អតីតមេបក្សជំទាស់ ជំរុញឱ្យមានចលនាតស៊ូប្រឆាំង ដើម្បីផ្លាស់ប្ដូរការគ្រប់គ្រងនៃរបបត្រកូលហ៊ុន
ដោយ ឌឹ ខេមបូឌា ដេលី
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ជំរុញឱ្យមានការរៀបចំចលនាតស៊ូមួយដើម្បីផ្លាស់ប្ដូររដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន ដែលកំពុងដឹកនាំប្រទេសកម្ពុជាតាមរបបផ្ដាច់ការ ពុករលួយ និងក្បត់ជាតិខ្មែរ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ តុលា នេះថា ប្រជាពលរដ្ឋខ្មែរត្រូវតែផ្លាស់ប្ដូររបបផ្ដាច់ការ ពុករលួយ និងក្បត់ជាតិ ដែលកំពុងដឹកនាំដោយក្រុមគ្រួសារត្រកូលហ៊ុនរបស់លោក ហ៊ុន សែន ជាង ៤០ឆ្នាំមកនេះ។
លោកថា ចលនាតស៊ូនេះត្រូវតែបង្ខំឲ្យរបបដឹកនាំដែលកំពុងគ្រប់គ្រងដោយលោក ហ៊ុន សែន រៀបចំឱ្យមានការបោះឆ្នោតពិតប្រាកដ ត្រឹមត្រូវ ដោយមានការឃ្លាំមើលពីសហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ ជាដើម។
លោកបន្តថា ឱ្យតែមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ របបផ្ដាច់ការនឹងមិនអាចក្តោបក្តាប់អំណាចតទៅទៀតបានឡើយ គឺមានន័យថានឹងត្រូវធ្លាក់ពីតំណែងមួយរំពេច។
លោក សម រង្ស៊ី លើកឡើងថា ពលរដ្ឋខ្មែរគ្រប់គ្នាដែលស្រឡាញ់សេរីភាព និងយុត្តិធម៌ ត្រូវយល់ថារបបដែលកំពុងគ្រប់គ្រងដោយលោក ហ៊ុន សែន នឹងមិនរៀបចំឱ្យប្រទេសកម្ពុជាមានការបោះឆ្នោតមួយដែលប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បានទេ ដែលទង្វើបែបនេះគឺផ្ទុយពីខ្លឹមសារដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងស្រុង។
អតីតមេដឹកនាំប្រឆាំងរូបនេះអះអាងថា ពលរដ្ឋខ្មែរមិនត្រូវរង់ចាំការបោះឆ្នោតដែលរៀបចំដោយរដ្ឋអំណាចសព្វថ្ងៃនេះទេ ព្រោះថារាល់ការបោះឆ្នោតម្តងៗដែលរៀបចំដោយរបបលោក ហ៊ុន សែន សុទ្ធតែជាការបោះឆ្នោតក្លែងបន្លំ បំភ្លៃ និងរំលោភឆន្ទៈប្រជារាស្ត្រខ្មែរតែប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ តុលា នេះថា ប្រព័ន្ធដឹកនាំកុម្មុយនីស្តត្រកូលហ៊ុននៅប្រទេសកម្ពុជា គឺស្ថិតនៅក្រោមអំណាចផ្ដាច់ការអាជ្ញាទំនើងចិត្តរបស់បុគ្គលតែម្នាក់គត់ គឺលោក ហ៊ុន សែន។
លោកថា លោក ហ៊ុន សែន គឺជាមនុស្សដែលមានគោលការណ៍អាត្មានិយមដឹកនាំដើម្បីតែផលប្រយោជន៍អំណាចគ្រួសារហ៊ុនតែមួយមុខប៉ុណ្ណោះ ដោយមិនខ្វល់ពីគ្រោះមហន្តរាយចំពោះប្រទេសជាតិឡើយ។
លោក គឹម សុខ បញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីសព្វថ្ងៃនេះ គ្រាន់តែជាជំនួយការឲ្យលោក ហ៊ុន សែន ជាឪពុកប៉ុណ្ណោះ ដែលបង្ហាញឱ្យឃើញថា ការដឹកនាំនៅកម្ពុជាសព្វថ្ងៃនេះ គឺជាប្រព័ន្ធកុម្មុយនីស្តសុទ្ធសាធ ព្រោះអំណាចដឹកនាំទាំងស្រុងគឺត្រូវស្ថិតនៅក្រោមបុគ្គលតែម្នាក់ ដែលផ្ទុយពីខ្លឹមសារដែលមានចែងក្នុងរដ្ឋធម្មនុញ្ញយ៉ាងជាក់ច្បាស់។
ទាក់ទិននឹងបញ្ហានេះ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ក៏បានអះអាងកាលពីពេលថ្មីៗនេះដែរថា ដើម្បីឱ្យការតស៊ូរបស់ពលរដ្ឋខ្មែរដែលចង់បានប្រជាធិបតេយ្យលេចចេញជារូបរាងពិតប្រាកដ ទាល់តែមានក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជាមួយដែលជាតំណាងឆន្ទៈពលរដ្ឋខ្មែរទាំងមូល៕