ដកស្រង់ពី Cambodia Daily
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លើកឡើងថា ករណីចាប់ខ្លួនអតីតអ្នកឧកញ៉ា ហេងសិទ្ធី មិនមែនជាការអនុវត្តច្បាប់ចាប់អ្នកប្រព្រឹត្តខុសទេ គឺជាករណីពាលស៊ីពាលប៉ុណ្ណោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែនណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ មករា នេះថា ជារឿងអកុសលបំផុតដែលលោក ហេង សិទ្ធី ត្រូវបានចាប់ខ្លួន ហើយគ្រោងបញ្ជូនទៅប្រទេសកម្ពុជាដើម្បីកាត់ទោសទៅតាមច្បាប់នៃរដ្ឋាភិបាលត្រកូលហ៊ុន ស្របពេលដែលមនុស្សជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋដែលលោក ហេង សិទ្ធី បានទម្លាយ នៅតែគ្មានការស៊ើបអង្កេតពីរដ្ឋាភិបាលគ្រួសារមួយនេះ។
លោក ម៉ែន ណាត លើកឡើងថា ដើម្បីភាពយុត្តិធម៌ក្នុងរឿងនេះ ក្រៅពីការចាប់ខ្លួនលោក ហេង សិទ្ធី ដែលរងការចោទប្រកាន់ពីបទគំរាមកំហែងហែកកេរ្តិ៍ រដ្ឋាភិបាលក៏ត្រូវបើកការស៊ើបអង្កេតលើមន្ត្រីរបស់ខ្លួនដែលលោក ហេង សិទ្ធី បានទម្លាយផងដែរ ដូចជា លោក #សថេត លោក ស សុខា លោក #គួចចំរើន និងលោក សុខផល រួមទាំងមន្ត្រីនគរបាលព្រហ្មទណ្ឌ និងជាពិសេសអ្នកឧកញ៉ា ហ៊ុនតូ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះបញ្ជាក់ថា បើគ្រាន់តែចាប់ខ្លួនលោក ហេង សិទ្ធី ដើម្បីកាត់ទោសដោយគ្មានការស៊ើបអង្កេតលើអ្នកដែលលោក ហេង សិទ្ធី បានអះអាងថាជាអ្នកនៅពីក្រោយក្រុមឧក្រិដ្ឋជនទេនោះ រដ្ឋាភិបាលត្រកូលហ៊ុនអាចត្រឹមតែកម្ចាត់បន្លាចេញពីកែវភ្នែករបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែរបួសមួយនេះនឹងមិនអាចព្យាបាលជាសះស្បើយបានឡើយ។
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ អគ្គស្នងការនគរបាលជាតិ លោក ស ថេត អះអាងថាអតីតឧកញ៉ា ហេង សិទ្ធី ពិតជាត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី ប្រាកដមែន តែមិនទាន់ត្រូវបានបញ្ជូនទៅប្រទេសកម្ពុជាវិញទេ។
លោកថា ក្រសួងយុត្តិធម៌ និងក្រសួងការបរទេសកម្ពុជា កំពុងដំណើរការបំពេញបែបបទធ្វើបត្យាប័នទៅកាន់អគ្គព្រះរាជអាជ្ញានៃប្រទេសរុស្ស៊ី បន្ទាប់ពីរុស្ស៊ី តម្រូវឱ្យកម្ពុជាបំពេញបែបបទ និងឯកសារនានាដើម្បីបញ្ជូនខ្លួនអតីតឧកញ៉ារូបនេះទៅប្រទេសកម្ពុជាវិញ។
លោក ស ថេត បញ្ជាក់ថា រដ្ឋាភិបាលមិនទាន់កំណត់ពេលវេលាច្បាស់លាស់ណាមួយថានឹងត្រូវបញ្ជូនអតីតឧកញ៉ា ហេង សិទ្ធី ទៅកម្ពុជាក្នុងពេលណាមួយពិតប្រាកដនៅឡើយទេ ប៉ុន្តែសំណុំឯកសារពាក់ព័ន្ធដែលអគ្គព្រះរាជអាជ្ញារុស្ស៊ី ត្រូវការ ភាគីកម្ពុជាបានបញ្ជូនទៅអស់ហើយ គឺរង់ចាំតែការសម្រេចចុងក្រោយពីភាគីរុស្ស៊ី តែប៉ុណ្ណោះ។ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានប្រកាសស្ដីពីការប្រកាសមោឃភាពលិខិតឆ្លងដែនរបស់អតីតឧកញ៉ា ហេង សិទ្ធី បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអតីតឧកញ៉ារូបនេះកាលពីដើមខែធ្នូ ឆ្នាំ២០២៤ ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស៕