សភាអាមេរិកបានអនុម័តច្បាប់ ស្តីពីប្រជាធិបតេយ្យនៅកម្ពុជា ឆ្នាំ២០២១ រដ្ឋាភិបាលហ៊ុន សែន ផ្តល់ប្រាក់ចំនួន ៧ ម៉ឺនដុល្លារក្នុងមួយខែដល់ក្រុមហ៊ុនបញ្ចុះ បញ្ជូលនៅក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីកែលម្អមុខមាត់របស់គាត់
វ៉ាស៊ីនតោនឌីស៊ី – សប្តាហ៍មុន សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ស្តីពីសេចក្តីសម្រេចចិត្តរបស់សភា លេខ ៤៦៨៦ (ច្បាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ ២០២១) ដោយមានការគាំទ្រភាគច្រើនលើសលប់ដែលមានសមាជិកសភា ៤០៣ រូប បានបោះឆ្នោតយល់ស្រប និង ១៧ រូបបានបោះឆ្នោតមិនយល់ស្រប។
ច្បាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០២១ លើកកម្ពស់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវយុត្តិធម៌ សេរីភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។ ច្បាប់នេះត្រូវបានព្រឹទ្ធសភាទទួលពិនិត្យ និងបញ្ជូនទៅគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេស។ នៅពេលវាឆ្លងកាត់ព្រឹទ្ធសភារួចហើយ វានឹងទៅដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូបៃដិន ដែលនឹងចុះហត្ថលេខា បន្ទាប់មកវានឹងក្លាយជាច្បាប់។ ច្បាប់នេះដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ យោធានិងកងកម្លាំងសន្តិសុខកម្ពុជាដែលបានដឹកនាំការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរពាក់ព័ន្ធនឹងការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ច្បាប់នេះ ក៏នឹងដកហូតទិដ្ឋាការរបស់បុគ្គលទាំងនោះដែលមានរួចហើយនៅក្នុងសហរដ្ឋអាមេរិក និងបដិសេធទិដ្ឋាការចំពោះអ្នកដែលសុំចូល។
ខណៈពេលដែលជនជាតិអាមេរិកជាប់រវល់ជាមួយការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំមុន នៅប្រទេសកម្ពុជា លទ្ធិប្រជាធិបតេយ្យកំពុងស្ថិតក្នុងភាពខ្ទេចខ្ទាំ។ រដ្ឋាភិបាលកម្ពុជាបានឆ្លៀតឱកាសធ្វើការបោសសម្អាតគណបក្សប្រឆាំងជាលើកចុងក្រោយ។ មនុស្សជាង ១០០ នាក់ត្រូវបានកោះហៅឡើងតុលាការរវាងក្នុងចន្លោះពេលពិធីបុណ្យ Thanksgiving បុណ្យណូអែល និងចូលឆ្នាំថ្មី។ ពួកគេគឺជាមន្រ្តីជាន់ខ្ពស់ និងជាសមាជិកគណបក្សសង្គ្រោះជាតិដែលបានចូលរួមក្នុងផែនការ និងគាំទ្រការធ្វើមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ។ លើសពីនេះ សកម្មជន និងអ្នកការពារសិទិ្ធមនុស្សជាច្រើនត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារពីបទធ្វើបាតុកម្មដោយសន្តិវិធីទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ និងការនិយាយអំពីការបាត់បង់ទឹកដីទៅប្រទេសវៀតណាមនៅតាមព្រំដែន។ នេះរួមបញ្ចូលទាំងលោករ៉ុង ឈុន ប្រធានសហជីពការងារដែលបានបង្ហោះហ្វេសប៊ុកអំពីអ្នកភូមិខ្មែរដែលត្អូញត្អែរថាពួកគេត្រូវបានបណ្តេញចេញ ហើយដីរបស់ពួកគេត្រូវបាត់បង់ទៅប្រទេស វៀតណាម។
លោករ៉ុង ឈុន ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំនៅខែសីហា ឆ្នាំ ២០២១។ អ្នកគាំទ្ររបស់គាត់ពីរនាក់ គឺកញ្ញាសរ កន្និកា និងកញ្ញាថុន និមល ដែលបានចូលរួមក្នុងការតវ៉ាទាមទារឱ្យដោះលែងគាត់ពីការឃុំខ្លួនបណ្តោះអាសន្នត្រូវបានផ្តន្ទាទោស ២០ ខែម្នាក់ៗ ពិន័យជាប្រាក់ ៥០០ ដុល្លារ និងពិន័យផ្សេងទៀតស្មើនឹង ថវិកាជិត ១០ ម៉ឺនដុល្លារ អាមេរិកដល់គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាចំពោះការចោទប្រកាន់ថាបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់គណៈកម្មាធិការ នេះបើយោងតាមការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស។
លោក វីទិត មុនតាបុន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានមានប្រសាសន៍ថា “ការដាក់ពន្ធនាគារ និងការផាកពិន័យយ៉ាងធ្ងន់ធ្ងរចំពោះសកម្មជនទាំងបីនាក់នេះមិនមានភាពយុត្តិធម៌ និងមិនមានសមាមាត្រទេ” ។ “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងដែលតុលាការបានផ្តន្ទាទោសអ្នកការពារសិទ្ធិមនុស្សទាំងបីរូបពីទង្វើដែលត្រូវបានការពារដោយសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី សិទ្ធិដែលធានាដោយច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ”។
លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សបានមានប្រសាសន៍ថា “អ្នកការពារសិទ្ធិមនុស្សមិនគួរត្រូវបានចាប់ខ្លួនឃុំខ្លួន ឬផ្តន្ទាទោសចំពោះការខិតខំការពារសិទ្ធិមនុស្សរបស់អ្នកដទៃឡើយ” ។
“យើងមានការព្រួយបារម្ភយ៉ាងខ្លាំងដែលរដ្ឋាភិបាលកម្ពុជាប្រើប្រាស់មាត្រា ៤៩៤ និងមាត្រា ៤៩៥ មិនច្បាស់លាស់នៃក្រមព្រហ្មទណ្ឌប្រឆាំងនឹង “ការញុះញង់ឱ្យបង្កើតឧក្រិដ្ឋកម្ម” ដើម្បី បង្ក្រាបការប្រឆាំង និងរារាំងការបញ្ចេញមតិដោយសេរី” កាលពីថ្ងៃទី២៤ខែសីហាឆ្នាំ២០២១។
សប្តាហ៍មុន សភាអាមេរិកបានអនុម័តច្បាប់ H.R ៤៦៨៦ ច្បាប់ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ ២០២១ ដែលបង្ហាញពីការរកឃើញសំខាន់ៗចំនួន ៦ ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា៖
១) លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានកាន់អំណាចនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៨៥ និងជា មេដឹកនាំដែលកាន់តំណែងបានយូរជាងគេនៅអាស៊ីអាគ្នេយ៍។ ថ្វីបើមានការយកចិត្តទុកដាក់ និងជំនួយពីអន្តរជាតិជាច្រើនទសវត្ស ដើម្បីលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ ពហុបក្សនៅ កម្ពុជាក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជានៅតែបន្តគ្របដណ្តប់ដោយភាពមិនប្រជាធិបតេយ្យពីសំណាក់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ដែលគ្រប់គ្រងគ្រប់ទីភ្នាក់ងារ និងឧបករណ៍សន្តិសុខរបស់រដ្ឋ។
(២) រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាច្រើន ជាពិសេសចាប់តាំងពីឆ្នាំ២០១៧ និងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ដើម្បីដាក់កំហិតក្នុងប្រទេសកម្ពុជា មកលើសង្គមស៊ីវិល និងបរិយាកាសសារព័ត៌មាន ជាពិសេសតាមរយៈការស៊ើបអង្កេតពន្ធបែបនយោបាយលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
(៣) នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ថាពាក់ព័ន្ធនឹងរឿងនយោបាយ និងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៣០ ឆ្នាំ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលរបស់ប្រទេសកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិដោយលុបឈ្មោះគណបក្សប្រឆាំងឈានមុខគេ។ ខណៈពេលដែលលោកកឹម សុខា លែងនៅក្នុងពន្ធនាគារ ចលនារបស់គាត់ត្រូវបានហាមឃាត់ គាត់ត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ ហើយបទចោទលើរូបគាត់នៅតែមិនទាន់សម្រេចដដែល។ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមុននៅតែនិរទេសខ្លួនក្រៅផ្លូវការ ហើយត្រូវបានរារាំងមិនឱ្យវិលត្រឡប់មកប្រទេសវិញ។
(៤) ចាប់តាំងពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ រដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនដាក់ពន្ធនាគារឬនាំមកនូវការចោទប្រកាន់ពាក់ព័ន្ធរឿងនយោបាយប្រឆាំងមេដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ។ ចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានរៀបចំការកាត់ទោសដ៏ធំមួយជាបន្តបន្ទាប់ចំពោះបុគ្គលជាង ១០០ នាក់ ដែលពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិ។
(៥) ចាប់តាំងពីឆ្នាំ១៩៩១ ការបោះឆ្នោតដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាត្រូវបានធ្វើឡើងក្នុងស្ថានភាពមិនសេរី យុត្តិធម៌ និងគួរឱ្យទុកចិត្ត ឬត្រូវបានសម្គាល់ដោយការក្លែងបន្លំការបំភិតបំភ័យ អំពើហឹង្សា និងការប្រើប្រាស់យន្តការមិនត្រឹមត្រូវរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យបេក្ខជនគណបក្សប្រឆាំងចុះខ្សោយ។
(៦) សហរដ្ឋអាមេរិកប្តេជ្ញាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។ សហរដ្ឋអាមេរិកបន្តជម្រុញឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើលោកកឹម សុខា ជាបន្ទាន់ ស្តារស្ថានភាពនយោបាយរបស់គណបក្សសង្គ្រោះជាតិឡើងវិញ និងស្ដារអាសនៈជាប់ឆ្នោតនៅក្នុងរដ្ឋសភា និងគាំទ្រកិច្ចខិតខំប្រឹងប្រែងកែទម្រង់ការបោះឆ្នោតនៅ កម្ពុជា ដោយការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងគួរឱ្យជឿជាក់ មានការតាមដានឃ្លាំមើលដោយអ្នកសង្កេតការណ៍អន្តរជាតិ។
ការដាក់ទណ្ឌកម្មនេះ អាចត្រូវបានដកចេញវិញ នៅពេលដែលរដ្ឋាភិបាលកម្ពុជាបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ បញ្ចប់ការរំលោភសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ រៀបចំការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ដែលអនុញ្ញាតឱ្យមានការចូលរួមយ៉ាងសកម្មពីបេក្ខជនគណបក្សប្រឆាំង ដែលគួរឱ្យទុកចិត្ត។
នៅលើចំណុចទី៣នៃការទាមទាររបស់សហរដ្ឋអាមេរិក រដ្ឋាភិបាលកម្ពុជាកំពុងជជែកវែកញែកថាខ្លួនបានអនុញ្ញាតឱ្យគណបក្សនយោបាយថ្មីបង្កើតឡើង និងដំណើរការដោយសេរីនៅក្នុងការបោះឆ្នោតឆ្នាំ២០២៣ ។ តែទោះយ៉ាងណាក៍ដោយ អ្នកជំនាញ លោកប្រេដ អាដាម នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស និយាយថា “អ្នកមិនអាចដំណើរការការបោះឆ្នោតបានទេ នៅពេលគ្មានសិទ្ធិស្មើគ្នាក្នុងការទទួលបានប្រព័ន្ធផ្សព្វផ្សាយការនិយាយដោយសេរី និងការជួបប្រជុំគ្នា។ នៅពេលអ្នកធ្វើវាដោយភ័យខ្លាចឬភិតភ័យ ការបោះឆ្នោតមិនសេរីឬយុត្តិធម៌ទេ។ វាមិនមែនជាការបោះឆ្នោតស្របច្បាប់ទេ” ។
នៅថ្ងៃទី១៥ ខែកញ្ញា ក្រុមហ៊ុនទំនាក់ទំនងឃ័រវីស (Qorvis) បានចុះកិច្ចសន្យាជាមួយលោក ជុំ សុណ្ណារី (Chum Sounry) ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក។ តាមរយៈគេហទំព័ររបស់ខ្លួន Qorvis មានអំនួតថា “ខ្លួនបានជួយដល់អតិថិជនក្នុងការរុករកបញ្ហាប្រឈមរបស់ រដ្ឋាភិបាលចាប់តាំងពីការចាប់ផ្តើមដំបូង។ ក្រុមជាន់ខ្ពស់របស់យើងមានសមាសភាពអតីតមន្រ្តីរដ្ឋាភិបាលមកពីសេតវិមាន មន្ទីរប៉ង់តាហ្គោន ក្រសួងការបរទេស ព្រឹទ្ធសភា និងសភាតំណាងរាស្រ្តនៅវិមានកាពីតូល ហ៊ីល” ។
ប្រភពបានរាយការណ៍ថា ភាគីបានយល់ព្រមលើការទូទាត់ប្រាក់ចំនួន ៧ ម៉ឺនដុល្លារក្នុងមួយខែ ហើយក្រុមហ៊ុន Qorvis នឹងធ្វើការទំនាក់ទំនងជាយុទ្ធសាស្ត្រឲ្យកម្ពុជានៅសហរដ្ឋអាមេរិករួមជាមួយការផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា។
មូលហេតុដែលរដ្ឋាភិបាលលោកហ៊ុន សែន ជួលក្រុមហ៊ុនទំនាក់ទំនងនេះ គឺដើម្បីបញ្ចុះបញ្ចូលតំណាងរាស្រ្តមិនឱ្យអនុម័តច្បាប់នេះនៅក្នុងព្រឹទ្ធសភា។ ពលរដ្ឋខ្មែរអាមេរិកាំងត្រូវបានគេជម្រុញឱ្យសរសេរ និងទាក់ទងសេនាធិការរបស់ពួកគេដើម្បីអនុម័តច្បាប់នេះ ក៏ដូចជាសរសេរទៅក្រុមហ៊ុនទំនាក់ទំនងនេះប្រាប់ពួកគេមិនថាពួកគេព្យាយាមលាក់បាំងហ៊ុនសែន យ៉ាងណានោះទេ ក៍ពួកគេមិនអាចលាក់បាំងឧក្រិដ្ឋកម្មរបស់គាត់បានដែរ នេះបើតាមសំដីរបស់លោកប្រេដ អាដាម។