Top Mobile Banner

ស្អែកនេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំអង្គទូត និងអនុព័ន្ធយោធានៅកម្ពុជា ទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅតាមព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ស្អែកនេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំអង្គទូត និងអនុព័ន្ធយោធាទាំងអស់នៅកម្ពុជា ដើម្បីទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានការប៉ះទង្គិចរវាងកងទ័ពប្រទេសទាំងពីររយៈពេល៥ថ្ងៃកន្លងមកនេះ និងក្រោយការអនុវត្តបទឈប់បាញ់ ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៉ី។

នេះបើតាមការឲ្យដឹងពី លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីបង្ហាញអំពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ។ លោកស្រីបានបញ្ជាក់ថា ការដឹកនាំអនុព័ន្ធយោធានៅកម្ពុជា ចុះទៅពិនិត្យតាមព្រំដែនដើម្បីបង្ហាញអំពីឆន្ទៈ ភាពម៉ឺងមាត់របស់កម្ពុជា ក្នុងការអនុវត្តបទឈប់បាញ់។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «សម្រាប់ថ្ងៃស្អែក ថ្នាក់ដឹកនាំក្រសួងការពារជាតិ នឹងមានការរៀបចំដំណើរមួយឆ្ពោះទៅកាន់ព្រំដែន ដើម្បីពិនិត្យមើលទីតាំង និងសភាពការណ៍ជាក់ស្ដែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្នុងនោះមានការបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាអនុព័ន្ធយោធាប្រទេសអាស៊ាន និងពីបណ្ដាប្រទេសមហាអំណាចមួយចំនួនផងដែរ ដែលបានគាំទ្រនូវឆន្ទៈច្បាស់លាស់របស់កម្ពុជាក្នុងការរៀបចំ»

មកទល់ពេលនេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅតែអះអាងថា កងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្ដរជាតិ ដោយសន្ដិវិធី។ កម្ពុជាចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សូមជម្រាបថា កម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ ដែលអនុវត្តចាប់ពីម៉ោង ១២រំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងកិច្ចចរចាមួយនៅប្រទេសម៉ាឡេស៉ី កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានការផ្ដួចផ្ដើមគំនិតពីសហរដ្ឋអាមេរិក និងដឹកនាំសម្របសម្រួលដោយនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ព្រមទាំងមានការចូលរួមពីចិនផងដែរ៕

ព័ត៌មានទាក់ទង