Top Mobile Banner

បោះឆ្នោត «ស៊ូព័រធូស្តេយ» នរណាជាបេក្ខជន ប្រធានាធិបតីអាមេរិកកាំង?

ខ្មែរផូសអឺរ៉ុប ៙ ថ្ងៃទី០១មិនា២០២៤
«ស៊ូព័រធូស្តេយ»បានប្រព្រឹត្តទៅនៅថ្ងៃអង្គារទី៥មិនា នៅក្នុងរដ្ឋចំនួន១៥ នៅថ្ងៃជាមួយគ្នា ចំពោះប្រជាពលរដ្ឋនៃគណបក្សធំនិមួយៗ ឲ្យបោះឆ្នោតសម្រេចវាសនាថា«ឲ្យបេក្ខជនឬបេក្ខនារីណា ដែលបានឈ្នះដាច់គេ ឲ្យទៅជា«បេក្ខជនឬបេក្ខនារីប្រធានាធិបតី» ដំណាងគណបក្សប្រជាធិបតេយ្យឬគណបក្សសាធារណរដ្ឋ ឲ្យពលរដ្ឋអាមេរីកាំង ជ្រើសរើសឲ្យឡើងជាប្រធានាធិបតីបាន នាឱកាសបោះឆ្នោតសាកល នៅថ្ងៃទី៥ខែវិច្ឆិកា២០២៤ ខាងមុខ។ ថ្វីត្បិតតែបានបេក្ខជនសំខាន់ គឺ ឌណលត្រាំ នឹង ជោ បាយដិន ជាគូរប្រកួត ដែលឈ្នះ«ស៊ូពែធូស្តេយ»ដូចការស្មានទុកជាមុនក៏ដោយ ការស្រង់មតិបាននិយាយថា «បេក្ខជនទាំងពីរនោះ មានអាយុច្រើនពេកទៅហើយ» ដែលធ្វើឲ្យសហរដ្ឋអាមេរីក នៅតែស្វែងរកដំណោះស្រាយថ្មី សម្រាប់ដំណែងប្រធានាធិបតីតទៅទៀតដដែល, ដូច្នេះ តើអាចនឹងមានអ្វីថ្មីកើតឡើងឬទេ នៅមុនថ្ងៃ៥វិច្ឆិកា?

 អតីតប្រធានាធីបតី Trump នៅមុខក្រចកសេះតុលាការញូយ៉ក ពីរឿងសូកលុយតួរកុនX Stormmy Daniels
អតីតប្រធានាធីបតី Trump នៅមុខក្រចកសេះតុលាការញូយ៉ក ពីរឿងសូកលុយតួរកុនX Stormmy Daniels

ខាងគណបក្សសាធារណរដ្ឋ លោកអតីតប្រធានាធិបតី ឌណល ត្រាំ បានយកគ្រប់ឈ្នះចំនួនតំណាងរដ្ឋ១៩២៣ លើលោកស្រី នីគី ហ៊ែលី ដែលខិតខំតស៊ូបានរដ្ឋ១ដែរ យ៉ាងស្វិតស្វាញ រហូតដល់ចុងបញ្ខប់។ លោក ត្រាំ អាចចាប់ប្តើមឃោសនា ជាបេក្ខជនប្រធានាធិបតីខាង«គណបក្សសាធារណរដ្ឋ»បាន ដោយលោក ត្រាំ បានឈ្នះដោយសេចក្តីសម្រេចរបស់តុលាការកំពូល លើបំរ៉ាមតុលាការរដ្ឋកូឡូរ៉ាដូ នឹងរដ្ឋម៉ែន គឺគិតចាប់តាំងពីថ្ងៃទី៦មិនានោះទៅហើយ បើទោះជាលោកនៅជាប់បណ្តឹងផ្សេងទៀត នៅតុលាការច្រើនជាករណីក៏ដោយ, មានករណីខ្លះក៏បានចាញ់ក្តីរួចទៅហើយ តែជាករណីរដ្ឋបវេណីតែប៉ុណ្ណោះ ហើយចំពោះករណីដែលនៅសល់ ធ្វើឲ្យគេសង្ស័យថាលោក ត្រាំ អាចនឹងក្ស័យទុនលំបាកនឹងបន្តរការឃោសនា ពីព្រោះលោកត្រូវជំពាក់ប្រាក់ធានានៅតុលាការ ចំនួនច្រើនរយលានដុល្លានៅឡើយ។ រីឯគម្រោងនយោបាយរបស់លោក គឺត្រូវបញ្ចប់សង្គ្រាមនៅអ៊ូក្រែន ដោយចងសម្ព័ន្ធភាពជាមួយប្រទេសរុស្សី ហើយផ្តាច់ជំនួយអាមេរិកទៅឲ្យអ៊ូក្រែន … ពេលនោះ អាមេរីកនឹងមានកង្វល់តិចតួច សម្រាប់សន្តិសុខសហភាពអឺរ៉ុប ឬសម្រាប់អាស៊ី ឬ សម្រាប់អូសេអានី … រីឯនយោបាយក្នុងប្រទេសរបស់ ឌណល ត្រាំ គឺកាពារអ្នកមានទ្រព្យសម្បត្តិច្រើនឲ្យបង្កើតកាងារប្រជាជន, កាពារព្រុំដែនមិនឲ្យបរទេសចូលមកក្នុងប្រទេសបាន បណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីស្រុក…។ វត្តមានរបស់លោក ត្រាំ ជាបេក្ខជនសាជាថ្មី ក៏បានចែកគណបក្សសាធារណរដ្ឋជាច្រើនចំណែកដែរ គឺក្រុមដែលតាមលោក ត្រាំ ប្តូរផ្តាច់គឺជាក្រុមស្តាំផុតនិយម(មានក្រុមណាស៊ី ក្រុមខេខេខេ…) នឹងចេញពីក្រុមដែលនៅខាងបេក្ខជនប្រជែងនឹង ត្រាំ មានឈ្មោះថា«ហ្វើស First»ពួកគេមានបំណង«មិនឲ្យបោះឆ្នោតទៅលោក ត្រាំ ទេ»គឺក្រុមអភិរក្សនិយមមាន គ្រីស្ទី ឬ នីគី ជាដើម។

ចំណែក ខាងគណបក្សប្រជាធិបតេយ្យ វិញ លោក ជោ បាយដិន មិនមានគូរប្រជែងទេ លោកឈរឈ្មោះតែម្នាក់ឯង បានឆ្នោតដំណាងរដ្ឋក្រប់ចំនួន២០៣០ តែទាំងខាងគណបក្សលោកក្តី នឹងទាំងគណបក្សសាធារណរដ្ឋក្តី ទីទានថា«លោកបាយដិន ចាស់ពេក»ក៏បុន្តែ លោកបានបង្ហាញនៅពេលថ្លែងសុន្ទរកថា«State of the Union»កាលពីថ្ងៃទី០៧នៅ«វិមានកាពីតូល»ថាលោកនៅតែមានស្មារតីគ្រប់គ្រាន់ ថាអាចគ្រប់គ្រងប្រទេសបានប្រសើដូចមុន នៅឡើយ។ លោកបន្ទោសសមាជិកសភា ខាងគណបក្សសាធារណរដ្ឋថា«បើអ្នកមិនជួយអ៊ូក្រែនទេនោះ ពូទីននឹងមិនឈប់នៅត្រឹមអ៊ូក្រែននោះទេ» សង្គ្រាមអាចនឹងឆេះឆាបអឺរ៉ុប ជាសង្គ្រាមលោកលើកទី៣ផងក៏បាន។ លោក បាយដិន បានរៀបរាប់ពីស្នាដៃលើសេដ្ឋកិច្ច, សង្គមកិច្ច បច្ចេកវិជ្ជា ធ្វើឲ្យសហរដ្ឋអាមេរីក ជាប្រទេសមហាអំណាចសេដ្ឋកិច្ច ពុំអាចប្រទេសណាប្រៀបធៀបបានឡើយ នាឱកាសដែលលោកកាន់អំណាច អតិផរណាបានធ្លាក់ចុះទាប កាងារបានកើនឡើង ប្រជាពលរដ្ឋទទួលប្រាក់ចំណូលច្រើនជាងមុន ចំណាយសុខភាពសាធារណៈ ក៏ធ្លាក់ចុះទាបជាងមុនដែរ។

ហេតុការដែលថាបេក្ខជនទាំង២«ចាស់ពេក»នោះ ក្រុមអ្នក«គ្មានគណបក្ស»មួយក្រុម កំពុងរួបរួមដៃគ្នាបង្កើតជាគណបក្សមួយថ្មីទៀត ដែលមានឈ្មោះថា«ក្រុមគ្មានផ្លាក»ជាអ្នកនយោបាយមានវ័យក្មេង មានបំណងឈរឈ្មោះឲ្យអ្នកបោះឆ្នោត មានជម្រើសថ្មីមួយទៀត ក្រុមនោះអាចនឹងមានប្រជាប្រីយភាព រហូតដល់រំខានបេក្ខជន«អាយុច្រើន»ទាំង២បាន។

នៅមានការជ្រៀតជ្រែកពីបរទេស ស្តីពីឃោសនាសម្ងាត់របស់ប្រទេសរុស្សី តាមបច្ចេកវិជ្ជាទំនើប កាលពីជំនាន់គូរប្រជែង ហ៊ីឡារី គ្លីងតុន នឹង ឌណល ត្រាំ, មេរៀននោះបានត្រូវគេកាពារជាប់នៅជំនាន់ គូរប្រជែង ត្រាំ នឹង បាយដិន ដែលជាហេតុធ្វើឲ្យត្រាំ ចាញ់ឆ្នោតយ៉ាងក្តៅក្រហាយ។ លើកក្រោយនេះក្តី គេនឹងកាពារតទៅទៀត យ៉ាងតឹងរ៉ឹង។

គេនៅចងចាំរឿងមួយទៀត ដែលកាលពីពេលបោះឆ្នោត ត្រាំ នឹងបាយដិន លើកមុនដែរ គឺក្រុមសាសនាគ្រឹស្ត ខាងគណបក្សសាធារណរដ្ឋខ្លួនឯង បានឃោសនាប្រឆាំងនឹងលោក ត្រាំ យ៉ាងខ្លាំងខ្លា ដោយគេបារម្មខា្លច ត្រាំ ឈ្នះឆ្នោតម្តងទៀត ពីព្រោះគេយល់ថា លោក ត្រាំ មិនប្រកាន់នយោបាយតាមទ្រឹស្តីនៃសាសនាគ្រឹស្ត ដែលក្រុមអ្នកសាធារណរដ្ឋធ្លាប់ប្រកាន់យកនោះទេ ពួកនោះគឺជាសហគមន៍ដ៏ធំមួយ នៅសហរដ្ឋអាមេរីក ដែលអាចនឹងប្រកាន់ជំហរដដែល នៅថ្ងៃ៥វិច្ឆិកា២០២៤ខាងមុខ។

រឿងដែលមិនគួរជឿទើបតែនឹងផុះឡើង គឺរឿងក្តីព្រហ្មទណ្ឌចំនួន៤ ដែលនៅជាប់នឹងខ្លួនលោក ត្រាំ ហើយដែលលោក ត្រាំ កំពុងតែស្វែងរកការពន្យាពេលកាត់ទោស, ជាពិសេសករណីសូកលុយបំបិទមាត់ រឿងអាស្រូវផ្លូវភេទមួយ ជាមួយនារីលក់ខ្លួន ពេលខ្លួនទើបរៀបការជាមួយភរិយានាង មេឡានី រឿងក្តីនោះនឹងឡើងមកដល់ នៅខែមេសានេះហើយ… ត្រាំ ទំនងជាអស់ផ្លូវដើរហើយ។

នៅក្នុងការស្ទង់មតិចុងក្រោយ របស់«រ៉យទ័រ/អ៊ីពសូស» ការបោះឆ្នោតនៅថ្ងៃទី៥វិច្ឆិកាខាងមុខ ត្រាំ នឹងចាញ់ បាយដិន តែមួយពិន្ទុតែប៉ុណ្ណោះ គឺជាការប្រកួតយ៉ាងប្រកៀកគ្នាជាទីបំផុត, លោកត្រាំ សំអាងទៅលើមូលដ្ឋានដ៏មាន«ភក្តីភាពនឹងដាច់ខាត»របស់គាត់ ដែលមានប្រមាណ៣០ទៅ៣៥% ដូច្នេះតម្រូវឲ្យរកអ្នកបោះឆ្នោតបន្ថែម ឲ្យបាន១៥ទៅ២០%ទៀត ដែលជាការដ៏លំបាកមួយ ពីព្រោះអ្នកដែលនៅសល់ទាំងនោះ សុទ្ទតែគេចង់ទាត់លោកត្រាំចោល ដោយស្ទើរតែគ្រប់ការវិភាគ នៃអ្នកជំនាញការទាំងអស់ សំដែងថា«លោក ត្រាំ ជាប្រធានាធិបតីដែលអាក្រក់ជាងគេទាំងអស់ ក្នុងចំណោមប្រធានាធិបតីទាំង៤៥»។

ចំណែកលោកបាយដិនវិញ មានការខាតបង់ដោយសារតែមានអាយុច្រើនមែន តែមានផលចំណេញដោយមានអ្នកប្រជែងតិចតួច មានអ្នកប្រឆាំងនឹងនយោបាយលោកក៏តិចតួច ជាពិសេសនឹងមានឆ្នោតនៃ«អ្នកដែលប្រឆាំងដាច់ខាតនឹងលោកត្រាំ»វិញដែរ មកនៅខាងលោក ដូចជាក្រុមបោះឆ្នោតឲ្យ ណីគី ហ៊ែលី, គ្រីស្ទី នឹង សង់ទី ជាដើម ជាពិសេស លោក អតីតអនុប្រធានាធិបតីរបស់ ត្រាំ គឺលោក ម៉ាយ ផិន និយាយថា នឹងមិនបោះឆ្នោតឲ្យ ត្រាំ ទេ នៅខែវិច្ឆកាខាងមុខ ។ ចំណែកឯថវិកាឃោសនារបស់លោក បាយដិន បានកើនឡើងឈ្នះលោក ត្រាំ ដាច់ស្រឡះ ដែលជាសញ្ញាមួយដែរថា បាយដិនមានអ្នកគាំទ្របេក្ខភាពច្រើនជាង ត្រាំ បាន ៕

ព័ត៌មានទាក់ទង