Top Mobile Banner

រដ្ឋមន្រ្តី៖ ទេសចរណ៍កម្ពុជាបន្តរីកចម្រើនទោះបីមានវិបត្តិអន្តរជាតិ

សៀមរាប៖កំណើនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាក្រោយឆ្លងផុតពីការរីក រាលនៃជំងឺកូវីដ-១៩ គឺជា​សញ្ញាដ៏​ល្អបង្ហាញពីសក្តានុពល និងភាពធន់រឹងមាំ នៃវិស័យ ទេសចរណ៍នៅកម្ពុជា និងក្នុងតំបន់អាស៊ានទាំងមូល។នេះជាការបញ្ជាក់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងពិធីបើកសិក្ខាសាលា​ថ្នាក់តំបន់ ស្តីពី​ការកសាងសមត្ថភាពអ្នកវាយតម្លៃបង្គោលអាស៊ាន ស្ដីពីការវាយតម្លៃលើ ការ សិក្សាពីមុននៃអ្នកជំនាញទេសចរណ៍​អាស៊ាន នៅខេត្តសៀមរាបកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្ដមរដ្ឋមន្រ្តីបន្តថា ទោះបីជាស្ថានការណ៍អន្តរជាតិស្ថិតនៅក្នុងភាពតានតឹង និងមានវិបត្តិនានា ដូចជាសង្គ្រាម​នៅមជ្ឈិមបូព៌ា វិបត្តិពាណិជ្ជកម្ម និងភាពមិនច្បាស់ លាស់នៃភូមិសាស្ត្រនយោបាយ ក៏ដោយ តែចំនួនភ្ញៀវទេសចរ​ដែលមកកម្ពុជានិង តំបន់អាស៊ាន នៅតែបន្តកើនឡើង។ឯកឧត្តមបន្តថា កត្តាចម្បងនៃការរីក ចម្រើន ទាំងនេះ គឺដោយ​សារសន្តិភាព និងស្ថិរភាពក្នុងប្រទេស ក៏ដូចជាការអនុវត្តយុទ្ធសាស្ត្រ លើវិស័យទេសចរណ៍ដោយសកម្មភាពរួមគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងចំណោមនោះ រួមទាំងការសម្រេចផែនការដ៏ច្បាស់លាស់ និងអនុវត្តន៍ដោយ​ភាពធន់រឹង​និងនិរន្តរភាព ផងដែរ។
សូមជម្រាបថា តាមស្ថិតិ ឆ្នាំ២០២៤ តំបន់អាស៊ានទទួលបានភ្ញៀវទេសចរជាង១២៣ លាននាក់ កើនឡើង ៣០.៦ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣ ខណៈកម្ពុជា ទទួលភ្ញៀវអន្តរជាតិ ៦.៧ លាននាក់ និងភ្ញៀវជាតិ​ប្រមាណ ២២.៥២ លាននាក់។

ដោយឡែកសម្រាប់សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ប្រមាណ ៣.៣៦ លាននាក់ កើន ៦ភាគរយ និងភ្ញៀវជាតិ ១៤.៥៧ លាននាក់កើន ៥០ភាគរយ បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕

ព័ត៌មានទាក់ទង