កម្លាំងអាវុធហត្ថរាជធានី ធើ្វការស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើង០៦នាក់ បញ្ជូនទៅកាន់តុលាការ ក្រោយពាក់ព័ន្ធករណីបង្កហិង្សាយកដុំថ្មគប់ទៅជនរងគ្រោះបណ្ដាលឲ្យរងរបួស ភ្លាមៗកម្លាំងអាវុធហត្ថបានចុះទៅអន្តរាគមន៍នៅទីតាំងកន្លែងកើតហេតុ។
កាលពីវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង០១ក្រុម មានគ្នា ០៩នាក់ មធ្យោបាយម៉ូតូ ០៤គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើ ជនរងគ្រោះបណ្ដាលឲ្យរងរបួសចំកែងដៃខាងឆ្វេង នៅចំណុច ហាងកាហ្វេយីហោស្លូកាហ្វេ តាមបណ្ដោយផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះក៏ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលកំពុងល្បាតនៅទីនោះ បានចុះមកអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យជាក្មេងទំនើងបានម្នាក់ ឈ្មោះ ថាន់ ចិន្ដាឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
រហូតមដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តសហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ធ្វើការចាប់ខ្លួន ចំនួន០៥នាក់បន្ថែមទៀត រួមមាន៖ ឈ្មោះ ផល លីហួ ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ ថន រ័ត្នរិទ្ធិយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ បូ កែវវាសនា ភេទប្រុស អាយុ១៩ឆ្នាំ, ឈ្មោះ នី វិសាល ភេទប្រុស ឆ្នាំកំណើត ២០០៧ ជនជាតិខ្មែរ មុខរបរ សិស្ស ស្រុកកំណើត ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ, ឈ្មោះ ចាប ថៃ ភេទប្រុស អាយុ១៨ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៦នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន។
ក្មេងទំនើងទាំង០៦នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕



