ខាងត្បូង​នោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៤ បែប​ឌឺដង​ថា លោក​សូម​អបអរ​សាទរ​កម្ពុជា​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១៤១ ដែល​មាន “នីតិរដ្ឋ​បាត​តារាង” ក្នុង​ចំណោម​ប្រទេស​ចំនួន ១៤២ សម្រាប់​ឆ្នាំ​២០២៤ នេះ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​ជាង ៤០​ឆ្នាំ​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ប្រើ​អំណាច​យោធា​ផ្ដាច់មុខ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​នានា​យ៉ាង​ធ្ងន់ធ្ងរ ដូចជា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​នីតិរដ្ឋ​របស់​កម្ពុជា​មិន​អាច​ចេញ​ផុត​ពី​បាត​តារាង​បែប​នេះ៕

ព័ត៌មានទាក់ទង