ភ្នំពេញ ៖ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ នៅល្ងាចថ្ងៃនេះបានឱ្យដឹងថា មន្ត្រី និងបុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព ព្រមទាំងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតីដដែល។
ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំនៅប្រទេសថៃ បានឱ្យដឹងថា កាលពីវេលាម៉ោង ១០ និង ០០ នាទីព្រឹកនៃថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ មានក្រុមបាតុករដែលហៅខ្លួនឯងថា«បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ»បានប្រមូលផ្តុំគ្នាចំនួ នប្រមាណ ២០០ នាក់នៅទីតាំងដងផ្លូវម្ខាងទៀតទល់មុខស្ថានទូតកម្ពុជា ដើម្បីធ្វើបាតុកម្មថ្លែងញត្តិ ទាមទារឱ្យកម្ពុជាគោរពអធិបតេយ្យជាតិថៃ។ ការប្រមូលផ្តុំបានប្រព្រឹត្តទៅដោយធម្មតា មានសណ្តាប់ធ្នាប់ និងរំសាយទៅវិញនៅវេលាម៉ោង ១១ និង ១៥ នាទីព្រឹកថ្ងៃដដែល។
ឯកឧត្ដមឯកអគ្គរាជទូតបញ្ជាក់បន្ថែមថា សមត្ថកិច្ចនគរបាលថៃបានដាក់កម្លាំងការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីបុគ្គលិករបស់ស្ថានទូតយ៉ាងហ្មត់ចត់ល្អប្រសើរ។ មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព ព្រមទាំងបាន និងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី។ ស្ថានទូតកំពុងបើកដំ ណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេសជាធម្មតា។
ការបញ្ជាក់របស់ឯកឧត្ដមឯកអគ្គរាជកម្ពុជាប្រចាំនៅប្រទេសថៃបែបនេះធ្វើឡើងបន្ទាប់ពីមានបងប្អូនជាច្រើនបានសម្តែងក្តីបារម្ភចំពោះមន្ត្រី បុគ្គលិក និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បន្ទាប់ពីទទួលបានដំណឹងអំពីការប្រមូលផ្តុំធ្វើបាតុកម្មរបស់បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ នៅមុខស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី៦ ខែមិថុនានេះ៕