Top Mobile Banner

ដំរី Lucky បង្ហាញភាពឈឺចាប់ ក្តុកក្តួល នៃការបាត់បង់ហ្មរបស់ខ្លួន គឺលោក ទ្រី ស៊ីថេង ដែលបានលាឈប់ពីការងារនៅសួនសត្វភ្នំតាម៉ៅ

(ភ្នំពេញ)៖ «បើអាចយកទៅជាមួយបាន ខ្ញុំយកទៅហើយ ខ្ញុំពិតជារំជួលចិត្តណាស់» នេះជាប្រយោគ ដែលបង្ហាញពីភាពឈឺចាប់ ដែលបានលើកឡើងដោយលោក ទ្រី ស៊ីថេង ដែលត្រូវគេបានស្គាល់គ្រប់គ្នាថា ជាហ្មដំរីឆ្លាត Lucky នៅភ្នំតាម៉ៅ ក្រោយពីលោកបានលាឈប់ពីការងារនៅទីនោះ ។ តាមរយៈវីដេអីខ្លីមួយ ដែលបង្ហាញពីសកម្ម ភាពនៃដំរី Lucky បានស្រែកយំ និងរត់ដេញតាមស្ទាក់មុខម៉ូតូ លោក ទ្រី ស៊ីថេង ក្នុងបំណងឃាត់លោកមិនឲ្យចាកចេញ ក្នុងខណៈវេលាចុងក្រោយនៃការបំរើការងាររបស់លោកនៅមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វភ្នំតាម៉ៅ ។ វីដេអូខ្លីនោះ បានកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយទទួលបានភាពរំជួលចិត្ត អាណិត ចំពោះហ្មដំរី និងដំរី Lucky ជាពន់ពេកពីអ្នកមើលគ្រប់គ្នាដែលបានឃើញវីដេអូនោះ ។

លោក ទ្រី ស៊ីថេង នៅក្នុងវីដេអូមួយរបស់ខ្លួន បានរៀបរាប់ពីប្រវត្តិនៃការបំរើការងារនៅសួនសត្វភ្នំតាម៉ៅ ដោយលោកបានបញ្ជាក់ពីភាពតស៊ូ និងកិច្ចការងារដ៏លំបាករបស់លោក ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ ១៩៩៥ ពោលគឺអស់រយៈពេល ៣០ឆ្នាំហើយ គិតមកដល់ពេលនេះ ។ ហ្មដំរី រូបនេះ បានរៀបរាប់ទៀតថា ដំបូងឡើយ គឺលោកគ្រាន់តែជាកម្មកររែកដីនៅក្នុងសួនសត្វដែលបានទទួលកម្រៃបានតិចតួចប៉ុណ្ណោះ ។ ដោយសារតែឆន្ទះ ក្តីអំណត់នឹងការងារ និងក្តីប្រាថ្នាចង់បំរើការងារនៅសួនសត្វភ្នំតាម៉ៅនោះផង ក្រោយមកលោកក៏បានក្លាយជាមន្ត្រីនៅទីនោះតែម្តង ។

លោក ទ្រី ស៊ីថេង ក្រោយបានក្លាយជាមន្ត្រីនៅទីនោះ លោកបានក្លាយជាអ្នកមើលថែសត្វស្លាប និងប្រភេទសត្វផ្សេងៗទៀតជាច្រើន ។ ហ្មដំរីរូបនោះ នូវបានសរៀបរាប់ពីប្រវត្តិនៃការមើលថែកូនដំរីកម្សត់ Lucky ដំបូងកាលពីឆ្នាំ ១៩៩៩ បន្ទាប់ពីកូនដំរីនោះបានបាត់ បង់ម្តាយ ដោយសារការប្រមាញ់សម្លាប់ពីព្រានព្រៃ ។ អស់រយៈពេល ២៦ឆ្នាំមកនេះ តាមរយៈការយកចិត្តទុកដាក់ក្នុងការមើលថែទាំដែលពេញដោយក្តីស្រឡាញ់ចំពោះដំរី Lucky នៃលោក ទ្រី ស៊ីថេង បាននាំឲ្យដំរី Lucky បានដិតដានដោយមនោសញ្ចេតនា និងបានចាត់ទុកលោកទ្រី ស៊ីថេង ប្រៀបដូចជាម្តាយទី២របស់ខ្លួន ។

នៅក្នុងវីដេអូ ដដែលនោះ លោកទ្រី ស៊ីថេង បានបញ្ជាក់ថា ដោយសារលោកមានមនោសញ្ចេតនា ទឹកចិត្តស្រលាញ់ និងមានអារណ្មន៍ដិតដាមជាមួយសត្វ លោកមានបំណងចង់ធ្វើការនៅទីនោះពេញមួយជីវិតរបស់លោក ។ ប៉ុន្តែទោះជាមានការស្រែកយំអង្វរពីដំរី Lucky ដោយភាពភ័យខ្លាចនៃការចាកចោលពីសំណាក់ហ្មដំរីរូបនោះយ៉ាងណាក៏ដោយ ក៏មិនអាចឃាត់លោកទ្រី ស៊ីថេង ឲ្យបន្តការងារនៅទីនោះទៀតបានដែរ ដោយលោកបានលាឈប់ជាមន្ត្រីនៅសួនសត្វភ្នំតាម៉ៅជារៀងរហូត ចាប់ពីថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៥ ហើយ ។ មិនមានសេចក្តីរាយការណ៍ច្បាស់ការណាមួយបញ្ជាក់ពីមូលហេតុអ្វី ដែលនាំឲ្យលោកទ្រី ស៊ីថេង ត្រូវលាឈប់ពីកន្លែងការងារ ដែលលោកបញ្ជាក់ថា លោកបានកម្សត់កម្រនៅទីនោះអស់រយៈពេល ៣០ឆ្នាំទៅហើយ និងមិនដែលមានបំណងចង់ចាកចេញនោះឡើយ ។

សត្វដំរី ត្រូវបានអ្នកជំនាញផ្នែកសត្វបញ្ជាក់ថា គឺជាសត្វដែលមានមនោសញ្ចេតនាខ្ពស់ ចេះដឹងគុណ ដោយក្តីស្រលាញ់ ចំពោះម្ចាស់អ្នកមើលថែខ្លួនកន្លង ដោយចូលចិត្តបង្ហាញអារម្មណ៍តាមរយៈការចូលចិត្តកៀតកិតនៅជិតក្បែ និងម្ចាស់នោះជាដើម ៕

ព័ត៌មានទាក់ទង