ដោយ ពិន សំខុន
ឱកាសដ៏កំររបំផុតមួយបានកើតឡើង ស្ទើរតែ១០០ឆ្នាំទើបកើតមានម្តង សម្រាប់អនាគតសិក្សាយុវជននៅឡូវែល នៅពេលដែលរដ្ឋាភិបាលបច្ចុប្បន្ន
មានថវិការថ្មី ហើយសួររយោបល់ពលរដ្ឋថា‹តើគួរសង់កែរលំអវិទ្យាល័យឡូវែលនៅក្នុងក្រុងលើកន្លែងដដែល?›ឬក៏‹ទៅសង់វិទ្យាល័យថ្មីស្រឡាងមួយនៅតំបន់ខលីខាងក្រៅក្រុងឡូវែល?›។ ពលរដ្ឋឡូវែលបានប្តើមពិគ្រោះគ្នា លើដំណឹងដែលគ្រប់មាតាបីតាតែងប្រាថ្នានូវអ្វី ដែលប្រសើរបំផុតសម្រាប់ការសិក្សាកូនរបស់ខ្លួន។
លោក វាស្នា នួន អតីតសមាជិកក្រុមប្រឹក្សាក្រុងឡូវែល នឹងលោក ដូមីណីក ឡាយ អតីតបេក្ខជនក្រុមប្រឹក្សាសាលារៀន បានបញ្ចេញយោបល់ថា‹គួរតែវិទ្យាល័យកែរលំអរថ្មីនៅកន្លែងដដែល, ចំណែកឯលោក ប៉ាន់ សូ គ្រូបង្រៀននៅវិទ្យាល័យឡូវែល នឹងខ្មែរផុស និយាយថា‹គួរតែសង់វិទ្យាល័យថ្មីនៅតំបន់ខលី›។ យោបល់ចែកគ្នាជា២យ៉ាងនេះ ជាការធ្វើឱ្យក្រុមប្រឹក្សាក្រុងងាយស្រួលនឹងសម្រេច យកខាងណាក៏បាន – តែមាតាបីតាសិស្ស មិនច្បាស់ជាទទួលបាននូវវិទ្យាល័យមួយដែលប្រសើរបំផុតសម្រាប់កូន នាសតវត្យទី២១នេះនៅឡើយទេ។
ដោយសារមកទល់ពេលនេះហាក់ដូចជាមាតាបីតានៅឡូវែល មិនទាន់បានទទួលពត៌មានគ្រប់គ្រាន់ សម្រាប់ធ្វើការវិនិច្ឆ័យនៅឡើយ កាលបរិច្ឆេតក្រុមប្រឹក្សាក្រុង សម្រាប់សម្រេចយកទីតាំងវិទ្យាល័យនេះ បានត្រូវលើកទៅខែមិថុនាទៅវិញ ទុកឱកាសបន្ថែមបានច្រើនសម្រាប់សិក្សានឹងពីគ្រោះគ្នា ឱ្យបានល្អិតល្អន់។
ហេតុអ្វីបានជាមានការផ្តល់ថវិការសម្រាប់ធ្វើវិទ្យាល័យនេះឡើងវិញ? គឺកាលពី៣-៤ឆ្នាំមុន ការត្រួតពិនិត្យអាគ៌ាសិក្សារបស់សហព័ន្ធ បានឃើញថា‹អាគារនេះទ្រុឌទ្រោម មិនគ្រប់លក្ខណៈសុវត្ថិភាពនៃសាលារៀនទេ› រដ្ឋបានចំណាយលុយជាច្រើនលានរួចហើយ សម្រាប់ជួសជុល តែការត្រួតពិនិត្យបន្តរបន្ទាប់ នៅឆ្លើយថា‹មិនគ្រប់លក្ខណៈសុវត្ថិភាពដដែល›។ ហេតុនេះហើយបានជា ដោយសារតែ‹បញ្ហាសុវត្ថិភាពនេះ សហព័ន្ធបានផ្តល់ថវិការឱ្យធ្វើសាលានេះ‹ថ្មី›ឡើងវិញ ឱ្យស្របតាម‹លក្ខណសុវត្ថិភាព›ផង នឹងស្របតាម‹លក្ខណបច្ចេកទេសសិក្សាទាន់សម័យ›ផង ការពិតទៅសាលាចាស់នេះ មិនត្រិមតែអាចនឹងបាក់រលំទេ តែនៅខ្វះអាគ៌ាខ្លះទៀតសម្រាប់សិស្សរៀនសូត្រ ឱ្យបានស្របតាមបច្ចេកទេសសម័យថ្មីទៀតផង។
ការចង់ឱ្យសង់សាលារៀនសាជាថ្មីនេះ បណ្តាលឱ្យមានចរន្តគំនិតពីធំៗបានកើតឡើង ១-រុះរើសាលាចាស់ធ្វើឡើងវិញឱ្យទៅជាថ្មីនៅកន្លែងដដែល ២-រកកន្លែងថ្មីនៅក្នុងឡូវែលសង់វិទ្យាល័យទំនើបជំនួសឡើងវិញ។ គំនិតសំខាន់របស់អ្នកដែលចង់បានឱ្យវិទ្យាល័យ ឋិតនៅកន្លែងដដែល ហើយគ្រាន់តែកែរលំអឱ្យទៅថ្មីបានហើយនោះ គឺចង់ទុកសោភណ្ណភាពនឹងអនុស្សាវរីយនៃប្រវត្តិសំណង់ចាស់ ឱ្យនៅដដែល ហើយគំនិតធំមួយទៀតរបស់អ្នកដឹកនាំសហគមន៍ គឺដោយសារកូនសិស្សខ្មែរជាច្រើនស្រួលដើរពីផ្ទះ ទៅសាលារៀនរបស់ខ្លួនខ្លះបន្ថែមថា‹ស្រួលដើរពីសាលារៀនទៅសមាគមខ្មែរ› ដែលនៅមិនឆ្ងាយពីផ្ទះខ្លួននោះទេ។
អ្នកដែលគិតពី‹ភាពងាយស្រួល›នេះ ពុំបានគិតដល់ការលំបាករបស់កូន នៅពេលមានធ្លាក់ព្រិល មានធ្លាក់ភ្លៀង ឬមានធ្លាក់ខ្យល់មកលើដំបន់ឡូវែលនោះទេ តើវិបត្តិធម្មជាតិទាំងនេះវារំខានដំណើរកូនសិស្សប៉ុន្មានដងក្នុងមួយឆ្នាំៗ? យើងបានដឹងថាភាពងាយស្រួលនេះរំខានដំបូងបង្អស់គឺ -គ្រាន់តែភ្លៀងធ្លាក់ចុងក្រោយបង្អស់នេះ តែមួយប៉ុណ្ណោះ សិស្សអវត្តមានដល់ទៅ១៤%ទៅហើយ› ម្យ៉ាងទៀតឃើញកូនសិស្សខ្មែរយើង ដើរប្រសេចប្រសាច ទាំងហ្វូងៗកាត់ថ្នល់ជាច្រើនមុននឹងបានមកដល់ផ្ទះសម្បែងតែរៀងៗខ្លួន, រូបភាពនេះបង្ហាញនូវសណ្តាប់ធ្នាប់នឹងការគ្រប់គ្រងតិចជាង កូនសិស្សខ្មែរឯទៀតៗដែលប្រើរថយន្ត‹បឺសលឿង›នាំសិស្សទាំងហ្វូងដូចគ្នា ទៅបង្ហើយកិច្ចការសាលានៅ‹Boys & Girls Club›ជាដើម ដែលមានទីតាំងនៅ‹ក្រុងខ្អែរ›នៅពេលចេញពីរៀនជាមួយគ្នា ការនេះគឺឆ្លុះបញ្ចាំងពីសុវត្ថិភាពខ្ពស់ផ្តល់ នឹងគ្រប់គ្រាន់ឱ្យកូនសិស្សសាលា។
មានបញ្ហាមួយទៀតដែលថាចោទចំពោះថវិការគ្រួសារ គឺការប្រើរថយន្តបឺស‹លឿង›មិនត្រឹមតែមានសុវត្ថិភាពខ្ពស់គួរជាទីទុកចិត្តទេ ថែមទាំងមិនចំណាយលុយអ្វីទាំងអស់។ ប្រសិនបើលោកអ្នកនៅក្រៅតំបន់ដែលគ្មានបឺស‹លឿង›នោះរត់ កូនលោកអ្នកក៏អាចទីញ‹ខត›ប្រចាំខែដែលប្រើទៅទីណាក៏បានពេលណាក៏បាន ក្នុងតម្លៃតែ២០ដុល្លាតែប៉ុណ្ណោះ។ មានយោបល់ផ្សេងទៀតថា ដោយសារការសង់សាលារៀនថ្មី នឹងកូនសិស្សប្រើរថយន្ត‹បឺស›គ្រប់គ្នាដើម្បីទៅវិទ្យាល័យសាលាក្រុងនឹងតម្លើង‹តាក់›ដែលនឹងប៉ះពាល់ដល់ថវិការគ្រួសារ- ការនេះយើងគួរគិតថា‹តាក់›អាចនឹងឡើង៥០ដុល្លាក្នុងមួយឆ្នាំមែន តើយើងមិនគួរសន្សំលុយតិចតួចនេះលើតម្លៃសិក្សានឹងសុវត្ថិភាពរបស់កូនទេ ហើយប្រសិនបើកណ្តាលក្រុងឡូវែលនឹងក្លាយជាក្រុង‹ពាណិជ្ជកម្ម›ទៅវិញ នៅពេលដែលវិទ្យាល័យចេញទៅនៅក្រៅក្រុង ពេលនោះសាលាក្រុងអាចនឹងយកបានតាក់ច្រើនជាង៥០ដុល្លា ដែលលោកអ្នកចាយសម្រាប់ការរៀនសូត្រនឹងជិះ‹បឺស›របស់កូនទៀតផង។
ចុះបើគំនិតថា‹សាលាត្រូវដកចេញពីកណ្តាលក្រុង›នេះត្រឹមត្រូវហើយស្របនឹងបច្ចេកសិក្សាធិការហើយ តើហេតុអ្វីក៏សាលាក្រុងនៅតែស្នើរយោបល់ឱ្យមានការបែងចែកខ្វែងយោបល់ធ្វើអ្វី? ម្ចាស់លុយគេចង់ឃើញ‹សាលាសង់ថ្មីនៅកន្លែងថ្មី›បើរកមិនបានទើបឱ្យកែរឆ្នៃនៅកន្លែងដើម តែនេះជាជម្រើសទី២ទេ។ នៅស្រុកអាមេរីកនេះ ថ្វីត្បិតតែច្បាប់ប្រកាន់ពូជសាន៍បានលុបចោលទៅជាយូរហើយក្តី ក៏នៅមានអាមេរីកកាំងខ្លះចង់រក្សា‹ភាពខ្ពង់ខ្ពស់ជាងសាសន៍ដ៏ទៃ›ច្រើននៅឡើយ គេមិនចង់ឃើញមានសាសន៍ដ៏ទៃចូលឡូកឡំទៅកាន់ដំបន់‹ថ្លៃថ្នូ›របស់គេទេ- យកសាលាចេញពី‹ហាឡិន›ទៅកាន់‹បែលវឺឌៀ›គឺនាំសិស្សគ្រប់ជាតិសាសន៍ទៅកាន់ទីនោះ ហេតុនេះហើយបានជាជម្រើសទី២ បានក្លាយទៅជាទិ១ ដោយសារនៅសាលាក្រុងមានសមាជិកនៃក្រុមប្រឹក្សាក្រុងមានអ្នកដែលរស់នៅ‹បែលវឺឌៀ›ដល់ទៅ៦រូបក្នុងចំណោម៩។ ហេតុនេះហើយដែលធ្វើឱ្យយើងយល់ថា ហេតុអ្វីបានជាលោកអតីតសមាជិកក្រុមប្រឹក្សាក្រុងឡូវែលសញ្ជាតិខ្មែរ វាស្នា នួន និយាយកាលពិ២សប្តាហ៍មុននោះថា‹អ្វីៗបានសម្រេចរួចទៅហើយ›នោះ។
សហគមន៍យើងគួរស្វែងរកឱកាសនិយាយគ្នារកមូលហេតុដើម្បីចុះសម្រុងគ្នាដើម្បីទាញយកការសិក្សាដែលប្រសើរបំផុតសម្រាប់កូនរៀន បង្ហាញទស្សនៈឱ្យបានមុនពេលដែលក្រុមប្រឹក្សាក្រុងធ្វើការសម្រេចចិត្តជាចុងក្រោយ។ យើងធ្លាប់ធ្វើការបានសម្រេចជោគជ័យច្រើនហើយ យើង‹ធ្វើបានខ្លាំងពីព្រោះយើងធ្វើត្រូវ ធ្វើទៅវាមានន័យ› ដូច្នេះយើងបន្តរពិគ្រោះគ្នាឱ្យបានឆាប់ជាទីបំផុត គឺយើងបានរៀបអនាគតសម្រាប់១០០ឆ្នាំទៅមុខនៃសហគមន៍យើង។