Top Mobile Banner

ពីរសប្តាហ៍សម្រាប់ជួបក្រុមគ្រួសារនៅប្រទេសបារាំង

(តពីលេខមុន)

ទៅប្រទេសបារាំង លើកនេះគឺយើងមានបំណងទៅទស្សនានៅតំបន់ខាងជើងឈៀងខាងលិចនៃប្រទេសបារាំង គឺ‹ឡាប្រឺតាញ – La Bretagne›ម្តងទៀត បន្ទាប់ពីបានទៅកាលពី៣-៤ឆ្នាំមុន ដោយសារចង់ធ្វើដំណើរតាម‹រថភ្លើងដ៏លឿនបំផុតក្នុងលោក-TGV›ឱ្យបានយ៉ាងហោចណាស់ក៏បានម្តងដែរមុននឹងត្រឡប់មកអាមេរីកវិញ, តែមិនបានធ្វើទៅវិញ

ដោយឃើញតម្លៃធ្វើដំណើរវាខ្ពស់ពេល (ជាង៤០០អឺរ៉ូ ប្រមាណ៥០០ដុល្លា)ហើយម្យ៉ាងទៀតពេលវេលាបានខូចខាតច្រើនអស់៣-៤ថ្ងៃ នៅពេលចេញដំណើរពីបូស្តុនទៅហើយ យើងក៏ប្តូរដំណើរនោះទៅ‹ន័រម៉ងឌី- Normandie›ដែលនៅពាក់កណ្តាលផ្លូវ ជាផ្នែកតំបន់ទេសចរភាគខាងជើងឈៀងខាងលិច វិញម្តង គឺតាមរថយន្តដែលយើងជួល២០០ដុល្លាក្នុងរយពេល៥ថ្ងៃ។ តែមុននឹងចេញដំណើរនៅថ្ងៃស្អែកឡើង យើងឆ្លៀតឱកាសនៅរសៀលជួលឡានបាននោះ ទៅទស្សនាវិហ៊ារប្រវត្តិសាស្ត្របារាំង‹ណូត្រឺដាមដឺប៉ារីស-Notre Dame de Paris›នឹងសង្កាត់ដែលនៅក្បែរគ្នា គឺសង្កាត់‹កាជេឡាតាំង – Quartier Latin›ជាមុនសិន ។

២-វិហ៊ារណូត្រឺដាម នឹង កាជេឡាតាំងៈ នៅលើផ្លូវទៅកណ្តាលក្រុងប៉ារីសតាមមាត់‹ទន្លេសែន› យើងបានឈប់នៅ‹ទួអីហ្វែល› ដើម្បីថតរូប នៅកន្លែងដែលគ្រួសារលោក ផលរដ្ឋា យ៉ែម ទៅពីឡូវែលយើងដែរនោះទើបនឹងបង្ហោះតាម‹ហ្វេសប៊ុក›កាលពិខែមុន, រួចយើងបន្តរតែបន្តិចក៏ទៅដល់‹កោះឡាស៊ីតេ-Ile de la Cite›ដែលនៅកណ្តាលទន្លេសែន ទីនោះវិហ៊ារកាតីលិកជំនាន់សតវត្យទី១១ គឺ‹ណូត្រឺដាមដឺប៉ារីស›បានលេចធ្លោ ពោរពេញដោយមនុស្សម្នាមកទស្សនាកកកុញ មកទស្សនាវិហ៊ារនោះមិនដាច់។ គឺនៅកន្លែងនោះឯង ដែលជាចំណុចគីឡូមែត្រ‹សូន្យ›ដែលចេញពីនេះទៅ គេប្តើមរាប់ចម្ងាយឆ្ងាយឬជិត ពីទីកណ្តាលរដ្ឋធានីក្រុងប៉ារីស ទៅកាន់តំបន់ផ្សេងៗទៀត។  យើងបាននាំ ប៉ុណ្ណារ៉ូ ចូលទៅទស្សនារហូតដល់ភាគខាងក្នុងនៃព្រះវិហ៊ារ ពីព្រោះជាឈ្មោះ‹ណូត្រឺដាម›ជាឈ្មោះសាលាដែល ប៉ុណ្ណារ៉ូ្ កំពុងរៀនសព្វថ្ងៃ នៅឡូវែលនាសហរដ្ឋអាមេរីកនេះដែរ។ សំណង់ចាស់ឆ្នាំនៃជំនឿរបស់ជនជាតិបារាំង‹ណូត្រឺដាម› បានប្តើមតាំងពិសតវត្យទិ១១ (ស្មើគ្នានឹងជំនាន់សង់អង្គរវត្តដែរ)ហើយប្តូររូបរាង នៅកន្លែងដដែល រហូតមកដល់សតវត្យទិ១៩ ទើបកំណត់យករូបរាងជាចុងក្រោយដូចសព្វថ្ងៃនេះ។ នៅខាងក្នុង ភាពអស្ចារ្យនៃជំនឿមនុស្ស នៅរក្សាយ៉ាងពេញទំហឹង គឺពុំមែនជាប្រវត្តិនៃអតីតកាលទេ តែជាបច្ចុប្បន្នភាពនៃមនុស្សកំពុងតែជឿ… មនុស្សរាប់រយពាន់នាក់ ដើរបន្តរកន្ទុយគ្នាយ៉ាងស្ងប់ស្ងៀម ក្រេបជញ្ជក់ប្រវត្តិដ៏ត្រកាល នឹងជំនឿប្រចាំត្រកូល យ៉ាងយកចិត្តទុកដាក់នឹងសណ្តាប់ធ្នាប់ជាទម្លាប់។

វិហ៊ារ‹ណូត្រឺដាម›នៅប៉ារីសជាវិហ៊ារដ៏ល្បីល្បាញបំផុតនៅអឺរ៉ុប ដោយសារតែប្រវត្តិដ៍យូរលង់ នឹងឥទ្ធិពលនៃសាសនាកាតូលិកនៅក្នុងតំបន់ ដែលគ្របដណ្តប់លើនយោបាយនៃប្រទេសទាំងឡាយក្នុងតំបន់ នឹងគ្របដណ្តប់លើទំនៀមទម្លាប់នៃសង្គមមនុស្សទៀតផង ហើយអ្នកគ្រប់គ្រងនៃជំនឿនេះ ក៏មានមហិច្ឆិតាពង្រីកឥទ្ធិពលនៃសាសនានេះ ទៅលើពិភពលោកទាំងមូលទៀតផង។ នៅក្នុងវិហ៊ារដ៏ធំទូលាយ នោះ សិល្បៈថែររក្សារូបភាព រូបចម្លាក់ នឹងសម្ភារៈប្រើប្រាប់ បានត្រូវថែរទាំយ៉ាងប្រុងប្រយ័ត្ន ដូចជាសារមន្ទីមួយដែរ ដើម្បីការចងចាំដ៏ត្រឹមត្រូវរបស់សាធារណជនបារាំង។

‹សង្កាត់កាកជេឡាតាំង›នៅចំពីមុខវិហ៊ារ‹ណូត្រឺដាម› ឆ្លងទន្លេ‹សែន›តាមស្ពានចាស់មួយ ‹កាកជេឡាតាំង›ជាឈ្មោះសង្កាត់ដ៏ល្បីមួយនៃទីក្រុងប៉ារីស ដែលទេសចរ គេមិនសូវចោលមិនទៅទស្សនានោះទេ។ គេទៅមើលទេសភាព ប្រជាប្រីយនៃមនុស្សចម្រុះសាសន៍ ដែលមកកកកុញ តាមផ្លូវដែលមិនមានរថយន្តបើកបរ ទេសចរច្រើនតែជាយុវវ័យ ពីព្រោះជាតំបន់ដែលព័ទជុំដោយមហាវិទ្យាល័យធំៗនឹងល្បីល្បាញនៃទីក្រុងប៉ារីស ដូចជាមហាវិទ្យាល័យពេទ្យ សាកលវិទ្យាល័យ‹ស៊បោន› មហាវិទ្យាល័យប៉ារីស៦ នឹងប៉ារីស៧ ជាដើម។ គេទៅទីនោះដើម្បីភ្លក់ម្ហូបភ្ងក់ម្ហូបឈ្ងុយឆ្ងាញ់នៃជនជាតិ ក្រិក ឥណ្ឌា ស្បានីស ចិន ជប៉ុន…ណឹងសញ្ជាតិច្រើនទៀត, ដែលជាហាងតូចៗនៅជាប់គ្នា ប្រជែងសម្ផស្សនឹងក្លិនម្ហូប, គេក៏ទៅទិញរបស់អនុស្សវរីយចម្លែកៗ, ឬទិញសៀវភៅចាសចម្រៀងចាស់ឆ្នាំដែលនៅសែសសល់ ឬក៏ទៅស្តាប់ចម្រៀងដែលនៅមានប្រជាប្រីយភាពរបស់មនុស្សជំនាន់ចាស់… ទាំងនោះជារូបភាពនៃទីផ្សារជំនាន់មុនដែលនាំអារម្មណ៍ទេសចរឱ្យត្រឡប់ចូលទៅកាន់ ពិភពនៃអតីតកាលមួយរយៈបាន។

និស្សិត, សិល្បករ, ពាណិជ្ជករដឹករទេះ, តែងតែមកបញ្ចញស្នាដៃ នៅទីធ្លាម្តុំនោះ នៃរថភ្លើងក្រោមដីឈ្មោះ‹មេត្រូឡាស៊ីតេ›ទាក់ទាញក្រសែភ្នែកសាធារណជន ធ្វើឱ្យកាជេឡាតាំង ប្តូរបរិយាកាស ប្តូរពណ៌នៃអារម្មណ៌ ធ្វើការទទួលការចងចាំពីតំបន់នេះខុសៗគ្នាទាំងអស់ នឹងធ្វើឱ្យទេសចរចង់ត្រឡប់ទៅទីនោះវិញ ស្ទើរគ្រប់គ្នា។

ស្អែកឡើងយើងមិនភ្លេចស្រស់ស្រូបពេលព្រឹករបស់យើង នៅហាងកាហ្វេតូចច្រឡឹងមួយ នាចំណតរថភ្លើងជនបទដ៏ស្ងាត់ជ្រងុំមួយ តែអ៊ូអរក្នុងហាង ដោយអ្នកស្រុកទំនេរពីកាងារមកចាក់‹ការប្រណាំងសេះ›នៅទីនោះ។ ទិដ្ឋភាពជាគ្រួសារ គេ‹បុស៊ួរ›គ្នា គេ‹ឃិះ›គ្នាជជែកពីមេឃល្អនាព្រឹកនេះ ពីសេះដែលរត់ឈ្នះពីម្សិលមិញ… ចំណែកយើងបីនាក់នឹងបងប្រុសជាម្ចាស់ផ្ទះទទួលយើង នាំគ្នាទៅទិញនុំប៉ាំង‹ក្រុសង់›ក្តៅៗមកហូបនៅហាងកាហ្វេ នៅជាប់គ្នា ជាមួយអារម្មណ៍ជាអ្នកស្រុក‹ឆន់តឺលូឡេវីញ› គួរឱ្យរំភើបពេកណាស់។

ម៉ោង១១ហើយ យើងចេញដំណើរទៅ‹ណ័រម៉ង់ឌី›ដំបន់ទេសចរបារាំងដ៏ធំមួយ តែល្បីនៅអាមេរីកនេះដោយសារចម្បាំងលោកលើកទី២ ដែលសម្ព័ន្ធមិត្តរំដោះប្រទេសបារាំងពីដៃ‹អាល្លឺម៉ង់›ប្តើមវាយឆ្មក់ពិទិនោះទៅ រហូតដល់បានជោគជ័យជាស្ថាពរ…។

(នៅមានតទៅលេខក្រោយទៀត)

ព័ត៌មានទាក់ទង