ដោយ ពិន សំខុន
ក្នុងបណ្តាខេត្រ២៥នៅកម្ពុជា មានឃុំសង្កាត់ចំនួន១៦៤៦ ដែលការបោះឆ្នោតកាលពីថ្ងៃ៤ខែមិថុនាឆ្នាំ២០១៧ បានលទ្ធផលបណ្តោះអាសន្ន ចែកឃុំសង្កាត់នយោបាយទៅជា ឃុំដែលមានមេឃុំមកពីគណបក្សប្រជាជន មាន១១៥៩ នឹង
មានឃុំសង្កាត់មកពីគណបក្សសង្គ្រោះជាតិ មានចំនួនជិត៤៨៦,បើគិតពីចំនួនអ្នកបោះឆ្នោតវិញ គណបក្សប្រជាជនបាន៤៨% គណបក្សសង្គ្រោះជាតិបាន៤៥% (លទ្ធផលថ្លែងដោយនីហ្វេក អង្គការឃ្លាំមើលឯករាជ្យ) គំលាតគ្នាមានតែតិចជាង៥%តែប៉ុណ្ណោះ។ គណបក្សសង្គ្រោះជាតិ បានកើនចំនួនឃុំសង្កាត់បានច្រើនគួរឱ្យកត់សំគាល់ គឺលើសពីចំនួន៤០ឃុំសង្កាត់កាលពី៥ឆ្នាំមុន ចំនួន១២ដង។
តើលទ្ធផលនេះមានន័យយ៉ាងណា?
គ.ជ.ប.ទស្សនៈជាច្រើនបានកោតសសើរដល់គ.ជ.ប.លើកនេះថា‹បានធ្វើឱ្យលទ្ធផលនៃការបោះឆ្នោតថ្ងៃទី៤មិថុនានេះ មានលក្ខណៈប្រសើរជាងមុន ដែលអាចធ្វើឱ្យមានការចុះសម្រុងគ្នារវាងគណបក្សប្រកួតគ្នា លើការប្រកាសលទ្ធផលដែលបានចេញមក›។ គណបក្សប្រឆាំងដែលមានសមាជិករបស់ខ្លួននៅក្នុងគ.ជ.ប.ថ្មី ជាមួយគ្នានឹងគណបក្សប្រជាជនដែរនោះ បានប្រគល់សេចក្តីសង្ឃឹមនឹងទទួលបានលទ្ធផលត្រឹមត្រូវ ហើយទទួលស្គាល់ដែរថា‹គ.ជ.ប.លើកនេះប្រសើជាងលើកមុន ដែលកាន់កាប់ដោយគណបក្សប្រជាជនតែម្នាក់ឯង›។ មកទល់ត្រឹមនេះ ប្រាកដជាផលចំណេញសម្រាប់ប្រជាជាតិ ក្នុងដំណើរទៅរកលទ្ធិប្រជាធិបតេយ្យ បានមួយដំណាក់ការហើយ ថ្វីត្បិតតែនៅសល់ដំណាក់ការច្រើនទៀតដែលត្រូវឆ្លងកាត់ក៏ដោយ។ បញ្ជីបោះឆ្នោតថ្មី ក៏មានលក្ខណៈត្រឹមត្រូវជាងលើកមុន ហើយមានអ្នកចុះឈ្មោះបោះឆ្នោតសរ៉ុបចំនួន ៧,៨៦៥,០៣៣នាក់ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរទាំងអស់ចំនួន ១៥,៧២១,៣៦៦នាក់ ហើយអ្នកដែលបានចេញទៅបោះឆ្នោត មានចំនួន ៦,៧៤៣,៣២៩ ត្រូវជា៨៥,៧% គឺជាចំនួនដែលច្រើនបំផុត លើសពី៥ឆ្នាំមុន១,៧លាននាក់ ។
លទ្ធផលបណ្តោះអាសន្នរបស់គណបក្សសង្គ្រោះជាតិ
គឺឈ្នះបានមេឃុំនឹងចៅសង្កាត់ប្រមាណ៤៨៦ ក្នុងចំណោមឃុំសង្កាត់ទាំងអស់១៦៤៦ ក៏ប៉ុន្តែទទួលបានសន្លឹកឆ្នោតទាំងអស់ ៤៥%(តាមសេចក្តីរាយការរបស់នីហ្វេក) នៃចំនួនអ្នកបោះឆ្នោត។ ថ្វីត្បិតតែគណបក្សសង្គ្រោះជាតិមានសេចក្តីសង្ឃឹមខ្ពស់ជាងលទ្ធផលនេះក៏ដោយ ក៏គេអាចវិភាគឃើញថាៈ ១-គណបក្សសង្គ្រោះជាតិទើបនឹងកើតនៅឆ្នាំ២០១៣ ដូច្នេះមិនទាន់មានមូលដ្ឋានជនបទរឹងមាំនៅឡើយទេ បើប្រៀបទៅនឹងគណបក្សប្រជាជនកម្ពុជា ហើយគណបក្សនេះទើបនឹងដាក់បេក្ខជនបានគ្រប់កន្លែងដល់ជនបទបាន នៅ២-៣ខែមុននេះតែប៉ុណ្ណោះ ២-សម្លេងគណបក្សតូចៗ ទាំងអស់មាន១០ ដែលចូលមកប្រកួតប្រជែងដែរនោះ ច្រើនបំបែកសម្លេងតែពីគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ ៣-សម្លេងឆ្នោតរបស់កម្មករ-កម្មការីនីរាប់ម៉ឺនសែននាក់ មិនបានត្រូវគេយកចិត្តទុកដាក់ខ្ពស់ទេ ពួកគេមិនអាចបោះឆ្នោតនៅទីកន្លែងធ្វើការបានទេត្រូវទៅបោះនៅភូមិកំណើត ដែលមួយចំនួនទៅស្រុកមិនបានដោយនៅឆ្ងាយពេក នេះក៏ព្រោះខាងរដ្ឋាភិបាលយល់ថាពួកកម្មករទាំងនោះ ច្រើនបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ៤-កម្មករចំណាកស្រុករាប់ម៉ឺនសែននាក់ទៀត ក៏មិនអាចត្រឡប់មកបោះឆ្នោតបានដែរ ។ គណបក្សសង្គ្រោះជាតិ ថ្លែងថា – ប្រជាពលរដ្ឋប្រមាណ២លាននាក់ មិនអាចបោះឆ្នោតបានដោយសារចុះឈ្មោះក្នុងបញ្ជីមិនទាន់ – ម្យ៉ាងទៀតគណបក្សខ្លួនបានរងការគម្រាមកំហែងពីសំណាក់រដ្ឋាភិបាលជាប្រចាំតាំងពីឆ្នាំ២០១៥មក – បន្ថែមពីលើនេះ នៅមានការគម្រាមសម្លាប់មនុស្ស ពីសំណាក់នាយករដ្ឋមន្ត្រី នឹងគម្រាមបង្ក្រាបពីរដ្ឋមន្ត្រីកាពារជាតិ នៅមុនពេលបោះឆ្នោត ធ្វើឱ្យបរិយាកាសបោះឆ្នោតប្រកបដោយការភ័យខ្លាច – គណបក្សសង្គ្រោះជាតិថ្លែងបន្ថែមថាៈ វិទ្យុ នឹង ទូរទស្សន៍រដ្ឋាភិបាលមិនបានគោរពតាមការណែនាំរបស់គ.ជ.ប.ទេ ក្នុងរយពេលឃោសនាមុនពេលបោះឆ្នោតនោះ។ យោងតាមស្មារតីមិនស្មើភាពគ្នា នឹងការរងគំនាបរបស់គណបក្សសង្គ្រោះជាតិ យ៉ាងនេះហើយក្តី នៅតែទទួលបានលទ្ធផលបានឈ្នះជីត៥០០ឃុំសង្កាត់ ដែរនោះ គឺជាជោគជ័យដ៏ត្រចះត្រចង់របស់សង្គ្រោះជាតិ ដែលបានធ្វើឱ្យប្រជាពលរដ្ឋជឿ ងាកមកគាំទ្រ‹គណបក្សដែលរងគ្រោះដោយរដ្ឋាភិបាលខ្លួនឯង› ក្នុងចំនួនច្រើនហួសការប៉ានស្មាន។
លទ្ធផលបណ្តោះអាសន្នរបស់គណបក្សប្រជាជនកម្ពុជា គឺ
ឈ្នះបានមេឃុំនឹងចៅសង្កាត់ ជាង១១៥៩ដែលមានចំនួនអ្នកបោះឆ្នោតឱ្យ៤៨%(តាមសេចក្តីរាយការរបស់នីហ្វេក) ជាចំនួនដែលថយចុះ បើប្រៀបទៅនឹងកាលពិ៥ឆ្នាំមុន ដែលបានឈ្នះលើ១៥៨០ឃុំសង្កាត់។ ចាប់តាំងពីគណបក្សសិទ្ធិមនុស្សនឹងគណបក្សសមរង្សីចាប់ដៃគ្នាបង្កើតបានជាគណបក្សសង្គ្រោះជាតិពេលណាមក គណបក្សប្រជាជនកម្ពុជាបានមើលឃើញថាជាការគម្រាមកំហែងយ៉ាងខ្លាំងខ្លាំ ដល់ការរក្សាអំណាចរបស់ខ្លួន ម្លោះហើយតាមរយអំណាចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បុរសខ្លាំងរូបនេះបានប្រើមធ្យោបាយរដ្ឋគ្រប់យ៉ាង ទាំងស្របច្បាប់ ទាំងក្រៅច្បាប់ ដើម្បីរំលាយសម្ពន្ធភាព រំលាយមេគណបក្ស នឹងរំលាយគណបក្សប្រឆាំង ឱ្យទាល់តែបានសម្រេចៈ មានតាំងពីការប្រកាសលទ្ធផលខុសច្បាប់នៃការបោះឆ្នោតឆ្នាំ២០១៣, មានការបន្ទន់ឥរិយាបទចរចាបន្ទាប់ពិបោះឆ្នោត, មានបង្កើតវប្បធម៌សន្ទនាហើយរំលាយទៅវិញ, មានបណ្តឹងឧក្រឹដ្ឋលើ សម រង្សី ពីរឿងបរិហាកេរ,មានការប៉ុនប៉ងចាប់ខ្លួនកឺម សុខា ពិរឿងស្រីញី, មានការចាប់ខ្លួនដាក់គុកមន្ត្រីអភ័យឯកសិទ្ធ នឹងមន្ត្រីសិទ្ធមនុស្ស, បង្កើតច្បាប់ដែលអាចរំលាយគណបក្សប្រឆាំងបាន, … រួមសេចក្តីទៅ លោកហ៊ុន សែន គ្មានពេលវេលានឹងគិតពិបញ្ហាជាតិទេ គឺគិតតែពីបញ្ហាអាយុជិវិតនៃអំណាចគាត់តែមួយប៉ុណ្ណោះ។ ហេតុអ្វីបានជាលោក ហ៊ុន សែន នៅរក្សាឃុំសង្កាត់បានទៅដល់ជាង១១៥០នោះបាន ? យើងបានតាំងសំនួរពីមុននេះបន្តិចមកហើយថា‹គណបក្សប្រជាជននៅស្ងៀមស្ងាត់មុនពេលបោះឆ្នោតយ៉ាងនេះ ទំនងជាមានល្បិចអ្វីផ្សេងដែលយើងនឹកមិនទាន់ដល់ក៏មិនដឹង!› ល្បិចនោះគឺគណបក្សប្រជាជន គេមានបណ្តាញមូលដ្ឋានគេប្រមាណជា២-៣លាននាក់ នៅទូទាំងប្រទេស ដែលគេរក្សាដែរមិនឱ្យរបូតពីដៃទេ បោះឆ្នោតពេលណា ក៏មានឆ្នោត២-៣លាននាក់សម្រាប់គាំទ្រគេដែរ ។ សម្លេងឆ្នោតនោះ បូករួមទាំងសម្លេងបំបែកបក្សប្រឆាំង បូករួមទាំងសម្លេងគម្រាមកំហែងរបស់រដ្ឋាភិបាល នឹងឡើងកាន់តែខ្ពស់នៅពេលអ្នកមិនទៅបោះឆ្នោតមានកាន់តែច្រើន,នៅពេលដែលសម្លេងអ្នកទៅបំបែកបក្សប្រឆាំងនោះ ក៏មានគេចូលចិត្តច្រើន,នៅពេលដែលរាស្ត្រនៅជនបទភ័យព្រួយពីសុវត្ថិភាពគ្រួសារខ្លួន នៅពេលខ្លួនចូលចិត្តបក្សប្រឆាំង ទាំងនេះហើយដែលជាទំនប់ មិនឱ្យសង្គ្រោះជាតិឡើងខ្ពស់ជាងនេះបាននៅឡើយ។
ទេសភាពនយោបាយថ្មីបន្ទាប់ពីបោះឆ្នោតឃុំសង្កាត់រួច
អ្នកវិភាគយល់ថា‹ការបោះឆ្នោតឃុំសង្កាត់នេះវានឹងជះឥទ្ធិពលទៅលើការបោះឆ្នោតសាកលនាខែកក្កដាឆ្នាំ២០១៨ខាងមុខ›ជាមិនខាន ។ មែនហើយ ជាមួយនឹងឃុំសង្កាត់ជិត៥០០របស់ខ្លួន គណបក្សសង្គ្រោះជាតិអាចពង្រីកបានមូលដ្ឋានកាន់តែធំ កាន់តែសំខាន់ជាងមុនយ៉ាងតិចក៏១២ដងដែរ… ជាពិសេសទៅទៀតនោះ បើគិតម្យាងទៀត យកចំនួនភាគរយនៃអ្នកបោះឆ្នោតមកប្រើទៅវិញ,គឺគណបក្សសង្គ្រោះជាតិ បានឃុំសង្កាត់តិចមែន ប៉ុន្តែចំនួនអ្នកបោះឆ្នោតតិចជាងគណប្រជាជនកម្ពុជាតែ៣-៤%តែបុណ្ណោះ, វាដូចជាគណបក្សសង្គ្រោះជាតិបានឆ្នោតប្រមាណជា៥០%សម្រាប់ការបោះឆ្នោត២០១៨រួចជាស្រេច។ នេះហើយដែលចំណេះគណបក្សប្រជាជន ជិះកខ្លួនឯង លាក់គេមិនជិតទេ ប្រើល្បិចចែកឃុំសង្កាត់ដើម្បីបានចំនួនច្រើនមកខាងខ្លួន តែចំនួនអ្នកបោះឆ្នោតនៅលើគោក បានបង្ហាញថាខុសគ្នាតែតិចជាង៥%សោះ, បើក្នុងរូបភាពប្រកួតមិនស្មើភាពគ្នា ដូចពេលនេះ ‹គណបក្សសង្គ្រោះជាតិគួរចាត់ទុកខ្លួនឯងថាឈ្នះឆ្នោតនោះបាត់ទៅហើយ›។
បើគណបក្សប្រជាជនមិនប្តើមមើលការពិត ឱ្យចំមុខពេលនេះទេ ហើយប្តើមធ្វើសកម្មភាពរក្សានិរន្តភាពរបស់ខ្លួន ចរចារជាមួយសង្គ្រោះជាតិរករូបមន្តដើម្បីរស់បន្តរទៅទៀតទេ នៅតែមួយឆ្នាំទៀតតែប៉ុណ្ណោះគណបក្សនេះអាចនឹងរលាយបាន មិនថាខ្លួនចង់ក្រាញអំណាចទៅរួចនោះទេ។ សូមមើលតែប៉ុណ្ណេះ ថាគណបក្សប្រជាជនចង់សម្លាប់គណបក្ស‹ជាតិខ្មែរ› ចង់សម្លាប់គណបក្ស‹សមរង្សី› ចង់សម្លាប់គណបក្ស‹សង្គ្រោះជាតិ›ចង់បុន្មានឆ្នាំហើយ? តែស្រមោលនៃការប្រឆាំងដ៏រឹងមាំ នៅតែអន្ទោលតាមប្រាណអ្នកដដែល, បន្ទាប់ពីឆ្នាំ២០១៣មកទៀត ចង់សម្លាប់គណបក្ស‹សង្គ្រោះជាតិ›ចង់សម្លាប់‹សមរង្សី› ចង់សម្លាប់‹កឹមសុខា› តែស្រមោល សម រង្សីស្រមោល‹សង្គ្រោះជាតិ›នៅតែលងអ្នកទាំងកណ្តាលថ្ងៃ មិនព្រមទៅណាសោះ ! គួរឆ្ងល់ដែរឬទេថា ហេតុអ្វីបានអាត្មាអញ មានអ្វីៗទាំងអស់ហើយ បែរជាទៅចាញ់គណបក្សសង្គ្រោះជាតិដ៏កំព្រួកនោះទៅវិញ? បើឆ្លើយនឹងសំនួរនេះរួច អ្នកនឹងដឹងថា ចំណុចស្លាប់របស់អ្នកមាន៣យ៉ាង គឺ១-សម្លាប់ខ្លួនឯងដោយក្តីឈឺចាប់ក្នុងចិត្ត ២-ស្លាប់ដោយសារអ្នកមានទោស ព្រោះបានប្រព្រឹត្តអំពើឧក្រឹដ្ឋច្រើនពេក ៣-ស្លាប់ដោយរីងរៃ ដូចក្រុមខ្មែរក្រហម ឬហ្វុនស៊ិនបិច ដោយគ្មានអ្នកគាំទ្រ។
ឃើញលោក កឹម សុខា ខឹតខំពុះពារដឹកនាំការឃោសនាសង្គ្រោះជាតិតែម្នាក់ឯងមែន តែស្រមោលលោក សម រង្សី ថ្វីត្បិតតែគ្មានមុខងារជាប្រធាន បានត្រូវម្ចាស់ឆ្នោតឃើញថានៅជាមួយគ្នាជានិច្ច នេះជាកម្លាំងបំបែកមិនបាននៃសង្គ្រោះជាតិ, ដែលលោក ហ៊ុន សែន ព្យាយាមបំបែកខ្លាំងណាស់តែធ្វើមិនបាន។ ខែមិថុនា២០១៧ ចម្ងាយផ្លូវនៅតែតិចជាង៥%នៃលទ្ធផលផ្លូវការទៀតប៉ុណ្ណោះ សង្គ្រោះជាតិនៃ‹កឹមសុខា-សមរង្សី›នឹងទៅដល់គោលដៅកាន់អំណាចប្រទេស នាខែកក្កដា២០១៨ ក្នុងឱកាសបោះឆ្នោតសាកល, ជាមួយនឹងសង្គ្រោះជាតិចេះតែឡើង រីឯគណបក្សប្រជាជនចេះតែចុះ ជាមួយនឹងការចុះឈ្មោះបោះឆ្នោតបន្តរ(ប្រមាណ២លាននាក់)ទៅទៀតនោះ, គណបក្សប្រជាជនកម្ពុជាដឹងខ្លួនជាងនរណាទាំងអស់ ថាខ្លួនមុខជានឹងត្រូវប្រជាពលរដ្ឋ‹បរាមុខ› គេនឹងប្តូរអ្នកកាន់អំណាចចាស់ចេញឱ្យទាល់តែបាន មិនថាមានគម្រាមថា‹មានសង្គ្រាមឬអត់›នោះទេ។
យើងគួរមានមោទនភាពណាស់ នឹងឃើញប្រជាពលរដ្ឋខ្មែរ កំពុងកាន់វាសនាកម្ពុជាដោយខ្លួនឯង យ៉ាងច្បាស់លាស់នឹងរឹងមាំ។សន្លឹកបោះឆ្នោតលើកនេះ បានបង្ហាញពីភាពចាស់ទុំជាម្ចាស់ឆ្នោត,គេសម្រេចចិត្តដើរទៅមុខមួយៗតែមិនរួញរា, គ្មានការភូតកុហកណាមួយ អាចកន្លងពីភ្នែកអ្នកទាំងនោះទេ, គេអាចទាក់ទងគ្នាឆ្លងទ្វីបបាន, គេអាចស្វែងរកមិត្រដែលអាចជួយគ្នាក្នុងគ្រាក្រ ជាពិសេសទៅទៀតនោះម្ចាស់ឆ្នោតមិនបានភ្លេចគុណដល់អ្នកស្នេហាជាតិ ដែលធ្លាប់បានតស៊ូដើម្បីគាំទ្រពួកគេទេនេះជារូបភាពនៃតម្លៃពលរដ្ឋអារីយប្រទេស ថ្វីត្បិតតែពលរដ្ឋខ្មែរនៅក្រនឹងរងការគាបសង្កត់ខ្ពស់ក៏ដោយ – គ.ជ.ប.ថ្មី បានបង្កើនសមត្ថភាពខ្លួន ក៏បានបង្ហើបផ្លូវជួយឱ្យសាធារណជនបានឃើញសមត្ថភាពពលរដ្ឋខ្មែរ ដែលចេះគ្រប់គ្រងសន្លឹកឆ្នោតជាម្ចាស់វាសនាខ្លួន ជាអ្នកសម្រេចយកគណបក្សដែលខ្លួនស្រឡាញ់បាន៕