Top Mobile Banner

តុលាការធម្មនុញថៃ នឹងពិចារណាលើញត្តិទាមទារដកតំណែងលោកស្រី Paetongtarn នៅថ្ងៃអង្គារនេះ

(បាងកក)៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃអង្គារ ទី១ ខែកក្កដា ត្រូវបានរំពឹងថានឹងធ្វើការសម្រេចចិត្តថាតើត្រូវទទួលយកញត្តិមួយប្រឆាំងលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ដែរឬ ក៏យ៉ាងណា ដែលចោទលោកស្រីថាបានបំពានក្រមសីលធម៌ធ្ងន់ធ្ងរ និងអាចធ្វើឱ្យលោកស្រីបាត់បង់តំណែង។ នេះបើតាមកាសែតថៃ Bangkok Post។

ញត្តិខាងលើត្រូវបានដាក់ជូនតុលាការធម្មនុញ្ញថៃ ដោយសមាជិកព្រឹទ្ធសភាមួយក្រុមមានគ្នា ៣៦នាក់។ សមាជិកព្រឹទ្ធសភាទាំងនេះបានស្នើឱ្យតុលាការធម្មនុញ្ញបើកការស៊ើបអង្កេតលើការបែកធ្លាយ កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកស្រី Paetongtarn និងប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងទាមទារឱ្យព្យួរតំណែងលោកស្រី អំឡុងតុលាការពិចារណាលើសំណុំរឿងនេះ។

នៅក្នុងកិច្ចសន្ទនាដែលបានបែកធ្លាយ គេស្ដាប់ឮលោកស្រី Paetongtarn Shinawatra រិះគន់មេបញ្ជាការភូមិភាគ២របស់ថៃ និងចាត់ទុកមេបញ្ជាការរូបជាសត្រូវម្នាក់ ខណៈមានជំហរទន់ភ្លន់ចំពោះ សម្ដេចតេជោ ដោយប្រាប់ថាបានត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើតាមសំណើរបស់សម្ដេច។ លោកស្រី Paetongtarn ត្រូវបានចោទប្រកាន់ថាអសមត្ថភាព និងខ្វះភាពសុចរិត នៅក្រោមផ្នែកទី១៦០ វាក្យខណ្ឌទី៤ ទី៥ នៃរដ្ឋធម្មនុញ្ញថៃ។ ញត្តិខាងលើដដែលក៏បានចោទប្រកាន់ផងដែរថាលោកស្រីមិនមានភាពស្មោះត្រង់ និងបានបំពានធ្ងន់ធ្ងរលើក្រមសីលធម៌ស្ដង់ដារ។

លោក Stithorn Thananithichot ជានាយកការិយាល័យនុវានុវត្តន៍សម្រាប់ប្រជាធិបតេយ្យនៃវិទ្យាស្ថាន King Prajadhipok’s Institute បានប្រាប់ Bangkok Post ការព្យួរតំណែងលោកស្រី Paetongtarn អាចរំងាប់កំហឹងប្រជាជនថៃជាបណ្ដោះអាសន្ន។ ផ្ទុយទៅវិញ បាតុកម្មតវ៉ាអាចនឹងផ្ទុះរាលដាលកាន់តែធំ ហើយនយោបាយអាចនឹងកាន់តែឡើងកម្ដៅ ប្រសិនបើលោកស្រីមិនត្រូវបាន ព្យួរតំណែងទេនោះ៕

ព័ត៌មានទាក់ទង