Top Mobile Banner

ត្រាំ ប្រាប់អ៊ីស្រាអែល កុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ឲ្យសោះ

មន្ត្រីអាមេរិក២រូបដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ Reuters កាលពីថ្ងៃអាទិត្យទី១៥ខែមិថុនាឆ្នាំ២០២៥ថា ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានបដិសេធផែនការរបស់អ៊ីស្រាអែល ក្នុងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei ដោយប្រាប់ថា កុំធ្វើរឿងបែបនេះឲ្យសោះ បើមិនដូច្នោះទេនឹងមានរឿងធំ ជាក់ជាមិនខានឡើយ។

តាមការបញ្ជាក់ពីមន្ត្រីខាងលើ តាមពិតទៅលោក ត្រាំ បានប្រាប់ទៅលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ អំពីរឿងនេះតាំងតែពីអ៊ីស្រាអែល បើកការវាយប្រហារដំបូងលើអ៊ីរ៉ង់នៅថ្ងៃសុក្រមកម្ល៉េះ។ អាមេរិកបានទាក់ទងជាមួយអ៊ីស្រាអែលរហូត ក្នុងអំឡុងពេលផ្ទុះការវាយប្រហារនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក នេតាន់យ៉ាហ៊ូ មិនបញ្ជាក់អ្វីឡើយជុំវិញរឿងដែលថាលោកត្រាំ រារាំងគាត់មិនឲ្យធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ ប៉ុន្តែបានបង្ហើបថា «ខ្ញុំអាចនិយាយបានថា អ៊ីស្រាអែលនឹងធ្វើរឿងដែលត្រូវធ្វើ ហើយខ្ញុំគិតថា អាមេរិកក៏ដឹងដែរថាអ្វីដែលគួរនិងមិនគួរ»។

ដ្បិតលោកត្រាំ ចេញមុខបញ្ជាក់រួចហើយថា អាមេរិកមិនបានចូលជាមួយអ៊ីស្រាអែល ក្នុងការវាយប្រហារលើអ៊ីរ៉ង់ក៏ពិតមែន ប៉ុន្តែប្រមុខសេតវិមាននិយាយច្បាស់ៗថា ខ្លួននឹងការពារអ៊ីស្រាអែលហើយឆ្លើយតបវិញទំហឹង បើអ៊ីរ៉ង់ហ៊ានបាញ់លើទីតាំងរបស់អាមេរិក នៅកន្លែងណាក៏ដោយក្នុងតំបន់នេះ។

សូមជម្រាបជាថ្មី អ៊ីស្រាអែល បាន បើក ប្រតិបត្តិការ «Rising Lion» វាយ ប្រហារ តាម អាកាស លើ អ៊ីរ៉ង់ ដោយកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ ក្រោយមក សង្គ្រាមក៏បានផ្ទុះឡើងដោយមានការបាញ់តដៃគ្នាទៅវិញទៅមក។

កាលពីថ្ងៃអាទិត្យ មន្ត្រីចារកម្មកំពូលនៃឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) ចំនួន៣នាក់ទៀត ត្រូវស្លាប់ក្រោមដៃអ៊ីស្រាអែល ខណៈបើគិតចាប់តាំងពីថ្ងៃសុក្រមក អ៊ីស្រាអែល បានសម្លាប់មនុស្សរហូតដល់ទៅ២២៤នាក់ហើយ នៅក្នុងប្រទេសអ៊ីរ៉ង់។

ក្រៅពីមន្ត្រីជាន់ខ្ពស់ខាងលើ អ៊ីស្រាអែលក៏បានសម្លាប់មេទ័ពអ៊ីរ៉ង់ដូចជា Mohammad Bagheri, មេឆ្មាំបដិវត្ត Hossein Salami និងប្រមុខទីបញ្ជាការកណ្តាល Khatam-al Anbiya លោក Gholam Ali Rashid ផងដែរ។ លើសពីនេះ អ៊ីស្រាអែលថែមទាំងសម្លាប់បានអ្នក វិទ្យាសាស្ត្រនានាទៀតផង ដូចជា Abdulhamid Minouchehr, Ahmadreza Zolfaghari, Seyyed Amirhossein Faqhi, Motlabizadeh ព្រម ទាំង បុគ្គល ដ៏ សំខាន់ ២ រូបគឺ លោក Mohammad Mehdi Tehranchi និង Fereydoun Abbasi៕

ដកស្រង់ពីកម្ពុជាថ្មី

 

ព័ត៌មានទាក់ទង