អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមសង្កេតការណ៍ អនុព័ន្ធយោធាម៉ាឡេស៊ីនៅកម្ពុជា និងថៃ ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែក យប់នេះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានចេញទៅព្រំដែនទាំងយប់
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ តាន់ស្រុី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ដំណើរបំពេញទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដើម្បីសម្របសម្រួលការអនុវត្តបទឈប់បាញ់ និងវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ។
អគ្គមេបញ្ជាការ បានសំណូមពរនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការជួយតាមដានសភាពការណ៍ និងសម្របសម្រួលក្រុមសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ដើម្បីកម្ពុជាឈានទៅទទួលបានសន្តិភាព គណនេយ្យភាព និងនិរន្តរភាព។
ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ នីហ្សាម ចាហ្វា បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា ក្នុងគោលបំណងសំខាន់គឺធ្វើឲ្យប្រាកដនូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ។
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់ថា លោកនឹងបង្កើតក្រុមសង្កេតការណ៍ចំនួនពីរក្រុម ដែលមួយក្រុមមានអនុព័ន្ធយោធារបស់ម៉ាឡេស៊ី ប្រចាំកម្ពុជា ជាប្រធាន ហើយមួយក្រុមទៀត មានអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំប្រទេសថៃ ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ។
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សានេះរួច លោកនឹងចុះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅយប់នេះ ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤, ទី៥ កម្ពុជា។
ជាចុងបញ្ចប់ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានសម្ដែងនូវសុទិដ្ឋនិយម និងជឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹងទទួលបានពិតប្រាកដ និងមានរយៈពេលវែង តាមរយៈការខិតខំធ្វើដោយស្មោះត្រង់ តម្លាភាព និងការជឿទុកចិត្តគ្នា។