Top Mobile Banner

៣ខែ​ចុងក្រោយ​ ក្រសួង​ព័ត៌មាន​រក​ឃើញ​ព័ត៌មាន​ក្លែងក្លាយពី​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃ​ច្រើន​បំផុត​

ភ្នំពេញ៖ ត្រីមាសទីពីរ​នៃ​ឆ្នាំ​២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន បានឃើញចំនួនព័ត៌មានក្លែងក្លាយមានការកើនឡើងជាពិសេសលើប្រធានស្តីពីព្រំដែន ក្នុងស្ថានភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃបានកើតឡើងចាប់តាំងពីចុងខែឧសភារហូតមក។

ខណៈ​ឆមាសទី១ គណៈកម្មការបានកត់ត្រាព័ត៌មានក្លែងក្លាយ​ចំនួន​ប្រមាណ ១,៨០០ ករណី សម្រាប់​ត្រីមាសទី២នេះ គ្រាន់តែ​ព័ត៌មានក្លែងក្លាយពាក់ព័ន្ធតែនឹងប្រធានបទព្រំដែនកម្ពុជា-ថៃ គណៈកម្មការបានកត់ត្រាទុក មានចំនួនដល់ប្រមាណជាង១៨០ករណី។

យោងតាម​លោក ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ បានថ្លែងថា​៖ «​នេះជាចំនួនព័ត៌មានក្លែងក្លាយស្តីពីប្រធានព្រំដែន ក្នុង​ចំនួនខ្ពស់ដែលពុំធា្លប់ត្រូវបានកត់ត្រាទុកពីមុនមកទេ»។

លោកបន្ដថា​ ក្នុងចំណោមព័ត៌មានក្លែងក្លាយទាំងនេះ ក៏មានប្រភេទព័ត៌មានក្លែងក្លាយ ដែលត្រូវបានគេបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Ai រួមមានទាំងការក្លែងសំឡេងរបស់ថ្នាក់ដឹកនាំកម្ពុជា ស្ថាប័នរដ្ឋ ឯកជន ពលរដ្ឋ និងការក្លែងរូបភាពផ្សេងៗមួយចំនួនទៀត សរុបប្រមាណជាង១០ករណី។

លោក អស្នារិទ្ធ បាន​បញ្ជាក់ថា​៖ «​វា​ត្រូវបាន​យកទៅប្រើប្រាស់ក្នុងគោលបំណងក្លែងបន្លំបោកប្រាស់ ឬកេងចំណេញ​ផ្នែកសេដ្ឋកិច្ច នយោបាយ ព្រមទាំងមួយចំនួនទៀតបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ កិត្តិយសរបស់ថ្នាក់ដឹកនាំ ឯកជនភាព និងសេចក្តីថ្លៃថ្នូរពលរដ្ឋដទៃផ្សេងទៀតផងដែរ»។

លោកបាន​ពន្យល់​ពី​បញ្ហា​កើត​ចេញពី​ព័ត៌មាន​ក្លែងក្លាយថា កម្ពុជាបានទទួលរងគ្រោះ និងប្រឈមនឹងផលវិបាកចេញពីទង្វើអសីលធម៌ គ្មានវិជ្ជាជីវៈទាំងនេះ ពោលគឺប៉ះពាល់ដល់ការកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយន្តការដោះស្រាយវិបត្តិ ដែលកំពុងស្មុគស្មាញស្រាប់ ឱ្យកាន់តែមានភាពតានតឹងឡើង ប៉ះពាល់ដល់ការគ្រប់គ្រង​ដឹកនាំប្រទេស និងជាពិសេសដល់ជីវភាព និងការរស់នៅប្រចាំថ្ងៃទាំងរបស់ពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋនិងវិស័យជាច្រើនក្នុងប្រទេស(ថៃ)ខ្លួន។

ការចែកចាយ និងផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬស្រង់ពីប្រភពបំផ្លើស បំភ្លៃ គ្មានក្រមសីលធម៌ វាបានជះឥទ្ធិពលអាក្រក់ដល់ និងអាចបង្កមហន្តរាយដល់សន្តិសុខជាតិ បង្កហានិភ័យ និងគ្រោះថ្នាក់ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬត្រូវបំពេញបេសកកម្មរបស់ខ្លួនក្នុងការការពារដែនសីមា ក៏ដូចជាបង្កអរិភាព ការរើសអើងនានា ប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេស និងប្រទេសខណៈវិបត្តិកំពុងបន្តកើតមាន។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​បន្ដថា ក្នុងអំឡុងពេលនៃវិបត្តិបែបនេះ អ្នកសារព័ត៌មានគ្រប់រូបទាំងក្នុង និងក្រៅប្រទេស ត្រូវដើរតួនាទីសំខាន់ខ្លាំងឡើងក្នុងការធានាថា ការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនមិនបង្កឱ្យមានការភាន់ច្រឡំដល់សាធារណៈជនកម្ពុជា និងថៃ។

ពួកគេ​ត្រូវធានាតុល្យភាពព័ត៌មាន ផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ដាច់ខាតមិនត្រូវប្រើអារម្មណ៍ផ្ទាល់ខ្លួន ឬស្រង់សម្ដី​ក្រឡិចក្រឡុច ឬដកស្រង់ពាក្យចចាមអារាម ដើម្បីធ្វើការរាយការណ៍ព័ត៌មានរបស់ខ្លួនឡើយ ព្រោះវាជាទង្វើប្រាសចាកក្រមសីលធម៌វិជ្ជាជីវៈ។

លោកបានបន្ថែមថា​៖ «​អ្នកសារព័ត៌មានត្រូវចូលរួមធ្វើឱ្យស្ថានភាពវិបត្តិឈានទៅរកភាពប្រក្រតីវិញ ដោយត្រូវរាយការណ៍​ឈរលើភាពសុចរិត ស្មោះត្រង់ ភាពត្រឹមត្រូវ មិនលម្អៀង ត្រូវផ្សាយដោយស្រង់ព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួង សា្ថប័ន និងសមត្ថកិច្ចពាក់ព័ន្ធ និងជៀសវាងការផ្សព្វផ្សាយពាក្យចចាមអារាម ឬការនិយាយ/ចែកចាយតៗគ្នា ឬការស្មានៗ ដោយគ្មានប្រភពច្បាស់លាស់ ជាពិសេសនៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការងារសន្តិសុខជាតិ កងទ័ព ឬការសម្ងាត់ផ្នែកយោធា»។

ការរាយការណ៍ទាំងអាជីព និងមិនមែនអាជីព ត្រូវធ្វើឡើងដោយមានទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមក្នុងការធានាសណ្តាប់ធ្នាប់ ស្ថិរភាព និងសន្តិសុខសង្គម ដោយចៀសវាងការបំផ្លើស បំភ្លៃ ឬការកាឡៃព័ត៌មានប្រាសចាកពីការពិត។

លោក អស្នារិទ្ធ បាន​អំពាវនាវដល់អ្នកសារព័ត៌មាន អ្នកព័ត៌មានអាជីព មិនមែនអាជីព អ្នកចែកចាយព័ត៌មានលើបណ្តាញសង្គម ឱ្យបង្កើនការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ ចែកចាយព័ត៌មាន ដោយជានិច្ចជាកាលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវមានមនសិកាទទួលខុសត្រូវ ស្រឡាញ់ប្រទេសជាតិ ប្រជាជន និងត្រូវចូលរួមតម្កល់ប្រយោជន៍ជាតិជាធំ៕

ព័ត៌មានទាក់ទង