ភ្នំពេញ៖ ត្រឹមរយៈពេល ៥ថ្ងៃ សប្បុរសជន ក្រុមហ៊ុន និងផ្សារទំនើបនានា បានជួយប្រមូលទិញ «ល្ពៅ»ប្រមាណ ៥០០តោន ពីកសិករខេត្តព្រះវិហារ។ នេះបើតាមការបញ្ជាក់របស់ លោក ផាន់ សំអាង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ នៅថ្ងៃទី ២៤ ខែមិថុនា។
លោក ផាន់ សំអាង បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ក្រោយមានបញ្ហាបិទច្រកព្រំដែនរវាងកម្ពុជា និងថៃ ល្ពៅរាប់រយតោនរបស់កសិករខេត្តព្រះវិហារ បានចាល់ទីផ្សារយ៉ាងគំហុក។ ប៉ុន្តែ ជាសំណាង ក្នុងស្ថានភាពនេះ មានសប្បុរសជន បណ្ដាក្រុមហ៊ុន និងផ្សារទំនើបនានា បានពួតដៃគ្នាជួយប្រមូលទិញល្ពៅពីកសិករបានរហូតដល់ ៥០០តោន។ តួលេខនេះ គិតចាប់ពីថ្ងៃទី១៩ ដល់២៣ ខែមិថុនា ដោយមិនបានរាប់បញ្ចូលការបញ្ជាទិញពីឈ្មួញកណ្ដាលនោះទេ។
មកទល់ថ្ងៃនេះ សប្បុរសជន ក្រុមហ៊ុន និងផ្សារទំនើប ក៏នៅតែបន្តជួយទិញជាប់ប្រចាំ ខណៈការប្រមូលផលល្ពៅរបស់កសិករ គ្រោងបញ្ចប់នៅចុងខែកក្កដាខាងមុខឯណោះ។ ក្នុងនាមប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ លោក ផាន់ សំអាង មានមោទកភាពចំពោះប្រជាជាតិខ្លួនឯង ដែលបង្ហាញពីការរួបរួម សាមគ្គីជួយគ្នាក្នុងគ្រាលំបាក។
លោក បន្ថែមដូច្នេះថា៖«ក្នុងពេលយើងជួបបញ្ហាហ្នឹង (បិទច្រកព្រំដែន) ខ្ញុំពិតជាមានមោទកភាពចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ដែលជួយទិញល្ពៅពីកសិករយើង ក្នុងស្មារតីខ្មែរជួយខ្មែរ»។
ក្រៅពីល្ពៅ បច្ចុប្បន្នខេត្តព្រះវិហារ មិនទាន់មានដំណាំ ឬបន្លែផ្លែឈើណា មានបញ្ហាកកស្ទះទីផ្សារនៅឡើយទេ។ យ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្ម នៅតែតាមដាន និងជួយរកដៃគូរសហការ ដើម្បី ប្រមូលទិញល្ពៅពីកសិករជាបន្តបន្ទាប់ទៀត។ នេះជាការបញ្ជាក់របស់ លោក ផាន់ សំអាង។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ ខែមិថុនា បានឱ្យដឹងថា ល្ពៅខេត្តព្រះវិហារ ភាគច្រើននាំចេញទៅលក់នៅប្រទេសថៃ ប៉ុន្តែក្រោយមានបញ្ហាបិទច្រកព្រំដែន ធ្វើឱ្យល្ពៅ និងដំណាំផ្សេងទៀតចាល់ទីផ្សារ។
ទាក់ទិនបញ្ហានេះ ក្រសួងពាណិជ្ជកម្ម បានដាក់ចេញយន្តការចំនួន៣ ដើម្បីដោះស្រាយបញ្ហាទីផ្សារចំពោះមុខ។ ទី១. ក្រសួងបានស្វះស្វែងរកទីផ្សារ ដើម្បីបង្វែរល្ពៅ ក៏ដូចជាដំណាំផ្សេងទៀត ទៅលក់នៅប្រទេសវៀតណាមវិញ។ ទី២. ក្រសួងកំពុងជំរុញទីផ្សារក្នុងស្រុក តាមរយៈកិច្ចសហការជាមួយផ្សារទំនើបជីប ម៉ុង, បាយ័ន និងម៉ាក្រូ នានា ដើម្បីជួយប្រមូលទិញកសិផលពីកសិករ យកទៅលក់បន្ត។ ចុងក្រោយនេះ ក្រសួងក៏កំពុងស្វែងរកការនាំចេញដោយផ្ទាល់ផងដែរ។
ដោយឡែក យន្តការរយៈពេលវែង ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យអ្នកវិនិយោគបង្កើនការកែច្នៃផលិតផលកសិកម្មក្នុងស្រុកទៅជាចំណីសត្វ ឬម្ហូបអាហារ ដែលរក្សាទុកបានយូរ ដើម្បីនាំចេញ។ លោក ប៉ែន សុវិជាតិ ប្រាប់ដូច្នេះថា៖«ជាយន្តការ យើងជំរុញឱ្យមានការស្រូបពីទីផ្សារក្នុងស្រុកផង, បង្វែរទិញដៅទៅទីផ្សារប្រទេសដទៃទៀតផង និងស្វែងរកការនាំចេញដោយផ្ទាល់ផង។ នេះជាយន្តការទាំង ៣របស់យើង។ ជាយន្តការរយៈពេលវែង ក្រសួង បានជំរុញឱ្យអ្នកវិនិយោគបង្កើនការកែច្នៃផលិតផលកសិកម្មក្នុងស្រុកទៅជាចំណីសត្វ ឬម្ហូបអាហារ ដែលរក្សាទុកបានយូរ ដើម្បីនាំចេញ»៕