ដោយ ពិន សំខុន
ធ្វើដំណើរពីកំពុងផែនេសាទ‹កាបួ› តែប្រមាណកន្លះម៉ោងប៉ុណ្ណោះក៏មកដល់ទីក្រុង‹ដូវិល› ទិក្រុងនេះល្បីល្បាញដោយអ្នកអប្សុកដោយកាងារដ៏គួរឱ្យធុញថប់ គេមកលេងស្បែងស៊ីសងនៅ‹កាស៊ីណូ›ដែលមិនសូវមានច្រើនដូចនៅឯស្រុកអាមេរីកនេះ
ទេ ហើយម៉្យាងទៀត ក៏ជាឆ្នេរខ្សាច់សមុត្រសម្រាប់គេមកលំហែរកាយផងដែរ, ពិធីសំខាន់ៗនៃប្រទេសបារាំង ច្រើនរៀបចំនៅទីនោះ ដូចជាការប្រឡងប្រជែង‹ហ្វេសទីវ៉ាល់›នៃភាពយន្តទើបនឹងចេញថ្មីៗ គេច្រើនធ្វើនៅទីនោះ ម្លោះហើយគេតែងជួបតួឯកកុនដ៏ល្បីៗ តែងដើរតៃផ្លូវ កំសាន្តនៅទីនោះ ដូចជា ‹អាឡាំង ឌឺឡុង› ឬក៏ ‹ប្រីហ្សីត បាកដូ› …ជាដើម ហើយតួរឯងកុនទាំងនោះ ក៏ល្បីទៅដល់ស្រុកខ្មែរយើងផងដែរ។ យើងនាំគ្នាដើរកាត់មុនសណ្ឋាគារ-កាស៊ីណូដ៏ធំជាងគេ នៃភាគខាងជើង ស្រុកបារាំង ហើយគុំថានឹងចូលកំសាន្តនៅពេលល្ងាចឡើង ពីព្រោះខ្ញុំក៏ខានលេងល្បែងបៀ‹ប្លាក់ចាក់›ជាយូរបន្តិចហើយដែរ។
ទីក្រុងដ៏ល្បី ហើយស្រស់ស្អាត មានសួនច្បារផ្កាគ្រប់ពណ៌ មានផ្ទះសម័យសង់តាមគំរូបូរាណ គួរឱ្យចង់ថតរូបទុកជាអនុស្សវរីយ៍ មិនមានចន្លោះកន្លែងសោះ, ជាពិសេសដើរកំសាន្តក្នុងផ្សារណាត់ ដែលមានរបស់របរក្នុងតំបន់ប្លែកៗ ទាំងបន្លែបង្ការ ផ្លែឈើ គ្រឿងសិប្បកម្ម ម្ហូបអាហារគួរឱ្យស្រក់ទឹកមាត់ ជាពិសេសនៅថ្ងៃត្រង់ ដែលពោះកំពុងឃ្លានឆេវៗនៅឡើយ ធ្វើឱ្យខ្ញុំនឹកឃើញពាក្យចាស់ៗតែងពោលថា ‹កុំទៅផ្សារទិញម្ហូបចំណីនៅពេលឃ្លាន› ពាក្យនោះគេពន្យល់ថា‹អ្នកទៅទិញបានតែម្ហូបដែលឆ្ងាញ់សម្រាប់តែមាត់ខ្លួនឯង ពុំសម្រាប់មាត់មនុស្សគ្រប់គ្នានៅក្នុងគ្រួសារទេ›។ សូបិនបានចូលទៅតូបមួយដែលគេលក់តែ‹ហ្រូម៉ាស›ឬក៏‹ឈីស ›ជាភាសាអងគ្លេស ដែលអាខ្លះក៏គ្មានក្លិន អាខ្លះធំក្លិនដូចខ្លិន
ស្រោមជើងគឺ‹កាម៉មប៊ែ› អាខ្លះទៀតឆ្អេះដូចទឹកនោមពពែគឺ‹ស្ហែវ› តែអានោះហើយដែលថ្លៃជាងគេ អាថ្លៃបន្ទាប់មកគឺអាក្លិនស្រោមជើងនោះឯង … គេឱ្យយើងភ្លក់ទំនិញរបស់គេ ឃើញថាឆ្ងាញ់មែន! មិនមែនជារបស់ខូច ដូចយើងសង្ស័យនោះទេ, សូបិនបានបញ្ជាឱ្យកាត់‹ឈីស›១ដុំពីអាធំដូចកង់ឡាន ចំនួន៣ផោន សម្រាប់យកមកស្រុកអាមេរីក រួមទាំង‹ឈីស›ផ្សេងៗ២-៣មុខទៀត បូកទាំងទិញស្រាក្រហម ធុន‹ប័រដូ›កំរឹតខ្ពស់ពិសេស៣-៤ដបផង។
នៅថ្ងៃចេញដំណើរត្រឡប់មកក្រុងប៉ារីសវិញ គ្រួសារយើងឆ្លៀតឱកាសនាព្រឹកនោះសំដៅទៅផ្សារគ្រឿងសមុត្រ ដែលបង្កងបង្គារ ខ្ចៅ-ខ្យង-ត្រី ទើបមកដល់ថ្មីៗចុះពីកប៉ាល់នេសាទ យើងគិតថាបំរុងនឹងទិញ
របស់ទាំងនោះយកមកប៉ារីស ហើយហូបជួបជុំគ្រួសារនាពេលល្ងាចនេះតែម្តងពេលទៅដល់វិញ…ក៏ប៉ុន្តែយើងទប់នឹងភ្លក់គ្រឿងសមុទ្រទាំងនោះមិនបាន ក៏បញ្ជាឱ្យយកគ្រុំស្រុះថ្មីៗមួយចានគោមម្នាក់, ហូបនៅនឹងតុដែលរៀបទទួលភ្ញៀវនៅក្បែរនោះ, គ្មានចាប់ភ្លឹកពីភ្លៀងសលឹមស្រឹចៗ ដែលខ្យល់ជះមកលើយើងទេ, អស់មួយចានហើយ ថែម‹អយស្ទ័រ›ដែលស្រុកបារាំង គេបរិភោគមិនដែលចំអិនទេ បកនៅស្រស់ៗ ច្របាច់ក្រូចលើបន្តិច ហូបយ៉ាងមានរស់ជាតិជាមួយស្រាសមាម៉ាក‹អង់ត្រឺដឺម៊ែ›, សូបិនហូប‹អយស្ទ័រ›ឆៅរបៀបនេះជាលើកដំបូង ឃើញថាឆ្ងាញ់ណាស់ ថែមទាំងមានបង្គារចំអិនក្តៅៗ មានខ្ចង‹អុកលាំងៗ›ហូបយ៉ាងចំឡែកមាត់ តែឆ្ងាញ់គួរឱ្យចងចាំណាស់។ អ្នកលក់ទំនិញដែលមានគ្រួសារជាអ្នកនេសាទ មានការរស់រាយរាក់ទាក់ណាស់ សូម្បីតែសូបិនមិនអាចនិយាយបារាំងបាន ក៏មានការទាក់ទងគ្នាបានដែរ ហេតុនោះហើយបានជាយើងចេញមកវិញ ទំនិញសម្រាប់ផ្ញើរបងប្អូន នៅពេញដៃ។
យើងបានចេញដំណើរប្រមាណជាម៉ោង៣ គិតថានឹងទៅដល់ផ្ទះវិញនៅម៉ោង៥-៦ តាមផ្លូវតូចខ្លះ ផ្លូវ‹ហាយវេ›ខ្លះ ដើម្បីឆ្លៀតឱកាសមើលទេសភាពដ៏ត្រកាលតាមផ្លូវ ពេលខ្លះក៏ឃើញកន្លែងស្អាតពេក ក៏ឈប់ឡានថតរូប។ យើងជិះឡាន‹រឺណូ›បារាំងជំនាន់ចុងក្រោយបង្អស់ ដែលបញ្ជាស្ទើតែគ្រប់ចលនាបាន លើកលែងតែកាន់ចង្កូត មានសុវត្ថភាពខ្ពស់ ជាពិសេសយើងជួលបានក្នុងតម្លៃតិចជាង៥០អឺរ៉ូក្នុងមួយថ្ងៃទៀតផង។
យើងបានមកដល់ផ្ទះនៅ‹ឆនតឺលូឡេវិញ›ជាយក្រុងប៉ារីស មិនឆ្ងាយប៉ុន្មានពីប្រាសាទ‹វែសាយ› យ់ាងរីករាយនាប្រមាណម៉ោង៧ល្ងាច ក៏ប្រកូកហៅបងប្អូនកូនក្មួយ ដែលមានផ្ទះនៅក្បែរគ្នា ឱ្យមកចូលរួមចំណែកអាហារពេលល្ងាចនាំមកពីសមុត្រ ជួបជុំគ្រួសារ ជាចុងក្រោយមុននឹងលាគ្នានៅថ្ងៃស្អែក ហោះហើរមកកាន់ទ្រនុំនៅ‹បូស្តុន›វិញ។