ភ្នំពេញ៖ ដំណាំស្រូវប្រមាណ ៩២៧ហិកតា ស្ថិតក្នុងខេត្តបន្ទាយមានជ័យ និងកំពង់ធំ បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង។ នេះបើតាមការវាយតម្លៃរបស់ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម នៅថ្ងៃទី១៨ ខែមិថុនា បានដឹកនាំ លោក សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរងនៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ, លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅស្រុកចំនួន៥ ក្នុងខេត្តកំពង់ធំ រួមមាន ស្រុកប្រាសាទសំបូរ កំពង់ស្វាយ សណ្តាន់ ស្ទោង និងសន្ទុក។
តាមវាយតម្លៃពីមន្រ្តីជំនាញ ខេត្តកំពង់ធំ មានស្រូវប្រមាណ ២ ២១០ ហិកតា ឬស្មើ ២ ០៨២ គ្រួសារ រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ក្នុងនោះ ស្រុកប្រាសាទសំបូរ មាន៥ ឃុំ ប៉ះពាល់ស្រូវ ៤៨៧ ហិកតា។ ស្រុកកំពង់ស្វាយ មាន ៧ឃុំ ប៉ះពាល់ស្រូវ ១ ១៦៦ ហិកតា, ស្រុកកំពង់ស្វាយ មាន ៧ឃុំ ប៉ះពាល់ស្រូវ ១ ១៦៦ ហិកតា, ស្រុកសណ្តាន់ មាន ២ឃុំ ប៉ះពាល់ស្រូវ ២២៩ហិកតា , ស្រុកស្ទោង មាន ៥ឃុំ ប៉ះពាល់ស្រូវ ១៤៦ហិកតា និងសន្ទុក មាន ១ឃុំ ប៉ះពាល់ស្រូវចំនួន ១៨២ហិកតា។
គិតត្រឹមថ្ងៃទី១៩ ខែមិថុនានេះ មានខេត្តចំនួន៥ កំពុងរងផលប៉ះពាល់ជំនន់ទឹកភ្លៀង ក្នុងនោះរួមមាន ខេត្តតាកែវ ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដោយមានផ្ទៃដីខូចខាតស្រូវប្រមាណ ៩២៧ ហិកតា ក្នុងខេត្តកំពង់ធំ រងការខូចខាតធ្ងន់ធ្ងរជាងគេរហូតដល់ ៨១៣ ហិកតា និងបន្ទាយមានជ័យចំនួន ១១៤ ហិកតា។
លោក តូច ប៊ុនហួរ បានបញ្ជាក់ថា ស្រូវរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ហើយស្រែភាគច្រើនធ្វើក្នុងអាងស្តុកទឹក និងបឹងធម្មជាតិ ដោយបានដាំដុះតាំងពីចុងខែមីនា និងមេសាមក។ រដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់ច្រើន ជាពិសេសភ្លៀងបានចាប់តាំងពីខែមេសា ដូច្នេះ ទឹកបឹងបានកើនឡើងលឿន បណ្តាលឱ្យលិចលង់ស្រូវក្នុងដំណាក់កាលដាក់គ្រាប់ និងមួយចំនួនបានទុំ ត្រៀមនឹងប្រមូលផល ប៉ុន្តែដោយសារការលិចលង់យូរថ្ងៃពេក ទើបបណ្តាលឱ្យស្រូវខូចខាតច្រើន៕