Top Mobile Banner

ផ្សារទំនើប និងសប្បុរសជន ជួយទិញល្ពៅចាល់ទីផ្សាររាប់សិបតោនពីកសិករខេត្តព្រះវិហារ

ភ្នំពេញ៖ សប្បុរសជន និងបណ្ដាផ្សារទំនើបក្នុងស្រុកមួយចំនួន ដូចជា ជីប ម៉ុង, អ៊ីអន, ​បាយ័ន និងម៉ាក្រូ បានសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជួយប្រមូលទិញ «ល្ពៅ»ពីកសិករខេត្តព្រះវិហារ។ ការចុះជួយទិញពីសំណាក់ផ្សារទំនើប និងសប្បុរសជននៅពេលនេះ បានបង្ហាញពីស្មារតីគាំទ្រផលិតផលខ្មែរ ក្នុងពេលមានបញ្ហាបិទច្រកព្រំដែនរវាងកម្ពុជា-ថៃ ដែលនាំឱ្យល្ពៅរាប់សិបតោនចាល់ទីផ្សារ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗនៅថ្ងៃទី២០ ខែមិថុនាថា ដូចឆ្នាំមុនៗដែរ ឆ្នាំនេះល្ពៅបានធ្លាក់ថ្លៃយ៉ាងគំហុក ហើយទិន្នផលក៏សល់ក្នុងចម្ការច្រើន។ ក្នុងកាលៈទេសៈមិនអាចនាំចេញទៅថៃបាន បណ្ដាផ្សារទំនើបក្នុងស្រុកមួយចំនួន បានពួតដៃគ្នាចុះជួយទិញល្ពៅពីកសិករ ដើម្បីលក់បន្តនៅទីក្រុងភ្នំពេញ។

ល្ពៅ ដែលលក់ឱ្យផ្សារទំនើបបានតម្លៃប្រមាណ ២០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ ទោះជាមិនបានតម្លៃខ្ពស់តាមការចង់បានរបស់កសិករ ប៉ុន្តែ ក្នុងនាមអាជ្ញាធរ លោក រីករាយចំពោះវត្តមានផ្សារទំនើបធំៗ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានអន្តរាគមន៍ជួយទិញល្ពៅកសិករក្នុងស្ថានភាពលំបាកនេះ។

លោក ពឹង ទ្រីដា ប្រាប់ដូច្នេះថា៖«ល្ពៅធ្លាក់ថ្លៃខ្លាំង ហើយសល់ច្រើន ដូច្នេះ យើងក៏សុំឱ្យខាងក្រុមហ៊ុនជួយប្រមូលទិញ។ បើយើងលក់លើទីផ្សារ មួយគីឡូក្រាមបានតម្លៃប្រហែល ២០០រៀល ហើយលក់ឱ្យផ្សារទំនើបនេះ ក៏បានតម្លៃប្រហាក់ប្រហែលគ្នាដែរ។ បើបងប្អូន (កសិករ) ចង់បានថ្លៃជាងនេះ បើបានថ្លៃជាងនេះគាត់សប្បាយចិត្តច្រើន ប៉ុន្តែ ធ្វើម៉េចឥឡូវទីផ្សារចាល់។ ដូច្នេះ មានតែជួយទិញពួកគាត់ឱ្យអស់ កុំឱ្យសល់ទៅ»។

បច្ចុប្បន្ន កសិករខេត្តព្រះវិហារប្រមូលផលល្ពៅ បានប្រហែល ៦០ភាគរយហើយ។ មួយ ឬពីរសប្ដាហ៍ទៀត ការប្រមូលផលនឹងបញ្ចប់ទាំងស្រុង ដោយសារកសិករប្រញាប់យកដីទៅដាំសណ្ដែក ដំឡូង និងដំណាំផ្សេងទៀត។ នេះបើតាម លោក ពឹង ទ្រីដា។

ចំណែក លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងដែរថា ល្ពៅខេត្តព្រះវិហារ ភាគច្រើននាំចេញទៅលក់នៅប្រទេសថៃ ប៉ុន្តែក្រោយមានបញ្ហាបិទច្រកព្រំដែន ធ្វើឱ្យល្ពៅ និងដំណាំផ្សេងទៀត ចាល់ទីផ្សារ។

យ៉ាងណា ក្រសួងពាណិជ្ជកម្ម បានដាក់ចេញយន្តការចំនួន៣ ដើម្បីដោះស្រាយបញ្ហាទីផ្សារចំពោះមុខ។ ទី១. ក្រសួងបានស្វះស្វែងរកទីផ្សារ ដើម្បីបង្វែរល្ពៅ ក៏ដូចជាដំណាំផ្សេងទៀត ទៅលក់នៅប្រទេសវៀតណាមវិញ។ ទី២. ក្រសួងកំពុងជំរុញទីផ្សារក្នុងស្រុក តាមរយៈកិច្ចសហការជាមួយផ្សារទំនើបជីប ម៉ុង, បាយ័ន និងម៉ាក្រូ នានា ដើម្បីជួយប្រមូលទិញកសិផលពីកសិករ យកទៅលក់បន្ត។ ចុងក្រោយនេះ ក្រសួងក៏កំពុងស្វែងរកការនាំចេញដោយផ្ទាល់ផងដែរ។

ដោយឡែក យន្តការរយៈពេលវែង ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យអ្នកវិនិយោគបង្កើនការកែច្នៃផលិតផលកសិកម្មក្នុងស្រុកទៅជាចំណីសត្វ ឬម្ហូបអាហារ ដែលរក្សាទុកបានយូរ ដើម្បីនាំចេញ។ លោក ប៉ែន សុវិជាតិ ប្រាប់ដូច្នេះថា៖«ជាយន្តការ យើងជំរុញឱ្យមានការស្រូបពីទីផ្សារក្នុងស្រុកផង, បង្វែរទិញដៅទៅទីផ្សារប្រទេសដទៃទៀតផង និងស្វែងរកការនាំចេញដោយផ្ទាល់ផង។ នេះជាយន្តការទាំង ៣របស់យើង។ ជាយន្តការរយៈពេលវែង ក្រសួង បានជំរុញឱ្យអ្នកវិនិយោគបង្កើនការកែច្នៃផលិតផលកសិកម្មក្នុងស្រុកទៅជាចំណីសត្វ ឬម្ហូបអាហារ ដែលរក្សាទុកបានយូរ ដើម្បីនាំចេញ»។

ផ្សារទំនើប អ៊ីន អន ចាត់ទុកការប្រមូលទិញល្ពៅពីកសិករខេត្តព្រះវិហារ គឺជាការរួមចំណែកជួយប្រជាកសិករខ្មែរ។ ផ្សារទំនើបដ៏ល្បីឈ្មោះនេះ នឹងដាក់លក់ល្ពៅមួយផ្លែ ក្នុងតម្លៃត្រឹមតែ១០០០រៀលប៉ុណ្ណោះ នៅសាខាទាំង៣របស់ខ្លួន។ សម្រាប់ផ្សារទំនើប ជីប ម៉ុង ការប្រមូលទិញដំណាំល្ពៅខេត្តព្រះវិហារ គឺដើម្បីជួយសម្រាលបន្ទុកកសិករ ក៏ដូចជាបង្កើតរន្តសេដ្ឋកិច្ចកម្ពុជា។ ផ្សារដែលមានម្ចាស់ជាជនជាតិខ្មែរខាងលើនេះ បានប្រកាន់គោលជំហរស្ទួយកសិផលក្នុងស្រុក ដោយមិនឈរឱបដៃមើលទុក្ខលំបាករបស់កសិករខ្មែរឡើយ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក AEON Retail Cambodia និង Chip Mong Supermarket។

យោងតាមទិន្នន័យផ្ដល់ដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែមិថុនានេះ ផ្សារទំនើបជីបម៉ុង បានបញ្ជាល្ពៅទិញ ៩០តោន, ផ្សារទំនើបអ៊ីអន ២០តោន , ផ្សារចំការ ១០តោន, ផ្សារទំនើបម៉ាក្រូ ១០តោន, ផ្សារទំនើបបាយ័ន ២តោន និងផ្សារទំនើបប៊ិកស៊ី ៥តោន។ ក្រៅពីនោះ ព្រះសង្ឃវត្តបឡាង ក៏បានបញ្ជាទិញ ៣០តោន និងក្រុមសៃឡូ ខេត្តប៉ៃលិន ១០៥តោន ដើម្បីចែកជូនកងទ័ពផងដែរ៕

ព័ត៌មានទាក់ទង